លោកកឹមសុខា ហៅអំពើហិង្សា ម្សិលមិញ ថាជារឿងដដែលៗ របស់សមត្ថកិច្ច CPP

7/16/2014 0 Comments A+ a-


kem-sokhaaa
ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានហៅអំពើហិង្សារវាងក្រុមអ្នកតវ៉ា និងសន្តិសុខ ខណ្ឌដូនពេញកាលពីម្សិលមិញថា ជារឿងដដែលៗបង្កឡើងដោយសមត្ថកិច្ច របស់គណបក្សប្រជាជនកម្ពុជា (CPP)។ លោក កឹម សុខា ក៏បានថ្កោលទោសចំពោះអំពើហិង្សានេះផងដែរ។
ការថ្លែងរបស់ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះ នាទី ស្នាក់ការកណ្តាលបក្សសង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុងឱកាសធ្វើសន្និសីទព័ត៌មាន សម្តែងចំណាប់អារម្មណ៍ ចំពោះការធ្វើបាតុកម្មហិង្សា របស់សមាជិកបក្សរបស់ខ្លួនកាលពីម្សិលមិញនេះ។
លោក កឹម សុខា ទោះបីដឹងថា ក្រុមអ្នកតវ៉ា ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានបង្កហិង្សាវាយដំរហូតរបួសស្នាមធ្ងន់ស្រាល ដល់សន្តិសុខខណ្ឌដូនពេញរហូតដល់ ៣៩នាក់យ៉ាងណាក្តី តែលោកមិនបានទទួលស្គាល់នូវទង្វើរបស់បក្ខពួកខ្លួន ហើយនៅតែបន្តទម្លាក់កំហុសទៅលើសមត្ថកិច្ចដដែល។
នៅក្នុងសន្និសីទនាព្រឹកនេះ លោក កឹម សុខា ក៏បានស្នើឲ្យអាជ្ញាធរមាន សមត្ថកិច្ចដោះលែងបេក្ខជនជាប់ ឆ្នោតទាំង ៥រូប ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ខណៈពួកគេត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅព្រឹកនេះដែរ។
លោក កឹម សុខា បានមានប្រសាសន៍ សន្និសីទស្តីពីចំណាប់អារម្មណ៍ចំពោះការធ្វើបាតុកម្មហិង្សា របស់សមាជិកបក្សរបស់ខ្លួន កាលពីម្សិលមិញថា «ប្រសិនបើសមត្ថកិច្ចរបស់គណបក្សប្រជាជនកម្ពុជា មិនព្រមដោះលែងបេក្ខជនជាប់ឆ្នោតទាំង៥នោះ បើបញ្ហាអ្វីកើតមានឡើង គណបក្សប្រជាជន ជាអ្នកទទួលខុសត្រូវដោយខ្លួនឯង»។
បេក្ខជនជាប់ឆ្នោតទាំង៥នោះ រួមមាន ទី១-លោក កែវ ភារម្យ ទី២-លោកស្រីមូរ សុខហួរ ទី៣ លោក ម៉ែន ថាវរិទ្ធ ទី៤- លោក ហូរ វ៉ាន់ និងទី៥ លោក រៀល ខេមរិន្ទ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៨ និង៣០នាទី អ្នកស្រី មូរ សុខហួរ បានដឹកនាំយុវជនជាង ១០០នាក់ ទៅទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងរំដោះ ទីលានប្រជាធិបតេយ្យ ក្នុងនោះមានគ្រវីទង់ជាតិ កម្ពុជា ហើយក៏បានប៉ះសម្តីគ្នា ជាមួយក្រុមសន្តិសុខ រហូតបង្កឲ្យមានអំពើហិង្សា ដោយ ក្រុមយុវជន គណបក្សសង្គ្រោះជាតិ បានយកដបទឹកសុទ្ធ និងដំបងដែលមានចងទង់ជាតិ ទៅគប់លើក្រុមសន្តិសុខ បណ្តាលឲ្យពួកគេ រងរបួសធ្ងន់ស្រាល រហូតទៅដល់៣៥នាក់ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com