ពលរដ្ឋងឿងឆ្ងល់ និងសោកស្តាយ ចំពោះការកាត់ដើមត្នោត នៅខាងមុខប្រាសាទអង្គរវត្ត

8/02/2014 0 Comments A+ a-

10460សៀមរាប៖ ប្រជាពលរដ្ឋកម្ពុជា និងបណ្ដាញសង្គម ហ្វេសប៊ុក មានការងឿងឆ្ងល់ និងសោកស្តាយ យ៉ាងខ្លាំងព្រមទាំង មិនយល់ពីគោលបំណងថា ហេតុអ្វីបានជាគេ សម្រេចចិត្តកាត់ដើមត្នោត ដែលជាអត្តសញ្ញាណជាតិ និងជាដួងព្រលឹងជាតិ ខ្មែរ ចំនួនពីរដើមចេញពីនៅខាងមុខប្រាសាទអង្គរវត្ត​។
បើតាមអ្នកលក់ដូរ នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត ក៏ដូចជា មគ្គុទ្ទេសក៏ទេសចរ មួយចំនួន បានប្រាប់អ្នកយកព័ត៌ មានថា ដើមត្នោតពីរដើមនេះ ត្រូវបានគេកាត់កាល ពីវេលាប្រមាណជា ៩ និង ០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៤។ ពួកគាត់មានការងឿងឆ្ងល់ និងសោកស្តាយ យ៉ាងខ្លាំង ព្រមទាំងមិនយល់ពី គោលបំណង ថា ហេតុអ្វីបានជាគេ សម្រេចចិត្តកាត់ដើមត្នោតនេះ។
ពួកគាត់បន្ត លើកឡើងទៀតថា តើដើមត្នោតចំនួនប៉ុន្មានដើមទៀត ដែលគេត្រូវកាត់ ឬគេត្រូវកាត់ដើមត្នោត នៅខាង ក្នុងបរិវេណអង្គរវត្ត និងតាមប្រាសាទ នានាជាច្រើនទៀត នៅពេល ខាងមុខនេះ។ ព្រោះកាលពីមុនទៅ គេធ្លាប់កាត់ខ្លះៗ ហើយ ជាតម្រូវការ សម្រាប់ធ្វើចំណតរថយន្ដថ្មី និងផ្សារលក់ដូរនោះ នៅតំបន់ខាងមុខ ប្រាសាទអង្គរវត្ត នោះផងដែរ។
ចំពោះការកាត់ដើមត្នោត នៅខាងមុខប្រាសាទអង្គរវត្តនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និងបណ្ដាញសង្គម ហ្វេសប៊ុក មានការងឿងឆ្ងល់ និង សោកស្តាយ រួមទាំងមានការចោទ ប្រកាន់យ៉ាងធ្ងន់ៗ លើអាជ្ញាធរអប្សរាផងដែរ។
កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ខាងមន្ទីរទេសចរណ៍ខេត្ត បានរៀបចំធ្វើសន្និបាត បូកសរុបលទ្ធផល ការងារទេសចរណ៍ ប្រចាំឆមាសទី១ នៅសាលប្រជុំ សាលាខេត្ត សៀមរាប ដែលស្ថិតក្នុងអធិបតីភាពរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងក្នុងនោះក៏មានវត្តមាន របស់លោក សុខ សង្វា តំណាងឲ្យខាងអាជ្ញាធរអប្សរាផងដែរ។
ក្នុងអង្គសន្និបាតនោះមគ្គុទ្ទេសក៍ទេសចរម្នាក់ លោកបានលើកឡើងថា សុំឲ្យអាជ្ញាធរអប្សរា កាត់ដើមត្នោតដែលដុះអម សង្ខាងផ្លូវដើរ (រានហាល) ខាងក្នុងបរិវេណ ប្រាសាទអង្គវត្តចេញ ដែលដើមត្នោតទាំងនេះ ដុះក្នុងអាយុកាលប្រមាណ ជាខ្ទង់ ២០-៣០ឆ្នាំ ព្រោះបើទុកដើមត្នោតទាំងនេះ នាំឲ្យបាំងទស្សនីយភាពអង្គរ ពិសេស នៅពេលទស្សនាព្រះអាទិត្យរៈ នាពេលព្រឹកព្រលឹម ។
នៅក្នុងអង្គសន្និបាទនោះដែរ លោក សុខ សង្វា ដែលតំណាងឲ្យអាជ្ញាធរអប្សរា បានឆ្លើយតប និងចំណុចនេះថា លោក នឹងយកសំណើនេះទៅពិភាក្សា រួមនិងជម្រុញឲ្យ មានការសិក្សា ស្រាវជ្រាវ ជាមួយក្រុម អ្នកបច្ចេកទេស ពាក់ព័ន្ធរបស់ អាជ្ញាធរអប្សរា អំពីបញ្ហានេះ។
ទោះជាយ៉ាងណា រហូតមកដល់វេលា ម៉ោងជាង ៥និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ មិនទាន់បានទទួលដំណឹង ឬក៏បានទាក់ទងជាមួយមន្ត្រី ឬអគ្គនាយកអាជ្ញាធរអប្សរា សម្រាប់ការ បកស្រាយទាក់ទង និងបញ្ហាកាត់ដើមត្នោតនេះ នៅឡើយទេ បន្ទាប់ពីអ្នកសារព័ត៌មាន បានទទួលដំណឹងថា មានគេកាត់ដើមត្នោត នៅខាងមុខបរិវេណ ប្រាសាទអង្គរវត្ត រួចក៏បានទៅមើលជាក់ស្ដែង នៅកន្លែងនោះ ឃើញថា មានកាត់ដើមត្នោត ពិតប្រាកដមែន៕
10460
1041
103513
ប្រភពពី Free Press Magazine