សាលា​រាជធានី​ព្រមាន ​ចាប់​អ្នក​ធ្វើ​បាតុកម្ម​ ប្រឆាំង​វៀតណាម ​ដាក់ពន្ធនាគារ​១៥​ឆ្នាំ

7/20/2014 0 Comments A+ a-


សាលា​រាជធានី​ភ្នំពេញ ព្រមាន​ចាប់​ក្រុមនិស្សិត​ដែល​គ្រោង​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដាក់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ ជុំវិញ​ករណី​ដែល​ពួក​គេ​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ សុំទោស​នូវ​អ្វី​ដែល​ពួកគេ​ចោទថា​ជាការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​។​
​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​ឌឺ​ខេ​ម​បូឌា​ ដេលី (The Cambodia Daily) នៅ​ថ្ងៃ​សៅរ៍​ទី​១៩ ខែកក្កដា​នេះ បាន​ស្រង់​ប្រសាសន៍​អភិបាលរង​រាជធានី​ភ្នំពេញ លោក​ ឃួង ស្រេង ​ថា លោក​បាន​ចេញ​បញ្ជា​ហាមឃាត់​ការជួបជុំរបស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា​នោះ​ហើយ​។
​ឌឺ​ខេ​ម​បូឌា​ដេលី​បាន​ស្រង់​សម្ដី​លោក ​ឃួង ស្រេង ​បន្តថា បើ​ពួកគេ​មិន​ស្ដាប់​បញ្ជា ហើយ​ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារ​ណៈ នោះ​នឹង​ត្រូវ​ប្ដឹង​ឡើង​តុលាការ​។ លោក​បន្តថា បើ​ការធ្វើ​បាតុកម្ម​នោះ​នាំឲ្យ​មាន​អំពើ​ហិង្សា នោះ​ពួកគេ​នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១០ ទៅ​១៥​ឆ្នាំ​។​
​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ VODមិនអាច​ទាក់ទង​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក​ ម៉ៅ ពិសេស ដើម្បី​សុំ​ការបញ្ជាក់​ពី​គោលជំហរ​របស់​លោក​បាន​ទេ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨ ខែកក្កដា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ​គោលជំហរ​ក្នុងការ​ដង្ហែ​ញត្តិ​ នាពេល ខាងមុខនេះ  លោក​ថ្លែងថា លោក​នៅតែ​បន្ត​ធ្វើ​ដដែល ទោះបីជា​មាន​ការព្រមាន​ពី​សំណាក់​សាលា​រាជធានី​ក៏ដោយ​។​
​ប្រធាន​ផ្នែក​បច្ចេកទេស ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់​ថា​ការព្រមាន​របស់​សាលា​រាជធានី​ភ្នំពេញ មិន​ស្រប​តាម​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​នោះទេ​។​
​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ប្រជា​ពលរដ្ឋ​ខ្មែរ ព្រះសង្ឃ និង​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​១០០​អង្គ​/​នាក់ បាន​ធ្វើ​បាតុកម្មអហិង្សា​នៅមុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ​សុំ​ទោស ចំពោះ​ការ​ដែល​និយាយថា ទឹកដី​ខ្មែរ កម្ពុជា​ក្រោម​ជា​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ មិនមែន​ទើបតែ​បារាំង​កាត់​ឲ្យនៅ​ឆ្នាំ​១៩៤៩​នោះទេ​។ ក្នុង​បាតុកម្ម​នោះ មាន​ការប៉ះទង្គិច​គ្នា​បណ្ដាលឲ្យ​មនុស្ស​ប្រមាណដ​ប់នាក់​រងរ​បួស​៕
ប្រភពពី vodhotnews.com