បុរសជាសង្សារ ត្រូវស្លាប់ ខាងស្រី រងរបួសធ្ងន់ ខណៈម៉ូតូពួកគេ ត្រូវរថយន្តបុក

8/27/2014 0 Comments A+ a-

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ឯនារីជាសង្សារបានរងរបួសធ្ងន់ ខណៈដែលម៉ូតូ របស់ពួកគេ ត្រូវបានរថយន្តមួយគ្រឿង បុកយ៉ាងពេញទំហឹង នៅម៉ោងប្រមាណ ១២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុចមុខស្តុបជលផល ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មន្រ្តីនគរបាល បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ វ៉ា រដ្ឋា អាយុ២១ ឆ្នាំ មុខរបរ ជាជាងសំណង់ មាន ស្រុកកំណើតនៅភូមិត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ហើយបច្ចុប្បន្ននេះ ស្នាក់នៅក្រុមតាខ្មៅ ចំណែកឯនារីរងគ្រោះ នៅមិនបានបញ្ជាក់អត្តសញ្ញាណនោះទេ ។
អ្នកដំណើរ ដែលឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រមាណ ១២ កណ្តាលអាធ្រាត្រនេះ គូរស្នេហ៍មួយគូនេះ បានជិះម៉ូតូអាយខុន ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1AH-9951 ឌុបគ្នា តាម ផ្លូវព្រះនរោត្តម ពីត្បូងទៅជើង លុះមកដល់ស្តុបជលផល រថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកពីផ្លូវម៉ៅសេទុង បុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដួល អ្នកបើកម៉ូតូ ត្រូវបោកក្បាលនឹងថ្នល់ ធ្លាយខួរ ស្លាប់ភ្លាមៗ ឯនារីជិះពីក្រោយ បោកក្បាលនឹងថ្នល់ដូចគ្នារងរបួសធ្ងន់ ។ ដោយឡែករថយន្តបង្កនោះ បានជិះរត់គេចខ្លួនបាត់តែម្តង ។
បន្ទាប់ពីត្រួតពិនិត្យកន្លែងកើតហេតុរួចមក កម្លាំងជំនាញ បានយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាន នគរ បាលខណ្ឌចំការមន ដើម្បីរង់ចាំក្រុមគ្រួសារសាច់ញាតិមកដាក់ពាក្យបណ្តឹង និងចាត់ការតាមនីតិវិធី៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news