ស្ងាត់ៗ សុវណ្ណ រ៉ាផា ឈានជើងថតកុន
កញ្ញា សុវណ្ណ
រ៉ាផា តារាម៉ូដែលប្រចាំនៅក្រុម Sapor Modeling បានបង្ហើបប្រាប់
Sabay ថា ឆាប់ៗខាងមុខនេះ នាង
នឹងចេញថតខ្សែភាពយន្តភាគមួយឲ្យស្ថានីយទូរទស្សន៍ CTN ដែលរឿងមួយនេះ
គឺជារឿងលើកដំបូងក្នុងអាជីពជាអ្នកសិល្បៈរបស់នាង។
រ៉ាផា បានឲ្យដឹងថា រឿងដែលនាងគ្រោងនឹងថតនោះ មានឈ្មោះថា “រនាតស្នេហ៍” ជាប្រភេទរឿងភាគ ដែលជាវណ្ណកម្មរបស់ផលិតកម្ម Rock ដោយមានទាំងអស់ ៦០ ភាគ។ រ៉ាផា មិនបានដឹងច្បាស់ ពីខ្លឹមសារនៃរឿងទាំងមូលឡើយ ព្រោះនាងមិនទាន់បានមើលឯកសារនៅឡើយ ប៉ុន្តែនាងបានដឹងខ្លះៗថា សាច់រឿងមួយនេះ ចង់និយាយពីគូស្នេហ៍មួយគូលើទឹកដីខេត្តសៀមរាបអង្គរ ក្នុងនោះ ក៏មានបញ្ចូលវគ្គសម័យ និង វគ្គ បុរាណ ចំណែកនាងត្រូវដើរតួជាកូនអ្នកមានម្នាក់។
រ៉ាផា បានឲ្យដឹងទៀតថា តាមគម្រោងរឿងមួយនេះ នឹងចាប់ផ្ដើមថតនៅក្នុងសប្ដាហ៍ទី ១ ឬ ទី ២យ៉ាងយូរ ក្នុងខែនេះ ហើយប្លង់ភាគច្រើន ត្រូវថតលើទឹកដីខេត្តសៀមរាបដែនដីអង្គរ ដោយត្រូវចំណាយពេលថត ប្រហែលជា ២ ខែ កន្លះ ហើយក្រោយពីថត និង កាត់តរួច នឹង ត្រូវយកទៅចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍ CTN ។
ទោះបីជាមិនបានក្ដាប់តំណែងតួឯកយ៉ាងណាក្ដី ប៉ុន្តែ តារាស្រីម្នាក់នេះ បានសម្ដែងអារម្មណ៍សប្បាយរីករាយជាខ្លាំង ត្បិតអី ការថតកុននេះ គឺបានប៉ងជាយូរណាស់មកហើយ។ ជាមួយគ្នានោះ រ៉ាផា បានប្ដេជ្ញាចិត្តថា និង ខិតខំឲ្យអស់ពីសមត្ថភាពមិនឲ្យអ្នកដឹកនាំខកបំណងឡើយ៕
អត្ថបទ៖ ខុត សីហា, sabay.