លោកព្រំសុខា បដិសេធ រឿងការចាប់ តំណាងរាស្រ្ត គណបក្ស សង្គ្រោះជាតិ ដាក់គុកជាថ្នូរ

7/17/2014 0 Comments A+ a-


conferenceភ្នំពេញៈ លោកព្រំសុខា សមាជិកក្រុមចរចា របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការចាប់បេក្ខជន តំណាងរាស្រ្ត មកពីគណកប្សសង្រ្គោះជាតិ ចំនួនប្រាំនាក់ដាក់ពន្ធធានាគារ នោះគឺមិនមែនដើម្បីជា ថ្នូរនឹងការបង្ខំឲ្យ ទទូលយកលទ្ធផល នៃការចរចានោះឡើយ ហើយថា ការចាប់ជនសង្ស័យទាំងប្រាំនាក់នេះ គឺជារឿងបទល្មើសប៉ុណ្ណោះ។
ការថ្លែងរបស់លោក ព្រំ សុខាបែបនេះ បានធ្វើឡើងក្នុងសន្និសីទកាសែតមួយ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះ បន្ទាប់ពីលោក និងមន្រ្តីមកពីស្ថាប័នរាជរដ្ឋាភិបាលផ្សេង ដែលដឹកនាំដោយ រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា ជួបជាមួយនឹងបណ្តាទូតនានានិងតំណាងអង្គការសហប្រជាជាតិ សរុបជាង២០ស្ថាប័ន ប្រចាំនៅកម្ពុជា ដើម្បីពន្យល់អំពីបញ្ហានានាដែលបាន កើតឡើងនៅ ប្រទេសកម្ពុជាប៉ុន្មានថ្ងៃមកនេះ។
លោក ព្រំ សុខា បានបញ្ជាក់ថា «ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត លោកបានលើកឡើងថាហេតុការណ៍ ដែល បានកើតឡើងកាលពីម្សិលមិញហ្នឹងហាក់ដូចជា មានន័យថា រដ្ឋាភិបាលធ្វើអញ្ចឹងដើម្បីបង្ខំឲ្យ គណបក្សសង្រ្គោះជាតិ ចូលចរចារ ឬមួយទទូលយកដំណោះស្រាយចរចា…. ខ្ញុំថាមិនមែនទេមកដល់ម៉ោងនេះ ប្រហែលជា បងប្អូនជ្រាបហើយគ្មានអ្នកណាបង្ខំគាត់បានទេ។ មួយឆ្នាំហើយទោះបីជាអង្វរសុំឲ្យគាត់យោគយល់ ដល់ស្មារតីបង្រួបបង្រួមជាតិ ដើម្បីជៀសវាងការបែកបាក់ជាតិ យើងខំធ្វើគ្រប់លទ្ធភាពរង់ចាំ ដើម្បីឲ្យគាត់អញ្ជើញទៅធ្វើការក្នុងសភា …មិនមានន័យថា ការចាប់កាលពីម្សិលមិញនោះ បង្ខំពួកគាត់គឺមិនមែនទេ»។
តែទោះជាយ៉ាងណាក៏ដោយលោក ព្រំ សុខា បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ ជំហរយ៉ាងម៉ឺងម៉ាត់ថា នៅតែបើកទ្វារចរចាជានិច្ចជាមួយនឹងគណបក្សសង្គ្រោះ ជាតិ ដើម្បីស្របទៅតាមការ សំណូមពរពីបណ្តាស្ថានទូតជាច្រើនប្រចាំនៅកម្ពុជានោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានហៅអំពើហិង្សារវាង ក្រុមអ្នកតវ៉ា និងសន្តិសុខ ខណ្ឌដូនពេញកាលពីម្សិលមិញថា ជារឿងដដែលៗបង្កឡើងដោយសមត្ថកិច្ច របស់គណបក្សប្រជាជនកម្ពុជា (CPP)។ លោក កឹម សុខា ក៏បានថ្កោលទោសចំពោះអំពើហិង្សានេះផងដែរ។
ការថ្លែងរបស់ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះ នាទីស្នាក់ការកណ្តាលបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុងឱកាសធ្វើ សន្និសីទព័ត៌មាន សម្តែងចំណាប់អារម្មណ៍ ចំពោះការធ្វើបាតុកម្មហិង្សា របស់សមាជិកបក្សរបស់ ខ្លួនកាលពីម្សិលមិញនេះ។
ចៅក្រមស៊ើបសួរ តំណាងអយ្យការ បានសម្រេចឃុំខ្លួន បេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ៥នាក់ និងជំនួយការម្នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធទៅនឹងបទល្មើសចំនួន ៣៖ ទី១-ដឹកនាំកុបកម្មខុសច្បាប់, ទី២-ញុះញង់ឱ្យប្រព្រឹត្ដ អំពើហិង្សា និងទី៣-បទផ្ដើមគំនិតបង្កអំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស។
បន្ទាប់ពីមានព្រឹត្តិការណ៍ចាប់ក្រុមតំណាងរាស្រ្ត មកពីគណបក្សប្រឆាំងកើតឡើងនេះ មន្រ្តីរាជរដ្ឋាភិបាល បានកោះហៅបណ្តាទូតនានាប្រចាំនៅកម្ពុជា ដើម្បីបកស្រាយរាល់ពាក្យចោទប្រកាន់មូយចំនួនពីមជ្ឈដ្ឋាននានា ដែលថា ការចាប់ខ្លួនក្រុមប្រឆាំងទាំងនេះ គឺជាការរៀបចំដោយរាជរដ្ឋាភិបាលនោះ។ ផ្ទុយទៅវិញការចាប់ខ្លួនក្រុមទាំងនេះ គឺជាការមើលឃើញ បទល្មើសជាក់ស្តែងប៉ុណ្ណោះ ដោយមើលឃើញពួកគេ ដឹកនាំធ្វើការញុះញង និងបង្ករបួសស្មាមជាដើម។
នៅក្នុងកិច្ចជំនួបដោយបិទទ្វាររវាងបណ្តាទូតនានា ជាមួយនឹងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបានគេមើល ឃើញថា មានសំណួរ និងចម្លើយជាច្រើនរវាងភាគីទាំងអស់ តែអ្វីគ្រប់យ៉ាងគឺរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា បានបញ្ជាក់ថា ការធ្វើបាតុកម្ម របស់មន្រ្តីគណបក្សសង្រ្គោះជាតិ ធ្វើឡើងក្រោមរូបភាព នយោបាយនៅពីក្រោយ និងមានភាពញុះញង់ ឲ្យរើស អើងពួជសាសន៍ជាដើម៕