ប៉ូលិស ចាប់ខ្លួនលោកស្រី មូរ សុខហួរ និងតំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិពីរនាក់ទៀត
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ សន្តិសុខត្រូវបានរឹតបន្តឹង និងផ្លូវខាងត្បូងជាប់ ទីលានប្រជាធិបតេយ្យ ត្រូវបានបិទតាំងពីព្រឹកព្រលឹម ដោយកងកំលាំងប៉ូលិស បង្ក្រាបបាតុកម្ម ប្រដាប់ដោយខែល ដំបង កាំភ្លើងបាញ់គ្រាប់ផ្សែងជាច្រើនរយនាក់ ដែលត្រូវបានដាក់ពង្រាយ នៅក្នុងទីលានប្រជាធិបតេយ្យ។
ការដាក់ពង្រាយនេះ គឺក្នុងបំណងទប់ស្កាត់ មិនឲ្យមានការប្រមូលផ្តុំ របស់គណបក្សសង្គ្រោះជាតិ នៅក្បែរទីលានប្រជាធិបតេយ្យនោះទេ។
ចំណែកនៅខាងក្រៅរបងបន្លាលួស នៅចំណុចស្ពាននាគ និងសួនច្បារស្ពាននាគ នាខាងត្បូងវត្តភ្នំ គឺមានកងកំលាំងសន្តិសុខ ដែលមានពាក់មួកឃ្លុប បានដាក់ពង្រាយ ឲ្យបំបែករាល់ការជួបជុំ ការប៉ុនប៉ងប្រមូលផ្តុំ ណាមួយ។
រហូតមកដល់ម៉ោង ៨ ព្រឹក ថ្ងៃដដែលនេះ កងកំលាំង ដែលមានគ្នាប្រមាណជា ៥០ នាក់នោះ បានដើរដេញ មិនឲ្យមានការជួបជុំណាមួយ នៅតាមផ្លូវព្រះនរោត្តម ខាងត្បូងវត្តភ្នំ ចំណុចស្ពាននាគនោះទេ ហើយក៏មិនទាន់ឃើញមាន អំពើហិង្សាណាមួយ នៅឡើយទេ។
លុះមកដល់ម៉ោងប្រមាណ ៨ កន្លះព្រឹក សកម្មជនគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានមកដល់ ហើយក្រុមបាតុករ ក៏បានប្រមូលផ្តុំ នៅស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ។
ខណៈនោះអំពើហិង្សាដ៏ធ្ងន់ធ្ងរមួយ បានកើតឡើង បន្ទាប់ពីប៉ូលិស នៅខាងក្នុងទីលានប្រជាធិបតេយ្យ បានបាញ់គ្រាប់បែកផ្សែង ប្រមាណជាបួនប្រាំគ្រាប់ ដើម្បីបំបែក ក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ បានធ្វើអោយក្រុមយុវជនគណបក្សសង្គ្រោះជាតិ មានការខឹងសម្បារ ដេញវាយទៅលើក្រុមសន្តិសុខខណ្ឌដូនពេញ។
ក្រុមយុវជនគណបក្សសង្គ្រោះជាតិ បានដេញវាយទៅលើក្រុមសន្តិសុខ គឺអោយតែឃើញមុខ វាយទាំងអស់ សូម្បីតែមួកការពារ ក៏ពួកគេយកមកបោកចោល ហើយក្រុមយុវជន គណបក្សសង្គ្រោះជាតិ បានប្រមូលអាវ មួក ដែលដណ្តើមបានពី ក្រុមសន្តិសុខខណ្ឌដូនពេញ ទៅដុតចោលថែមទៀតផង។
ក្នុងអំពើហិង្សានោះដែរ បានបណ្តាលអោយក្រុមសន្តិសុខខណ្ឌដូនពេញ របួសយ៉ាងហោចណាស់ ១០ នាក់។ អ្នកទាំងនោះ ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
នៅម៉ោង ៩ ព្រឹក ក្រុមបាតុកម្មដឹកនាំដោយលោកស្រី មូរ សុខហួរ នៅចំណុចស្ពាននាគ បានប្រកាសរំសាយ។ ប៉ុន្តែនៅពេលលោកស្រី មូរសុខហួរ និងបេក្ខជនជាប់ឆ្នោត ២ រូបទៀត ជិះក្នុងឡានឡិចស៊ីស ដែលមានស្លាកលេខ ព្រឹទ្ធសភា ត្រូវបានប៉ូលិសបង្ក្រាបបាតុកម្ម ចេញពីក្នុងបន្លាលួស ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយមួយ ជួន ណារិន ស្ទាក់ឃាត់ ហើយនាំខ្លួនលោកស្រី មូរ សុខហួរ លោក កែវ ភិរម្យ និងលោក ម៉ែន សុថាវរិន្ទ្រ ជាតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ ចូលទៅក្នុងទីលានប្រជាធិបតេយ្យ។
ប៉ូលិសមិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ ទាំងបីនាក់នោះទេ។
បន្ទាប់ពីឃាត់ទុកអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំងបី អស់ពេលប្រហែលមួយម៉ោង នៅក្នុងរបងបន្លាលួស នៅទីលានប្រជាធិបតេយ្យ មុននឹងបញ្ជូនអ្នកទាំងបី ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕V/S