ប្រេស៊ីល ប៉ះជាមួយ ហូឡង់ ដើម្បីប្រជែង យកលេខ៣យប់ស្អែកនេះ

7/11/2014 0 Comments A+ a-

World Cup៖ ក្រុមម្ចាស់ផ្ទះប្រេស៊ីល ដែលត្រូវបាន អាល្លឺម៉ង់លត់ ៧-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវជួបជាមួយ ក្រុមចាញ់ដូចគ្នា មច្ចុរាជទឹកក្រូចហូឡង់ ដើម្បីប្រជែងយក ចំណាត់ថ្នាក់លេខ៣ យប់ថ្ងៃសៅរ៍ ទី១២ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែកក្កដា វេលាម៉ោង០៣ និង០០នាទីទៀបភ្លឺ ។
ប្រេស៊ីល លេងមិនបានល្អសោះ ពេលជួបក្រុមខ្លាំងប្រចាំតំបន់ អឺរ៉ុបឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ ក្នុងខណៈ ដែលគ្មានខ្សែប្រយុទ្ធ ឆ្នើម Neymar និងកីឡាករខ្សែការពារប្រធានក្រុម Thiago Silva នោះបានធ្វើឲ្យ ទម្រង់លេងមានការ ប្រែប្រួលជាខ្លាំង ដោយបានផ្តល់ឲ្យ Fred, Oscar និង David Luiz រ៉ាប់រងបន្ទុក យ៉ាងធ្ងន់នេះ បរាជ័យទាំងស្រុង និងបាត់បង់ឱកាស ប្រជែងយកពាន World Cup ត្រឹមវគ្គ Semi-Final តែម្តង ។
នេះជាលើកទី១ និងប្រវត្តិសាស្រ្តដ៏ជូរចត់បំផុត របស់ក្រុមម្ចាស់ជើងឯក World Cup ៥សម័យកាល ប្រេស៊ីលតែត្រូវបាន គេបំបាក់មិនឲ្យងើបមុខរួច ស្របពេលដែលក្រុម មិនទាន់បានស្គាល់ពាន World Cup ហូឡង់បន្ត ឃ្លាតឆ្ងាយដដែល ក្រោយពីបានភ្លាត់ស្នៀតចាញ់ អាហ្សង់ទីន ដោយបាល់ ប៉េណាល់ទី ៤-២ បន្ទាប់ពីទប់បាន លទ្ធផលស្មើ ០-០ ក្នុងរយៈ ពេល១២០នាទីពេញ ។
ក្រុមដែលមានមូលដ្ឋាននៅតំបន់អឺរ៉ុបហូឡង់ទប់បានស្មើ ០-០ ទល់នឹងក្រុមប្រេស៊ីល ក្នុងជំនួប មិត្តភាពអន្តរជាតិឆ្នាំ២០១១ និងបានឈ្នះ ២-១ វិញកាលពី World Cup ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង ដោយហូឡង់ ជាក្រុមលេខ១ ចេញពីពូល B ឈ្នះទាំង៣ប្រកួត មិនដែលចាញ់ មិនដែលស្មើដោយ បានទម្លាក់ក្រុមជម្រើសជាតិ ម៉ិកស៊ិក ២-១ នៅវគ្គ១៦ក្រុម និងបន្តទម្លាក់ ក្រុមមកពីតំបន់អាម៉េរិក ខាងជើង កូស្តារីកា ៥-៣ ដោយបាល់ប៉េណាល់ទី កាត់សេចក្តី ។
ហូឡង់មិនដែលជាប់ចំណាត់ថ្នាក់លេខ៣ទេ ក្នុងប្រវត្តិ៥ដងដែល បានឈានមកដល់វគ្គ៤ក្រុមចុង ក្រោយ (វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ) ក្រៅពីបានជាប់លេខ៤ម្តង និងរងជើងឯកបាន៣ដង ស្របពេល ដែលប្រេស៊ីលធ្លាប់ជាប់លេខ៣ បាន២ដង និងលេខ៤ម្តង ក្នុងចំណោម១០ដង ដែលបានឈានមក ដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ។
ខាងក្រោមនេះ ជាក្រុមដែលឈ្នះ ចំណាត់ថ្នាក់លេខ៣ក្នុង World Cup ៨សម័យកាល ចុងក្រោយ ៖
1/. Germany 3-2 Uruguay (2010)
2/. Germany 3-1 Portugal (20006)
3/. Turkey 3-2 South Korea (2002)
4/. Croatia 2-1 Netherlands (1998)
5/. Sweden 4-0 Bulgaria (1994)
6/. Italy 2- England (1990)
7/. France 4-2 Belgium (1986)
8/. Poland 3-2 France (1982) ៕