សុទ្ធតែស្រវឹងជិះម៉ូតូបុកឡាន អូសជាង ១៥ម៉ែត្រ ផ្លោងធ្លាក់ពេញផ្លូវ ស្លាប់ទាំង ៣នាក់
ជនរងគ្រោះដែលស្លាប់ រួមមានទី១-ឈ្មោះ អួង សំអូន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិព្រៃទើ ឃុំព្រៃញាត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាម្ចាស់ម៉ូតូតែជាអ្នក អង្គុយពីក្រោយ ទី២-ឈ្មោះ ស៊ន សម្ផស្ស ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសន្ដិសុខ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅភូមិព្រៃង៉ោង ឃុំគិរីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអ្នកអង្គុយពីក្រោយ និងម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ នៅឡើយទេ បានគៀបជាប់ជាមួយរថយន្ដ អូសជាង ១៥ម៉ែត្រ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-7453 និងរថយន្ដបង្ក ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y- 9037 អ្នកបើកបរ មានឈ្មោះ សំ ភារុន ភេទប្រុស អាយុជាង ៤០ឆ្នាំ ស្នាក់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ហើយបើតាមសមត្ថកិច្ច បានបញ្ជាក់ថា ទាំងអ្នកបើករថយន្ដ និងអ្នកបើកម៉ូតូ សុទ្ធតែស្រវឹងទាំងអស់គ្នា។
មុនពេលកើតហេតុ រថយន្ដបង្ក បានបើកបរចេញពីបូរីញូថោន រួចឆ្លងផ្លូវពីជើងមកត្បូង ពេលមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានម៉ូតូជនរងគ្រោះ ជិះគ្នា ៣នាក់ រេពេញផ្លូវ ដែរហើយក៏បុកជាមួយរថយន្ដ ចំពីមុខយ៉ាងពេញទំហឹងតែម្ដង។ ពេលបុកនោះ អ្នកជិះពីក្រោយ ២នាក់ បានផ្លោងចេញពីមុខរថយន្ដ ស្លាប់ភ្លាមៗ ហើយអ្នកបើកម៉ូតូ បានគៀបជាប់ជាមួយរថយន្ដ អូសជាង ១៥ម៉ែត្រ ទើបរថយន្ដអស់ល្បឿន ទៅមុខលែងរួច៕ ដោយ វត្តភ្នំ