ព្រោះតែ​ថ្ងៃខែ​ខុសគ្នា នារី​ជា​សង្សារ​សុំ​បែកផ្លូវ លេបថ្នាំ​បំពុល​កុក​សម្លាប់ខ្លួន ទាំង​វ័យក្មេង

7/01/2014 0 Comments A+ a-


Wat-300617​ រាជធានី​ភ្នំពេញ ៖ បុគ្គ​លិក​​ចាក់​​ប្រេង ប​ម្រើ​​ការ​ងារ​​នៅ​​ស្ថា​នីយ៍​​ប្រេង​​តេ​​លា ម្នាក់​​បាន​ស​ម្រេច​​ចិត្ត លេប​ថ្នាំ​​ធ្វើ​អត្ត​ឃាត ពេល​​ស​ង្សារ​​ទូរ​ស័ព្ទ​​ប្រាប់​ថា ថ្ងៃ​ខែ​​ឆ្នាំ​របស់​​ពួក​គេ​​ទាំង ២​​នាក់ មិន​ត្រូវ​​គ្នា បន្ទាប់​ពី​​នារី​​ជា​​ស​ង្សារ បាន​​ទៅ​រក​​ហោ​​ទ​ស្សន៍​ទាយ មើល​ពេលា​សម្រាប់​រៀបការ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១៨​និង​២០ នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ភូមិ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
​យុវជន​ខូចចិត្ត​ដែល​លេបថ្នាំ​ពុល​ស​មា្ល​ប់​ខ្លួន ព្រោះតែ​រឿង​សង្សារ ប្រាប់ថា ថ្ងៃខែ​មិនត្រូវ​គ្នា​នោះ មានឈ្មោះ នួន សារឿន អាយុ ២០​ឆ្នាំ ជា​បុគ្គលិក​ចាក់​សាំង នៅ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ភូមិ​ពោធិ៍​រៀង​៤ ឃុំ​ពោធិ៍​រៀង ស្រុក​កំពង់លាវ ខេត្តព្រៃវែង ហើយ​ជនរងគ្រោះ ទើបតែ​ចូលមក​ធ្វើការ នៅ​ស្ថានីយ៍​ប្រេង​តេ​លា នោះ បាន​ជិត​មួយខែ​ប៉ុណ្ណោះ ដោយ​គេ​មិនសូវ​បានដឹង ពី​ទំនាក់ទំនង​ស៊ីជម្រៅ រវាង​នារី​ជា​សង្សារ ជាមួយ​ជនរងគ្រោះ បែបណា​នោះឡើយ​។
​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​និយាយ​ទូរស័ព្ទ ជាមួយ​សង្សារ​របស់ខ្លួន រហូតដល់​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី​២៨ ខែមិថុនា ទើប​ឈប់ មិនដឹងថា និយាយ​សាសង​គ្នា រឿង​អី​ខ្លះ​ទេ គ្រាន់តែ​ឃើញ និយាយ​សើច​សប្បាយ ជាមួយ​សង្សារ ប៉ុន្តែ​ចុងក្រោយ ឃើញ​ទឹកមុខ​ស្រពោន​ហើយ​ជនរងគ្រោះ បាន​ដើរទៅ​ខាងក្រោយ​ភូមិ ទូរស័ព្ទ​ទៅប្រាប់​មិត្តភក្តិ​របស់ខ្លួន​ថា គេ​ផឹកថ្នាំ​បំពុល​កុក សម្លាប់ខ្លួន​ហើយ ព្រោះ​គ្រូទាយ​ប្រាប់ថា ខែ​ឆ្នាំ​របស់​ពួកគេ​មិនល្អ មិនអាច​យកគ្នា ជា​ប្តី​ប្រពន្ធ​បានទេ ហើយ​នាង​ក៏​សុំ​បែកផ្លូវ​ផងដែរ​។​
​ក្រោយពេល​និយាយ​ទូរស័ព្ទ​ចប់ មិត្តភក្តិ​ទំនងជា​ដឹងថា មាន​សភាព​មិន​ស្រួល បាន​តាម​មក​មើល ក៏​ប្រទះឃើញ​ជនរងគ្រោះ ដេក​បែកពពុះមាត់​ទៅហើយ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកជិតខាង ទូរស័ព្ទ​ហៅ​រថយន្ត របស់​មន្ទីរពេទ្យបង្អែក​អង្គស្នួល ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ប៉ុន្តែ​ជា​អកុសល ដោយសារតែ​ជាតិពុល ជ្រាប​ពេញ​ខ្លួន​អស់​ទៅហើយ មិនអាច​ជួយសង្គ្រោះ​នោះទេ ពោលគឺ​ជនរងគ្រោះ បាន​ស្លាប់បាត់​បង់ជីវិត យ៉ាង​វេទនា​បំផុត កាលពី​ព្រឹក​ថ្ងៃ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ ហើយ​សាកសព​ត្រូវបាន សាច់ញាតិ​ដឹកបញ្ជូន យកទៅ​ប្រារព្ធ​ពិធីបុណ្យ តាម​ទំនៀម​ទំលាប់​ប្រពៃណី​៕
ប្រភពពី វត្តភ្នំ