មន្រ្តីជាន់ខ្ពស់ CNRP: ថ្នាក់ដឹកនាំសមាជិក និងសកម្មជន សំខាន់ៗ ៨រូបទៀត ប្រឈមនឹងការចាប់ខ្លួន
ភ្នំពេញ៖ ប្រភពពីមន្រ្តីជាន់ខ្ពស់គណបក្ស
សង្រ្គោះជាតិ (CNRP)
បានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៤ថា
បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត ថ្នាក់ដឹកនាំ សមាជិក និងសកម្មជនសំខាន់ៗ
របស់គណបក្សសង្រ្គោះ ជាតិ ប្រមាណជា ៨រូបទៀត
ប្រឈមនឹងការចាប់ខ្លួនក្នុងព្រឹត្តិការណ៍
ផ្ទុះអំពើហិង្សាវាយដំបណ្តាលឲ្យសន្តិសុខ ខណ្ឌដូនពេញរងរបួសយ៉ាងដំណំ ក្នុងចលនារំដោះទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥
ខែកក្កដា កន្លងទៅ ខណៈដែលថ្នាក់ដឹកនាំសំខាន់ៗ ៨រូបហើយត្រូវបានឃាត់ខ្លួន
និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។
ទោះបីជាយ៉ាងណាប្រពភពីមន្រ្តីជាន់ខ្ពស់រូបនេះ
មិនបានទម្លាយអត្តសញ្ញាណថ្នាក់ដឹកនាំ សមាជិក និងសកម្មជន
ដែលកំពុងប្រឈមមុខនឹងការឃាត់ខ្លួននេះនៅឡើយទេ។ តែបានបង្ហើបថា
គឺសុទ្ធតែជាអ្នក ដែលធ្លាប់បានចូល រួមបំផុសនូវចលនាតវ៉ានានា
ជាពិសេសគឺចលនាទាមទាររំដោះទីលានប្រជាធិបតេយ្យនោះតែម្តង។
សូមបញ្ជាក់ថា នៅក្រោយការកើតអំពើហិង្សា
បណ្តាលឲ្យសន្តិសុខខណ្ឌដូនពេញ ៣៩នាក់ បានរងរបួសធ្ងន់ និង ស្រាល
ដែលកើតចេញពីចលនារំដោះទីលានប្រជាធិបតេយ្យដឹកនាំដោយបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតគណ
បក្សសង្រ្គោះជាតិ មណ្ឌលខេត្តបាត់ដំបង លោកស្រី មូរ សុខហួរ កាលពីថ្ងៃទី១៥
ខែកក្កដា កន្លងទៅ បេក្ខភាពតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ
រួមនឹងជំនួយការសរុប ៨នាក់ហើយ ត្រូវបានចាប់ខ្លួន។ ក្នុង នោះ ៦នាក់
រួមមានលោកស្រី មូរ សុខហួរ លោកហូ វ៉ាន់ លោករៀល ខេមរិន្ទ លោកម៉ែន ថាវរិទ្ធ
និង លោក កែវ ភារម្យ ព្រមទាំងជំនួយការលោកស្រី មូរ សុខហួរ ម្នាក់ ឈ្មោះ អឿ
ណារិទ្ធ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ
ដឹកនាំកុបកម្មខុសច្បាប់, ញុះញង់ឱ្យប្រព្រឹត្ដអំពើហិង្សា
និងបទផ្ដើមគំនិតបង្កអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស
ព្រមទាំងចាប់បញ្ជូនពួកគេទៅឃុំខ្លួននៅពន្ធនាគារព្រៃសផងដែរ។
ដោយឡែកបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត២នាក់ទៀត
គឺលោក ឡុង រី និង លោក នុត រំដួល ត្រូវបានសមត្ថកិច្ច
ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ម្សិលមិញ
និងបានបញ្ជូនទៅសួរនាំនៅអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ៕
(រាប់ពីខាងឆ្វេង) លោក ឡុង រី និង លោក នុត រំដួល ពេលនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
______________
ផ្តល់សិទ្ទិដោយ៖dap-news
