អង្គការការពារសិទ្ធិ ជនជាតិភាគតិចអំពាវនាវ ឲ្យការតវ៉ាមុខទូតវៀតណាម កុំប្រើហិង្សា
ការអំពាវនាវនេះ
ធ្វើឡើងបន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាងកងសន្តិសុខស៊ីឈ្នួល
សាលាខណ្ឌដូនពេញ ជាមួយបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ
កាលពីពេលថ្មីៗនេះ និងក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា
កំពុងចាត់វិធានការទប់ស្កាត់ការប្រមូលផ្តុំធ្វើបាតុកម្ម
និងការតវ៉ានានា។
អង្គការការពារសិទ្ធិជនជាតិភាគតិច
ក៏អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម
បញ្ជាក់ឲ្យបានច្បាស់ជាសាធារណៈ
ជុំវិញបញ្ហាប្រវត្តិសាស្ត្រខ្មែរក្រោមនេះ
ដើម្បីបញ្ចៀសកុំឲ្យមានជម្លោះជាតិសាសន៍កើតមានឡើងរវាងប្រជាជាតិ
ទាំងពីរ។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិជនជាតិ
ភាគតិច លោក អាង ច័ន្ទឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៩ កក្កដា
អំពាវនាវឲ្យកងកម្លាំងអាជ្ញាធររដ្ឋាភិបាល
បញ្ចៀសនូវរាល់អំពើហិង្សាក្នុងពេលដែលមានការប្រមូលផ្តុំគ្នារបស់
យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅមុខស្ថានទូតវៀតណាម។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិជនជាតិ
ភាគតិចរូបនេះ ក៏ជំរុញឲ្យអាជ្ញាធររដ្ឋាភិបាល ធានានូវនីតិរដ្ឋ
និងគោរពសិទ្ធិសេរីភាពបញ្ចេញមតិ
ព្រមទាំងសិទ្ធិប្រមូលផ្តុំដោយសន្តិវិធីរបស់ពលរដ្ឋ។
ព្រមជាមួយគ្នានេះ លោក អាង ច័ន្ទឫទ្ធិ ក៏អំពាវនាវឲ្យក្រុមអ្នកតវ៉ា
ប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សាផងដែរ។
ជុំវិញប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម
វិញ លោក អាង ច័ន្ទឫទ្ធិ កត់សម្គាល់ថា
ការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា
កាលពីពេលកន្លងមក ជាការបំភ្លៃប្រវត្តិសាស្ត្រដ៏គ្រោះថ្នាក់មួយ
ហើយដែលលោកថា
អាចបង្កឲ្យមានភាពរំជើបរំជួលក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលវៀតណាម
មិនព្រមបញ្ជាក់ឲ្យបានច្បាស់លាស់អំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជា
ក្រោម ទេនោះ លោកខ្លាចក្រែងតែកំហឹងជាតិសាសន៍អាចនឹងផ្ទុះឡើង
ហើយពេលនោះ អ្នកដែលរងផលប៉ះពាល់នោះ គឺជនជាតិវៀតណាម
ដែលកំពុងរស់នៅលើទឹកដីកម្ពុជា នេះ។ កត្តានេះហើយ ទើប លោក អាង
ច័ន្ទឫទ្ធិ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា
កោះអញ្ជើញមន្ត្រីរដ្ឋាភិបាលវៀតណាម ដើម្បីពិភាក្សាអំពីស្ថានភាពនេះ
ហើយប្រទេសវៀតណាម ខ្លួនឯង ក៏ត្រូវទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោម
គឺជាអតីតរបស់កម្ពុជា។
លោក អាង ច័ន្ទឫទ្ធិ៖ «អង្គការការពារសិទ្ធិ
ជនជាតិភាគតិចយើងខ្ញុំមានការព្រួយបារម្ភ
ចំពោះអ្វីដែលរដ្ឋាភិបាលវៀតណាម កំពុងតែធ្វើសព្វថ្ងៃហ្នឹង
វាឈានទៅដល់ការប៉ះពាល់ដល់ផលប្រយោជន៍ ហើយនិងប្រជាជនវៀតណាម
មួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយមួយទៀត
គឺយើងទាមទារឲ្យរដ្ឋាភិបាលវៀតណាម ហ្នឹង
ត្រូវតែទទួលស្គាល់នូវការពិត ប្រសិនបើយើងមិនទទួលស្គាល់អ៊ីចឹង
យើងអាចក្លាយជាចោរប្រវត្តិសាស្ត្រ»។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិសហគមន៍
ជនជាតិភាគតិចនៅកម្ពុជា រូបនេះ ក៏កត់សម្គាល់ដែរថា
ការកាឡៃប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម
អាចនឹងធ្វើឲ្យមានការរំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា
ក្រោម ជាពិសេស គឺសិទ្ធិសង្គម និងវប្បធម៌របស់ពួកគេ។
ទាក់ទងនឹងបញ្ហាប្រវត្តិសាស្ត្រទឹកដី
កម្ពុជាក្រោម នេះដែរ ក្រុមប្រឹក្សាជនជាតិដើមនៅក្នុងប្រទេសវៀតណាម
ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីពេលថ្មីនេះ
បានថ្កោលទោសចំពោះសកម្មភាពមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលវៀតណាម
នេះ
ហើយបានសម្ដែងការគាំទ្រចំពោះការទាមទាររបស់អង្គការសមាគមខ្មែរ
កម្ពុជាក្រោម ដែលឲ្យរដ្ឋាភិបាលវៀតណាម
ទទួលស្គាល់ប្រវត្តិសាស្ត្រកម្ពុជាក្រោម។
ក្រុមប្រឹក្សាជនជាតិដើមនៅក្នុងប្រទេស
វៀតណាម ដែលជាអង្គការតំណាងឲ្យជនជាតិចំនួន៣០ នៅវៀតណាម
រួមមានខ្មែរក្រោម ជនជាតិចាម និងជនជាតិម៉ុងតាញ៉ា ជាដើម
បានចាត់ទុកការលើកឡើងរបស់មន្ត្រីវៀតណាម ថាមានគោលបំណងនយោបាយ
ហើយថាការលើកឡើងនេះ ពុំមានតម្លៃផ្នែកច្បាប់ជាក់ស្តែងឡើយ។
អង្គការនេះបញ្ជាក់ថា សកម្មភាពរបស់រដ្ឋាភិបាលវៀតណាម
បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកុម្មុយនីស្តមួយនេះ
កំពុងគេចវេសពីការទទួលយកកាតព្វកិច្ចអន្តរជាតិ
ចំពោះជនជាតិដើមដែលកំពុងរស់នៅក្នុងប្រទេសរបស់ខ្លួន។
ក្រុមប្រឹក្សាជនជាតិដើមនៅក្នុងប្រទេស
វៀតណាម ក៏អះអាងដែរថា
គ្មានអ្នកប្រវត្តិសាស្ត្រណាម្នាក់ធ្លាប់បានបដិសេធថា ប្រទេសវៀតណាម
សព្វថ្ងៃ បង្កើតឡើងដោយទឹកដីនៃជនជាតិចំនួន៥៣ផ្សេងទៀតនោះឡើយ។
ប្រការនេះហើយ ទើបអង្គការតំណាងជនជាតិដើមនៅវៀតណាម មួយនេះ
អំពាវនាវឲ្យគ្រប់ជនជាតិដើមនៅវៀតណាម ទាំងអស់
រួបរួមគ្នាក្នុងសំឡេងតែមួយ
ថ្កោលទោសចំពោះការបំភ្លៃប្រវត្តិសាស្ត្រដោយរដ្ឋាភិបាលវៀតណាម នេះ
ហើយចាត់ទុកការលើកឡើងរបស់រដ្ឋាភិបាលវៀតណាម
ថាជាចេតនាបញ្ឆេះឲ្យមានអំពើហិង្សាតែម្តង៕
ប្រភពពី វិទ្យុអាស៊ីសេរី
