តុលាការ​កោះ​ហៅ​ បេក្ខជន​តំណាងរាស្ត្រ ​បក្ស​សង្គ្រោះជាតិ​១រូប​ទៀត

7/20/2014 0 Comments A+ a-


chancheng2
តុលាការ​កោះហៅ​បេក្ខជន​តំណាងរាស្ត្រ ជាប់​ឆ្នោត​​បក្ស​សង្គ្រោះជាតិ ១​រូប​អោយ​ចូលខ្លួន​ករណី​ព្រហ្មទណ្ឌ​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ។
ស្រប​ពេល​ដែលបេក្ខជនតំណាងរាស្ត្រ​ជាប់​ឆ្នោត​ របស់​គណបក្ស​សង្គ្រោះ​ជាតិ ៧ រូប​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃស លោក ចាន់ ចេង
តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះជាតិ នៅ​មណ្ឌល​ខេត្ត​កណ្ដាល​ក៏​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ កណ្ដាល​កោះហៅ​សាកសួរ​ពី​ករណី​ព្រហ្មទណ្ឌដែរ។
​ដីកា​បាន​បញ្ជាក់​ថា នោះ​គឺ​ជា​សំណុំ​រឿងចាស់​​កាលពី ​បួន​ឆ្នាំ​មុន ដោយ​តុលាការ​ចោទ​ប្រកាន់​លោក​ពី​បទ​រំដោះ​ជន​សង្ស័យ​ម្នាក់​ចេញ​ពី​ ពន្ធនាគារ ពេល​លោក​នៅ​ជា​តំណាងរាស្ត្រ​បក្ស​ សម រង្ស៊ី។
លោក ចាន់ ចេង បាន​អះ​អាង​ថា មេធាវី​ការពារ​រូប​លោក នឹងចូលទៅ​តុលាការ​ទៅតាម​ការកោះហៅរបស់​តុលាការនេះ។ លោក ចាត់​ទុក​ការកោះហៅ​រូប​លោក​នៅ​ពេល​នេះ​ថា​ជា​​ប់ពាក់​ព័ន្ធ​នឹង​ការដាក់​ គំនាប​ទៅ​លើ​បក្សប្រឆាំង​ពី​សំណាក់​បក្សកាន់​អំណាច គឺ​មិន​ខុសគ្នា​ពី​បេក្ខជនតំណាងរាស្រ្ត​ជាប់​ឆ្នោត​ទាំង​៧​រូប ដែល​កំពុងជាប់​ឃុំ​នោះ​ឡើយ៖ «ខ្ញុំ ​យល់​ឃើញ​ថា​រឿង​នេះ​ជា​រឿង​សំពាធ​នយោបាយ អត់​មាន​រឿង​អី​ក្រៅ​ពី​នេះ​ទេ ព្រោះ​រឿង​នេះ​យូរ​មក​ហើយ ៣​ឆ្នាំ​ហើយ ខ្ញុំ​បាន​ឆ្លើយ​បំភ្លឺ​កាល​ពី​៣​ឆ្នាំ​មុន ស្រាប់​តែ​ពេល​នេះ​មាន​ដីកា​កោះ​ហៅ​ឲ្យ​ខ្ញុំ​ចូល​សវនា​ រឿង​នេះ​ជា​សំពាធ​នយោបាយ»
ការកោះហៅ​លោក​ ចាន់ ចេង ជា​ករណី​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ទៅ​សាក​ សួរបញ្ជាក់នៅ​ថ្ងៃ​ទី ២៥ ខែ​កក្កដា ​ពី​ករណី​ហិង្សា​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃទី ១៥ កក្កដា​កន្លង​មក។ គណបក្សសង្រ្គោះជាតិ​បាន​ការកោះហៅ​បេក្ខជនតំណាង​រាស្រ្តជាប់​ឆ្នោត​ ជាបន្តបន្ទាប់​ ​ថា ជា​ការបន្ត​​ដាក់​សម្ពាធ​ទៅគណបក្ស​នេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី