កងកាំភ្លើងធំ ១០៥មម ត្រូវបានដឹកជញ្ជូន ដល់មុខព្រះបរម រាជវាំង ត្រៀមបាញ់ពេលដង្ហែ ព្រះអដ្ឋិ

7/11/2014 0 Comments A+ a-


big gunភ្នំពេញ ៖ កងកាំភ្លើងធំ ១០៥មម ត្រូវបានក្រុមការងារ របស់អង្គភាព កងពលតូចលេខ៧០ កងកាំភ្លើងធំ និងអគ្គមេបញ្ជាការ បានដឹកជញ្ជូន តាមរថយន្ត យកទៅរៀបចំ នៅមុខព្រះបរម រាជវាំងហើយ នាវេលាម៉ោង ប្រមាណ ៨៖៣០នាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នេះ ដើម្បីត្រៀមបាញ់ ពេលដង្ហែព្រះអដ្ឋិ ដែលចាប់ផ្តើម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ។
មន្រ្តីយោធា ដែលចូលរួម ក្នុងប្រតិបត្តិការ ដឹកជញ្ជូន កងកាំភ្លើងធំ ទាំង១៤គ្រឿង (បាញ់១២គ្រឿង បំរុង២គ្រឿង) បានថ្លែងឲ្យដឹងថា កងកាំភ្លើងធំ ១០៥មម នឹងរៀបចំបាញ់ នៅពេល ចាប់ផ្តើមដង្ហែ ព្រះអដ្ឋិ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ហើយនិងបាញ់ម្តងទៀត នៅថ្ងៃបញ្ចប់ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ។
មន្រ្តីយោធា រូបនេះ បានបន្តទៀតថា កងកាំភ្លើងធំទាំងនេះ ត្រូវបានដឹកជញ្ជូន ចេញពីកងពលតូច លេខ៧០ និងទីបញ្ជាការ កងកំាភ្លើងធំ យកទៅរៀបចំ នៅមុខព្រះបរមរាជវាំងទាំងយប់ ទីកន្លែង ដែលត្រូវបាញ់ នៅពេល ដង្ហែព្រះអដ្ឋិ ។ សូមបញ្ជាក់ថា មុនពេលចាប់ផ្តើម ការបាញ់ជាផ្លូវការនោះ កងកម្លាំងយោធា ដែលទទួលខុសត្រូវ លើការងារនេះ បានធ្វើហ្វឹកហ្វាត់ និងបាញ់សាកល្បង រួចហើយ នៅទីបញ្ជាការដ្ឋាន កងពលតូចពិសេសឆ័ត្រ យោង៩១១ កាលពីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ ។
ក្រុមការងារ បានធ្វើការបាញ់សាកល្បង កាំភ្លើងធំ១០៥ មីលីម៉ែត្រ ចំនួន ១០១គ្រាប់ (ណាត់) ប្រកបដោយជោគជ័យ ។ មន្រ្តីយោធា បានបញ្ជាក់ថា ការបាញ់សាក ល្បងកាំភ្លើងធំ នាព្រឹកថ្ងៃនោះ ជាការ ត្រៀមនូវ លក្ខណៈបច្ចេកទេស ទុកជាមុន ដើម្បីបាញ់នៅថ្ងៃ ដង្ហែព្រះបរមអដ្ឋិរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ។
នៅក្នុងពិធីបាញ់ កាំភ្លើងធំខ្នាត ១០៥ មីលីម៉ែត្រ ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀត បាញ់ ព្រមទាំងមានការអញ្ជើញ ចូលរួមផងដែរ ពីមន្រ្តីយោធាជាន់ខ្ពស់ នៃក្រសួងការពារជាតិ មន្រ្តីជាន់ខ្ពស់ នៃកងយោធពល ខេមរភូមិន្ទ និងនាយទាហាន ពលទាហាន ជាច្រើននាក់ ផ្សេងទៀត ។ ជាមួយគ្នានេះ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួង ស្ថានប័ន និងអង្គភាពពាក់ព័ន្ធ បានធ្វើការហ្វឹកហាត់ សាកល្បងដង្ហែព្រះអដ្ឋិ ជាផ្លូវការចុងក្រោយ សម្រាប់ត្រៀមនៅព្រឹកស្អែកនេះ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានក្រើនរំលឹកឲ្យគ្រប់ សមាស ធាតុមន្រ្តីគ្រប់ថ្នាក់ ត្រូវចូលរួមបំពេញ ភារកិច្ចដ៏សំខាន់ នៃព្រះរាជពិធីបុណ្យដង្ហែ ព្រះបរមអដ្ឋិ ព្រះករុ ណា ព្រះរមរតនកោដ្ឋ នាពេលខាងមុខនេះ សំខាន់ត្រូវក្តាប់ជាប់ផែនការរួម និងទាក់ទងបែង ចែកព័ត៌ មានទៅវិញទៅ មកបានទាន់ពេល និងពិនិត្យគ្រប់លក្ខណៈសម្បត្តិទាំងមនុស្ស សម្ភារៈ និងការងារគ្រប់ គ្រង ។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ទូរទស្សន៍ជាតិ (ទទក) នឹងធ្វើការផ្សាយផ្ទាល់ ចំនួន២លើក ដោយលើកទី ១ នៅព្រឹកថ្ងៃសុក្រទី ១១ ខែកក្កដា ព្រះរាជ ពិធីដង្ហែព្រះកោដ្ឋ ព្រះបរមអដ្ឋិ សហការ ជាមួយទូរទស្សន៍ ឯកជនចំនួន ៦ និងផ្សាយផ្ទាល់ លើកទី២ នៅ ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៤ ព្រះរាជពិធីតម្កល់ ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ក្នុងព្រះចេតីយ៍ ។ មន្រ្តីទូរទស្សន៍ទទក ចំនួន ២២៨រូប ទទួលភារៈ បំពេញការងារដ៏សំខាន់ ជាប្រវត្តិសាស្រ្តនេះ៕