២គូ​យប់​នេះ! អាល្លឺម៉ង់​ឈឺ​ ៧នាក់​មុន​ជួប​បារាំង ឯ​ Neymar ជា​របួស​​មុន​ជំនួប​ប្រេស៊ីល-កូឡុំប៊ី

7/04/2014 0 Comments A+ a-

២គូ​​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​យប់​នេះ នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​រូង​ភ្នែក​មិន​ខាន ត្បិត​អី​ជា​គូ​ខ្លាំង​​ដែល​មិន​មើល​ប្រាកដ​ជា​ស្ដាយ។ ម៉ោង១១យប់ ក្រុម​ជើង​ឯក​ឆ្នាំ​១៩៩៨ បារាំង ប៉ះ​ជើង​ឯក​៣​សម័យ​ អាល្លឺម៉ង់ ខណៈ​ម៉ោង​៣​ទៀប​ភ្លឺ ក្រុម​ម្ចាស់​ផ្ទះ​ជើង​ឯក​៥សម័យ ប្រេស៊ីល ស្វាគមន៍​គូ​ប្រជែង​រួម​ទ្វីប​អាមេរិក​ខាង​ត្បូង កូឡុំប៊ី។ តើ​២គូ​នេះ​ ២ក្រុម​ណា​ធ្លាក់ ២​ក្រុម​ណា​ឡើង​ទៅ​វគ្គ​ពាក់​​កណ្ដាល​ផ្ដាច់ព្រ័ត្រ?
តោះ! ចូល​រួម​វិភាគ​ជាមួយ Sabay ទាំង​អស់​គ្នា!
បារាំង vs អាល្លឺម៉ង់
មើល​ជើង​កីឡាករ
អាល្លឺម៉ង់ ​នឹង​ត្រូវ​អវត្តមាន​ខ្សែ​ការពារ Shkodran Mustafi ដោយ​សារ​របួស​​ភ្លៅ។ លើស​ពី​នេះ​ គ្រូ​បង្វឹក Joachim Low កំពុង​បារម្ភ​ដោយ​សារ​កីឡាករ​របស់​លោក​ដល់​ទៅ​៧នាក់ បាន​ឆ្លង​ជំងឺ​ផ្ដាសាយ ប៉ុន្តែ​​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ពោល​គឺ​ពួក​គេ​ទំនង​ជា​អាច​ចូល​លេង​បាន។
ចំណែក ​គ្រូ​បង្វឹក​បារាំង Didier Deschamps ប្រហែល​ជា​អាច​ដាក់ Antoine Griezmann ជំនួស​តំណែង Olivier Giroud រី​ឯ​ Karim Benzema អាច​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល។ ខ្សែ​ការពារ Mamadou Sakho អាច​លេង​បាន​វិញ​ ក្រោយ​ធូរ​ស្បើយ​ពី​របួស។
ធាតុ​ពិត​ខ្លះៗ​នៃ​​ក្រុម​ទាំង​២
ក្រុម ​ទាំង​២​មាន​ប្រវត្តិ​ជួប​គ្នា​ដល់​ទៅ​២៥ដង ដោយ​បារាំង​ឈ្នះ​១១ដង អាល្លឺម៉ង់ឈ្នះ​៨ដង និង​ស្មើ​គ្នា​៦ដង បារាំង​ស៊ុត​ចូល​៤១គ្រាប់ ឯ​អាល្លឺម៉ង់​ស៊ុត​ចូល​៤២គ្រាប់។
ក្នុង ​ចំណោម​២៥ដង​នោះ មាន​៣ដង​នៅ​ក្នុង​ World Cup គឺ​​បារាំង ឈ្នះ​៥-៣ នៅ​ World Cup ១៩៥៨, ស្មើ​ ៣-៣ នៅ World Cup ១៩៨២ (អាល្លឺម៉ង់​ឈ្នះ​ប៉េណាល់ទី ៥-៤), អាល្លឺម៉ង់ ឈ្នះ ២-០ នៅ World Cup ១៩៨៦។
បារាំង​ឆ្លង​ផុត​ពូល​៥ដង សុទ្ធ​តែ​អាច​បន្ត​​យ៉ាង​តិច​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​៥ដង (១៩៥៨, ១៩៨២, ១៩៨៦, ១៩៩៨, ២០០៦)។
​នេះ​ជា​លើក​ទី​៩ជាប់​ៗ​គ្នា​នៅ World Cup ដែល​អាល្លឺម៉ង់​អាច​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។
ប្រកួត​អន្តរជាតិ​១៥ដង​ចុង​ក្រោយ បូក​រួម​ទាំង​ World Cup ឆ្នាំ​នេះ​ផង អាល្លឺម៉ង់​មិន​ទាន់​ចាញ់​ម្ដង​ណា​ឡើយ (ឈ្នះ​១០ ស្មើ៥)។
ប្រេស៊ីល vs កូឡុំប៊ី
មើល​ជើង​កីឡាករ
ខ្សែ ​ប្រយុទ្ធ​ប្រេស៊ីល Neymar នឹង​អា​ច​លេង​បាន​វិញ ក្រោយ​ជា​ពី​របួស​ភ្លៅ និង​ជង្គង់​។ លោក Luiz Felipe Scolari នឹង​ត្រូវ​អវត្តមាន​ខ្សែ​បម្រើ Luis Gustavo ដោយ​សារ​ជាប់បម្រាម ដូច្នេះ Paulinho អាច​នឹង​ចូល​លេង​ជំនួស។
រី​ឯ​ក្រុម​កូឡុំប៊ីវិញ មិន​មាន​បញ្ហា​របួស ឬ​កីឡាករ​ជាប់​បម្រាម​នោះ​ទេ។
ធាតុ​ពិតខ្លះៗ​​នៃ​ក្រុម​ទាំង​២៖
កូឡុំប៊ី អាច​ឈ្នះ​បាន​តែ​២ប្រកួត​ប៉ុណ្ណោះ​ក្នុង​ជំនួប​ទល់​នឹង​ប្រេស៊ីល ២៥ប្រកួត ខណៈ​ប្រេស៊ីលឈ្នះ​១៥ដង និង​ស្មើ​គ្នា​៨ដង។

ជ័យជម្នះ​ចុង​ក្រោយ​របស់​​កូឡុំប៊ី លើ​ក្រុម​ប្រេស៊ីល គឺ​តាំង​តែ​ពី​ឆ្នាំ​១៩៩១​ម៉្លេះ (ឈ្នះ ២-០ នៅ Copa America)។
ជំនួប​៤ដង​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២ សុទ្ធ​តែ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា។
ប្រេស៊ីល​មិន​ដែល​ចាញ់​សោះ​ក្នុង​៤១ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ដី​ខ្លួន​ឯង។
ព្យាករណ៍​របស់ Sabay៖
បារាំង ១-២ អាល្លឺម៉ង់
ប្រេស៊ីល ១- ០ កូឡុំប៊ី
ដោយ៖ សុខ សុវត្ថិ