អាជ្ញាធរសាលា រាជធានីភ្នំពេញ ប្រកាសបង្ក្រាបការ តវ៉ានៅមុខតុលាការ
សេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយនៅម៉ោង ៤ រសៀល ថ្ងៃទី១៧កក្កដានេះ លើកឡើងថា “បើប្រជាពលរដ្ឋ មានបំណងចង់តវ៉ាទៅលើកិច្ចការអ្វីមួយនោះ ត្រូវធ្វើទៅតាមនីតិវិធីច្បាប់ ដោយស្ងៀមស្ងាត់ និងមានរបៀបរៀបរយ។ ការធ្វើសកម្មភាពស្រែកតាមឧគ្ឃោសនសព្ទបំពងសំឡេងបែបនេះ បានធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់កិច្ចការងាររបស់ស្ថាប័នតុលាការ។ ក្នុងករណីមិនបញ្ឈប់សកម្មភាព អ្នកប្រព្រឹត្ត ត្រូវទទួលទោសតាមច្បាប់”។
សូមរម្លឹកថា ចាប់តាំងពីព្រឹកព្រលឹម ថ្ងៃទី១៧កក្កដានេះ ក្រុមប្រជាពលរដ្ឋ សង្គមស៊ីវិល និងសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បានលើកបដា ទាមទារឲ្យដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ៥ រូប និងថ្នាក់ដឹកនាំយុវជនម្នាក់ របស់គណបក្សសង្គ្រោះជាតិ។
នៅរសៀលថ្ងៃទី១៧កក្កដានេះ កងកម្លាំងប៉ូលិស និងប៉េអឹម បង្ក្រាបបាតុកម្ម ប្រដាប់ដោយខែល និងដំបង ត្រូវបានបង្កើនចំនួន ហើយដាក់ពង្រាយ ត្រៀមនឹងបង្ក្រាបការតវ៉ា នៅមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ៕