នីតិវិធី ក្នុងការផ្តល់ លិខិតឆ្លងដែន ដល់ពលករ នៅតែមិនទាន់ បញ្ជាក់ជាផ្លូវការ
ភ្នំពេញ៖ ការរៀបចំ
ធ្វើលិខិតឆ្លងដែន ដល់ពលករ ពលការិនីខ្មែរ ដែលមានបំណង ទៅធ្វើការនៅបរទេស
គិតរហូត មកដល់ពេលនេះ នៅមិនទាន់មាន ការបញ្ជាក់ជាផ្លូវការ ថាត្រូវកំណត់
លម្អិតយ៉ាងណា នៅឡើយទេ បន្ទាប់ពី រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ
ដោយកំណត់ឱ្យយកថ្លៃ ការធ្វើលិខិតឆ្លងដែន ដល់ពលករ ត្រឹម៤ដុល្លាររួចមក ។
កិច្ចប្រជុំ ពាក់ព័ន្ធការរៀបចំ
ការធ្វើលិខិតឆ្លងដែន ជូនពលករ បានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា
ឆ្នាំ២០១៤ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែមិនទាន់មាន
លទ្ធផលច្បាស់លាស់ណាមួយ ដែលបញ្ជាក់ជាផ្លូវការស្តីពីការកំណត់ដោយរបៀបណានៅឡើយទេ
បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំអស់រយៈពេល ២ម៉ោងរួចមក ។
លោក សាធ សាមុធ រដ្ឋលេខាធិការ ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចូលរួម ក្នុងកិច្ចប្រជុំនេះ បានបដិសេធ
មិនធ្វើ អត្ថាធិប្បាយតាមទូរស័ព្ទ ខណៈដែល លោក អ៊ិត សំហេង
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , លោកសេង សក្តា
អគ្គនាយកការងារ និង លោក ហេង សួ អ្នកនាំពាក្យ ក្រសួងការងារ
មិនបានទទួលទូរស័ព្ទ នៅព្រឹកថ្ងៃចន្ទនេះ។
ទោះជាយ៉ាងនេះក្តី
បើតាមប្រភពព័ត៌មានក្រៅផ្លូវការ ពីមន្រ្តីដែលចូលរួម ក្នុងកិច្ចប្រជុំនេះ
ដែលបានបង្ហើប ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានឱ្យដឹងថា
កិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំ ការធ្វើលិខិតឆ្លងដែន នៅព្រឹកមិញនេះ
ក្រុមមន្រ្តីពាក់ព័ន្ធ គ្រាន់តែ ពិភាក្សាគ្នា លើកគោលការណ៍ ក្នុងការរៀបចំ
ការធ្វើលិខិត ឆ្លងដែនជូនពលករ បានមួយចំនួន ប៉ុន្តែមិនទាន់មាន សេចក្តីសម្រេច
ចេញជាលទ្ធផល ផ្លូវការនៅឡើយទេ ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា
ឆ្នាំ២០១៤ បានចេញអនុក្រឹត្យមួយ ដោយកំណត់ ឱ្យភាគីពាក់ព័ន្ធ មិនត្រូវយកថ្លៃ
ធ្វើលិខិតឆ្លងដែនធម្មតា ពីពលករ ពលការិនី និងសិស្ស-និស្សិតអាហារូបករណ៍ នោះទេ
ប៉ុន្តែតម្រូវឱ្យសាមីខ្លួន បង់ថ្លៃសេវា ថតរូបចំនួន ៤ដុល្លារ ។
យោងតាមអនុក្រឹត្យ ដែលបានចុះហត្ថលេខាដោយ
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ថា ការផ្តល់ លិខិតឆ្លងដែន ជូនពលករ
ពលការិនីខ្មែរ ដែលត្រូវទៅធ្វើការ ដោយស្របច្បាប់ នៅបរទេស គឺរាល់អាករទាំងអស់
ជាបន្ទុករបស់រដ្ឋ ប៉ុន្តែពលករ ពលការិនី ត្រូវបង់ប្រាក់ចំនួន ៤ដុល្លារ
សម្រាប់ថ្លៃថតរូប ហើយចំណែក សិសុ្ស-និស្សិត ដែលទទួលអាហារូបករណ៍
ទៅសិក្សានៅបរទេស ក៏មិនឱ្យយកថ្លៃដែរ ប៉ុន្តែត្រូវបង់ ៤ដុល្លារ សម្រាប់
ថ្លៃថតរូបដូចគ្នា ។ លិខិតឆ្លងដែនធម្មតា ត្រូវផ្តល់ជូនពលករ ពលការិនី
និងសិស្ស និស្សិតខ្មែរ ក្នុងរយៈពេល យ៉ាងយូរ ២០ថ្ងៃ
គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំតទៅ។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីរាជរដ្ឋាភិបាល
បានចេញអនុក្រឹត្យនេះ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះដែរ
មានពលករខ្មែររាប់រយនាក់ បានសម្រុកទៅធ្វើលិខិតឆ្លងដែន
នៅសាខាការិយាល័យលិខិតឆ្លងដែន ខេត្តបាត់ដំបង តែអាជ្ញាធរមិនទាន់បើកទ្វារ
ទទួលពួកគេនៅឡើយទេ ដោយសំអាងថា មិនទាន់មានការកំណត់ គោលការណ៍ ច្បាស់លាស់ពី
ក្រសួងការងារ។
បើតាមប្រភពពីអាជ្ញាធរ បានឲ្យដឹងថា
មូលហេតុដែលមិនទាន់ ធ្វើលិខិតឆ្លងដែននេះបាន ដោយសារពលករ សម្រុកមក ច្រើនពេក
ខ្លាចមានការបន្លំ ខណៈដែល ប្រជាពលករទាំងនោះ មិនទាន់មានព័ត៌មាន គ្រប់គ្រាន់
បញ្ជាក់ ពីអត្តសញ្ញាណរបស់ខ្លួននៅឡើយ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com
