ស៊ូថេប និងទាហាន​ រៀបគម្រោងគាស់រំលើង អំណាចត្រកូលថាក់ស៊ីន តាំងតែពីឆ្នាំ២០១០

6/23/2014 0 Comments A+ a-


Presentation1-600x400មេដឹកនាំចលនាអាវលឿងថៃ ស៊ូថេប ថងស៊ូបាន កាលពីថ្ងៃអាទិត្យ បាននិយាយថា ការប៉ុនប៉ង គាស់រំលើងរបបថាក់ស៊ីន ដែលចេញឡើងក្រោម រូបភាពជារដ្ឋប្រហារនាពេលនេះ គឺលោក និងលោកប្រមុខរដ្ឋប្រហារ ប្រយុទ្ធ ចាន់អូចារ បានរៀប និងពិគ្រោះគ្នាជាបន្តបន្ទាប់តាំងតែ ពី ឆ្នាំ២០១០។ នេះបើយោងតាមការផ្សាយរបស់បាងកកប៉ុស្ដិ៍។ក្នុងការបង្ហាញមុខជាសាធារណៈដ៏កម្ររបស់លោក តាំងតែពីយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាល ចាំផ្ទះរបស់បក្ស ភឿថៃ ដែលនិយមអតីតនាយក រដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ លោកស៊ូថេបបាន ប្រកាសប្រាប់ថា វាមិនមែនជារឿងចៃដន្យ ឡើយ ដែលកងទាហានថៃដឹកនាំដោយលោក ប្រយុទ្ធ ចាន់អូចា ធ្វើរដ្ឋប្រហារថ្ងៃទី២២ឧសភា កន្លងទៅនេះ។
លោកថា តាំងតែពីមានចលាចលនយោបាយកាលពីឆ្នាំ២០១០ គ្រាដែលអ្នកគាំទ្រក្រុមអាវក្រហមរាប់ម៉ឺននាក់ ចេញមក ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោតឆ័ត្ររបស់លោកអតីតនាយករដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា ដែលគ្រានោះលោក ស៊ូថេបខ្លួនឯងជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ លោក និងលោកប្រយុទ្ធ ចាន់អូចា តែងបានសន្ទនាគ្នាជាញឹកញាប់តាម រយៈការជួបផ្ទាល់ និងការឆ្លើយឆ្លងតាមបណ្ដាញសង្គម LINE។
បើតាមលោក ស៊ូថេប ដែលត្រូវបានកាសែតក្នុងស្រុក បាងកកប៉ុស្ដិ៍ ដកស្រង់សម្ដីមកផ្សាយកាលពីព្រឹកថ្ងៃចន្ទ ក្នុងការ សន្ទនាគ្នា និងរៀបចំផែនការ លោក និងលោកប្រយុទ្ធ មានគោលដៅរយៈពេលវែងបិទបញ្ចប់ទាំងស្រុង ការបែងចែក ពណ៌សម្បុរនយោបាយក្នុងប្រទេសថៃ បង្រួបបង្រួមជាតិឡើងវិញ ធ្វើកំណែទម្រង់សេដ្ឋកិច្ច និងរដ្ឋបាលស្របទៅតាមបទ ដ្ឋាន ប្រជាធិបតេយ្យ ដែលយកព្រះមហាក្សត្រជាទីពឹងពំនាក់។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះនោះ លោកស៊ូថេប បានបង្ហើបថា នៅប៉ុន្មានថ្ងៃមុននឹងការធ្វើរដ្ឋប្រហារ លោកប្រយុទ្ធបាន បា្រប់មកលោកថា ក្រុមលោក ដែលដឹកនាំបាតុកម្ម ក្រោយពីចំណាយពេលកន្លះឆ្នាំធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាល លោកស្រី យីងឡាក់ តាំងតែពីចុងឆ្នាំ២០១៣មក ទំនងជាមានភាពនឿយហត់ហើយ ហើយលោកស៊ូថេប បានបន្តស្រង់ សម្ដីលោកប្រយុទ្ធទៀតថា «វាដល់ពេលដែលយោធា បំពេញតួនាទីរបស់ខ្លួនម្ដង»។
គេមិនទាន់ឃើញមានប្រតិកម្មអ្វីពីខាងគណៈរដ្ឋមន្ត្រីយោធារបស់លោក ប្រយុទ្ធ ចាន់អូចា ឡើយ តែបើអ្វីដែលលោក ស៊ូថេប បានលើកឡើងនោះជាការពិត វាបង្ហាញថា លោកស៊ូថេប មានចេតនាចង់បង្ហាញថា លោក ក្រុមអាវលឿង និង ក្រុមយោធា ស្ថិតនៅលើទូកតែមួយ ត្បិតអី ពួកលោកសុទ្ធតែជាក្រុមអភិជនថៃដែលស្មោះស្ម័គ្រឥតងាករេចំពោះនឹង ព្រះរាជបល្ល័ង្ក និងរបបរាជានិយម៕
ប្រភពពី  Free Press Magazine