ប្រជាពលរដ្ឋ ខ្មែរឥស្លាម ជាង១០០នាក់ ផ្ទុះការតវ៉ានៅមុខ សាលាដំបូងខេត្តកំពត រឿងឆបោកប្រាក់

7/15/2014 0 Comments A+ a-

កំពត ៖ ជនជាតិខ្មែរឥស្លាមប្រុស-ស្រី ប្រមាណជាង១០០នាក់ មកពីឃុំម៉ាក់ប្រាង-ឃុំព្រៃថ្នង នៃស្រុកទឹកឈូ ខេត្តកំពត និងមួយផ្នែកមកពី ខេត្ត ព្រះសីហនុ បានផ្ទុះការតវ៉ានៅមុខសាលាដំបូងខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៤ ឣំពីករណីស្ត្រីឈ្មោះហ្វី យ៉ាត់ ឆ្នាំកំណើត១៩៨៦ មានទីលំនៅសព្វថ្ងៃ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងប្តីឈ្មោះ សុហ្វីយ៉ាន ពិនបូហាំម៉ាត់ ឆ្នាំកំណើត១៩៧៦ មានទីលំនៅ សព្វថ្ងៃ ភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានឆបោកប្រាក់របស់ពួកគាត់ ឣស់ក្នុងម្នាក់ៗ ជាង៣០០០ដុល្លារ ហើយសំណូមពរ ឲ្យតុលាការជួយចាត់ការ ឲ្យបានលឿន ដើម្បីភាពយុត្តិធម៌ដល់ពួកគាត់ផង។
ក្រុមជនជាតិដែលមកតវ៉ានោះ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិល ឲ្យដឹងថា ពួកគេទាំងឣស់គ្នាឡើងមកតវ៉ាក្នុងថ្ងៃនេះ គឺគោលបំណង ឲ្យ តុលាការជួយរកយុត្តិធម៌ ដល់ពួកគាត់ផង ម្យ៉ាងវិញទៀត សុំជួយពន្លឿនក្នុងការចាត់ការផងដែរ ពីព្រោះពួកខ្លួន បានដាក់ពាក្យបណ្តឹងយូរហើយ។ដោយឡែករឿងបទឆបោកប្រាក់នេះ គឺវាបានកើតឡើងតាំងពីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៣ ប្រព្រឹត្តនៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ប្រភពខាងលើបន្តទៀតថា៖ ជនឆបោកពីរនាក់ប្តីព្រពន្ធខាងលើ បានប្រើល្បិចដោយឲ្យពួកខ្លួនក្នុងម្នាក់ៗ បង់លុយចំនួន ៣៣០០ដុល្លារ ថ្លៃធានាទាំងសំបុត្រយន្តហោះ និងផ្សេងៗ  ដើម្បីធ្វើដំណើរទៅចូលរួមបុណ្យសាសនាជនជាតិ ដល់គោលដៅ នៅប្រទេសឣារ៉ាប៊ីសាវឌីត ប៉ុន្តែលុះ ដល់ថ្ងៃចេញទៅ ស្រាប់តែដល់ព្រលានយន្តហោះឣន្តរជាតិពោចិនតុង  សំបុត្រយន្តហោះសុទ្ធតែក្លែងក្លាយ មានភាគតិចណាស់ ដែលសំបុត្រត្រឹមត្រូវ នោះ។ ដូច្នេះហើយទើបពួកខ្លួនមិនសុខចិត្ត ដោយសារការបាត់បង់ប្រាក់កាក់ របស់ខ្លួនម្នាក់ៗយ៉ាងដូច្នេះ។
មន្ត្រីតុលាការឲ្យដឹងថា បើតាមដីការបង្គាប់ឲ្យចូលខ្លួន លេខ:១៤៩២  របស់លោកចៅក្រមស៊ើបសួរ  ហុង សុគុណវឌ្ឍនា ឲ្យពីរនាក់ប្តី-ប្រពន្ធខាងលើ ចូលខ្លួនមកកាន់សាលាដំបូងខេត្តកំពត នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៤នេះ ចោទពីបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យ ផ្តន្ទាទោស តាមបញ្ញាតិមាត្រា ៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ក៏ប៉ុន្តែត្រូវបានលើកប្តូរទៅថ្ងៃទី២២ ខែដដែលវិញ ដោយសារការសំណូមពររបស់ ចុងចម្លើយថាក្នុងថ្ងៃទី១៤-១៥-១៦ ខែកក្តដានេះ ជាប់រវល់ចូលរួមប្រជុំ បូកសរុបលទ្ធផលការងារជាមួយម្ចាស់ជំនួយ នៃប្រទេសឣារ៉ាប់ នៅរាជធានី ភ្នំពេញ និងមានធុរៈមើលថែជំងឺកូននៅមន្ទីរពេទ្យ។
លោក ឯក ឆេងហួត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តកំពត ក៏បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលដឹងដែរថា ពាក់ព័ន្ធប្រជាពលរដ្ឋជនជាតិ ឡើងមកតុលាការនេះ គឺលោកបានពន្យល់ និងសម្របសម្រួលជាមួយខ្មែរជនជាតិឥស្លាមរួចហើយ ហើយពួកគាត់ក៏យល់ព្រមទទួលតាម ការស្នើសុំដែរ។ ដោយឡែក ចំពោះលោកចៅក្រមកាន់ក្តីរឿងហ្នឹង រូបលោកក៏បានធ្វើការសំណូមពរ ធ្វើយ៉ាងណាឲ្យចាត់ការរឿងនឹង ឲ្យបានឆាប់ ដែលឣាចធ្វើទៅបាន ជូនប្រជាពលរដ្ឋកុំឲ្យពួកគាត់សតិឣារម្មណ៍។ ក្រោយពីរកដំណោះស្រាយរួម រួចរាល់ឣស់ហើយនោះ ក្រុមខ្មែរជនជាតិខាងលើ ក៏បានរំសាយ វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News