កូនស្រី ថៅកែរោងចក្រទឹកកក នៅស្រុកស្ទឹងហាវ ស្លាប់ សង្ស័យបណ្តាលមកពី ឆក់ខ្សែភ្លើង
ព្រះសីហនុ ៖ កូនស្រីថៅកែរោងចក្រ
ទឹកកក នៅស្រុកស្ទឹងហាវម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ
ដែលកំពុងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។
ប្រភពពីនគរបាលបានប្រាប់ឲ្យដឹងថា
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ទាំងវ័យក្មេងខ្ចី មានឈ្មោះ ឡាក់ យូស៊ី
អាយុ២០ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះជាមួយឪពុក នៅក្នុងរោងចក្រទឹកកកខ្លួនឯង ស្ថិតក្នុង ភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ប្រភពពីកម្មករបានឲ្យដឹងថា
ខណៈកំពុងធ្វើការវេលាម៉ោង ១០ព្រឹក គាត់បានក្រឡេកឃើញ ជនរង គ្រោះ
ដែលជាកូនស្រីថៅកែរោងចក្រ បានដួលផ្ងាក្រោយ ហាក់បីដូចជាត្រូវឆក់ចរន្តអគ្គិសនី
ក៏នាំគ្នា ស្ទុះមកជួយលើកជនរងគ្រោះ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ
ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ត្រូវបាន គ្រូពេទ្យប្រាប់ថា
ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ មុនពេលមកដល់មន្ទីរពេទ្យទៅហើយ ។ សាក្សី
ដដែលក៏បានប្រាប់ឲ្យដឹងដែរថា កន្លងមកខ្លួនក៏ត្រូវខ្សែភ្លើង
នៅម្តុំកើតហេតុនោះស្រូបប៉ុន្មានដងដែរ ប៉ុន្តែ
សំណាងល្អមិនមានគ្រោះហេតុអាក្រក់កើតឡើងឡើយ ។
ប្រភពពីសមត្ថកិច្ចក៏បានឲ្យដឹងដែរថា
មិនមានមូលហេតុអ្វីច្បាស់លាស់នៅឡើយ ព្រោះពេលស៊ើប អង្កេត នៅកន្លែងកើតហេតុ
សមត្ថកិច្ចរកមិនឃើញមានខ្សែភ្លើងដែលគួរឲ្យសង្ស័យនោះឡើយ ។ សព ជនរងគ្រោះ
ត្រូវបានគ្រួសារដឹកបញ្ជូនទៅលំនៅដ្ឋានវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយក្តី
អាលោះអាល័យជាទីបំផុត ។ សូមបញ្ជាក់ថា គ្រួសារមួយនេះកន្លងមក មានកូនជាច្រើន
បានស្លាប់ជា បន្តបន្ទាប់ ហើយបច្ចុប្បន្ននៅសល់កូនចំនួន ៤ នាក់ ហើយឥឡូវនេះ
ស្លាប់ម្នាក់ទៀត ដូច្នេះនៅសល់តែ ៣នាក់ប៉ុណ្ណោះ ៕
_______________________
ផ្តល់សិទ្ទិដោយ៖dap-news.com
