សង្គមស៊ីវិល និងអ្នកស្រាវជ្រាវរិះគន់ កាកបាទក្រហមកម្ពុជា ករណីជួយសន្តិសុខ មិនជួយបាតុករ
កាលពីម្សិលមិញ តំណាងកាកបាទក្រហមកម្ពុជា
បានចុះជួប និងប្រគល់អំណោយ ដល់ក្រុមសន្តិសុខខណ្ឌដូនពេញចំនួន២៣នាក់
កំពុងសម្រាក់ព្យាលបាលនៅមន្ទីរពេទ្យកាល់ម៉ែត
ដោយសាររងរបួសក្នុងពេលប៉ះទង្គិច
នៅក្នុងបាតុកម្មក្បែរទីលានប្រជាធិបតេយ្យ។
តំណាងកាកបាទក្រហមបានផ្តល់ថវិកា ចំនួន ៥០០០០០០រៀល ទឹកសុទ្ធ
និងគ្រឿងបរិភោគផ្សេងៗ។
លោក ណៃ វ៉ង់ដា
អនុប្រធានស៊ើបអង្កេតផ្នែកសិទ្ធិមនុស្ស
នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា
គឺស្ថាប័នជាតិមួយ ដែលគេចាត់ទុកថា ជាម៉ែឪឬអាណាព្យាបាលរបស់ប្រជាជន
ដូច្នេះប្រសិនបើស្ថាប័ននេះជួយក្រុមសន្តិសុខ
ក៏ត្រូវតែជួយដល់ក្រុមបាតុករដែលបានរងរបួសនៅពេលនោះដែរ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក
កែម ឡី មានប្រសាសន៍ថា កន្លងទៅកាកបាទក្រហមកម្ពុជាធ្លាប់អះអាងថា
ខ្លួនមិនមានតួនាទីជួយជនរងគ្រោះណា
ដែលកើតឡើងពីការធ្វើកូដកម្មឬបាតុកម្មទេ ផ្ទុយទៅវិញនៅពេលនេះ
បែរជាជួយក្រុមសន្តិសុខរងគ្រោះ។ លោករិះគន់ថា កាកបាទក្រហមកម្ពុជា
មិនឯករាជ្យ គ្រប់គ្រងដោយបុគ្គល និងជួយសង្គ្រោះរើសអើងមនុស្ស។
តំណាងប្រចាំកម្ពុជានៃសម្ព័ន្ធគណនេយ្យភាព
សង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ រិះគន់ថា
កាកបាទក្រហមប្រើប្រាស់ជំនួយគ្មានតម្លាភាព
ហើយថាជួយតែខាងសន្តិសុខដែលមិនស្របច្បាប់។ លោកបន្តថា
ទង្វើរបស់កាកបាទក្រហមជួយតែម្ខាងបែបនេះបញ្ជាក់ឲ្យឃើញថា
ខ្លួនកំពុងតែប្រតិបត្តិមិនត្រឹមត្រូវ។
VOD មិនអាចសុំការអធិប្បាយពី លោកស្រី រស់
ច័ន្ទផល្លី ជំនួយការផ្ទាល់របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជាបានទេ ដោយលោកស្រីអះអាងថាថ្ងៃសម្រាក។
ករណីហិង្សាម្សិលមិញនេះ
បានកើតឡើងនៅក្បែរទីលានប្រជាធិបតេយ្យ
ខណៈដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រហែល៤០០នាក់
បានប៉ះទង្គិចជាមួយនឹងឆ្មាំសន្តិសុខ របស់សាលារាជធានីភ្នំពេញ
បណ្តាលឲ្យបាតុករសង្គ្រោះជាតិរបួស១៤នាក់
និងឆ្មាំសន្តិសុខ៣៨នាក់រងរបួស
ហើយក្នុងនោះសន្តិសុខរបួសធ្ងន់បីនាក់៕
ប្រភពពី vodhotnews.com