លោក សម រង្ស៊ី សុំ​រស់នៅក្នុង​ពន្ធនាគារ​ដែរ បើ​តុលាការ​ឃុំខ្លួន​លោក​ កឹម សុខា

7/20/2014 0 Comments A+ a-

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ថា សាមគ្គី​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​មួយ​នេះ នៅតែ​រឹងមាំ បើ​ទោះបី​មានចរន្ត​បំបែកបំបាក់​ក៏ដោយ​។​ ការអះអាង​នេះ​ធ្វើឡើង​បន្ទាប់​ពី​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ របស់​បក្ស​ប្រឆាំង​ចំនួន​៧​រូប​នឹង​សកម្មជន​មួយរូប​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​។​
​ក្នុង​កម្មវិធី​សួរដេញដោល​នៅ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​១៩ ​ខែកក្កដា​ ឆ្នាំ​២០១៤ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាងថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ និង​សកម្មជន ដែល​បាន​ចាប់ខ្លួន​នោះ គ្មាន​កំហុស​ទេ​។ លោក​ថា​អ្នក​ដែល​បង្ក​ឲ្យមាន​ហិង្សា​គឺជា​ក្រុម​សន្តិសុខ របស់​បក្ស​កាន់​អំណាច​។​
kem-sokha-sam-rainsy-lead-marching-131226--sokhorn--2014-07-20លោក ​សម រង្ស៊ី និងលោក​ កឹម សុខា កាលពីពេលឃោសនាបោះឆ្នោត
​លោក កឹម សុខា ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​បង្ហាញខ្លួន នៅ​ថ្ងៃ​ទី​២៥ ​ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​បំភ្លឺ ពី​ការទទួលខុសត្រូវ ដែល​នាំ​ទៅដល់​ការចាប់​ឃុំខ្លួន អ្នក​ទាំង​៨​រូប រឿង​ផ្ទុះ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​
​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៧ ​រូប និង​សកម្មជន​មួយរូប ត្រូវ​ព្រះរាជអាជ្ញា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ចោទ​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​និង​កុប្បកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ​។​
​លោក​ កឹម សុខា ពេលនោះ​មាន​តួនាទី​ជា​ប្រធានស្តីទី ខណៈ​លោក​សម រង្ស៊ី ជា​ប្រធាន ចេញ​ទៅ​បំពេញ​បេសកកម្ម​កា​ទូត​ជាង​មួយ​ខែ​នៅ​ក្រៅប្រទេស​។
​ក្នុង​កម្មវិធី​ពិភាក្សា​តុមូល​នោះ​ដែរ ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៉ី អំពាវនាវ​ឲ្យ បក្ស​កាន់​អំណាច​ដោះលែង​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​នោះ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ បើ​ពុំនោះ​ទេ បក្ស​កាន់​អំណាចនឹងរង​ការ​ចោទថា កំពុង​រំលោភ​សិទ្ធិ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ និង​ធ្វើ​រដ្ឋប្រហា​រដ្ឋធម្មនុញ្ញ​។​
​យ៉ាងណា​ក៏​ដោយ​លោក សម រង្សី បញ្ជ​ក់ថា បើ​ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​រង​ការរំលោភ​សិទ្ធិ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ក៏​ចំណង​សាមគ្កី រវាង​លោក និង​លោក​ កឹម សុខា មិន​បែកបាក់​ទេ​។ ពិសេស​ជាង​នេះ លោក​ថា បើ​តុលាការ​ចាប់ឃុំខ្លួន​លោក កឹម សុខា ពេល​ចូល​បំភ្លឺ​តាម​ដីកា​កោះ នោះ​លោក ស្ម័គ្រចិត្ត​ចូល​ពន្ធនាគារ ជាមួយ​លោក កឹម សុខា​ដែរ​៕ ប្រភពព័ត៌មានៈVOD