ចោទប្រកាន់ពីរនាក់ ប្ដីប្រពន្ធ វាយឈ្នួល បម្រើ ពីបទហិង្សា ដោយចេតនា

6/23/2014 0 Comments A+ a-


ddd18ភ្នំពេញ ៖ ពីរនាក់ប្ដីប្រពន្ធ ជាថៅកែហាង លក់គ្រឿងសង្ហារឹម និងទទួលបុកគ្រឹះចាក់ សរសរ ដែលជាប់ ពាក់ព័ន្ធ និងការវាយ ធ្វើទារុណកម្មលើ ឈ្នួលបម្រើស្រី អាយុ៧ឆ្នាំនោះ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រ កាន់ពីបទហិង្សាដោយចេតនា រួចហើយបញ្ជូន សំណុំរឿងមួយនេះ ទៅកាន់ដៃចៅក្រមស៊ើបសួរចាត់ការបន្ដទៀត នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ។
មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យ ដឹងថា ក្រោយពីសមត្ថកិច្ចបានបញ្ជូនជន សង្ស័យទាំងពីរនាក់ទៅ កាន់តុលាការរួចមក នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ នេះ ត្រូវបានតំណាងអយ្យការសួរនាំរួចហើយ សម្រេចធ្វើការចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសតាមមាត្រា ២១៩ នៃក្រមព្រហ្មទណ្ឌ ហើយព្រះរាជអាជ្ញា បានបញ្ជូនសំណុំរឿងមួយនេះ ទៅកាន់ដៃ ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ដទៀត ប៉ុន្ដែគេមិន ទាន់ដឹងថា តើចៅក្រមនិងសម្រេច យ៉ាងណា ចំពោះប្ដីប្រពន្ធទាំងពីរនាក់នេះទេ ។
មន្រ្តីនគរបាល បានថ្លែងថា ប្តីមាន ឈ្មោះ វ៉េង វីណា អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ជៀម ស្រីដួង អាយុ៣០ឆ្នាំ មានមុខរបរ ជាអ្នក រកស៊ី និងលក់គ្រឿង សង្ហារឹម ព្រមទាំងមានការជួល និងទទួលបុកគ្រឹះ ចាក់សសរគ្រឹះ ស្ថិតនៅ ក្នុងដីឡូត៍ មួយកន្លែង តាមផ្លូវលេខ៧៧បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្តីប្រពន្ធ ទាំង២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ហៅទៅសួរនាំ រួចបញ្ជូនបន្តទៅកាន់ ការិយា ល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ក្រោយពី ទទួលនូវ សេចក្តីរាយការណ៍ថា ពួកគេបានវាយ និងធ្វើបាបដល់ ឈ្នួលបម្រើស្រី អាយុ៧ឆ្នាំ បណ្តាលឲ្យរងរបួស លើដងខ្លួន តាំងពីចុងជើង ដល់ក្បាល។
សេចក្តីរាយការណ៍ ពីសាក្សី បានបន្តទៀតថា ប្តីប្រពន្ធ ២នាក់នេះ ដែលប្តីអាចជាមន្រ្តី យោធាផងនោះ បានយកខ្សែភ្លើង ប្រហែល១ម៉ែត្រ វាយលើក្មេងស្រី បណ្តាលឲ្យរងរបួស ហើយពេលខ្លះ បោកខោអាវមិន ស្អាតល្អ វាយ និងដាក់ឲ្យស្រមោច រោមទៀតផង។
ក្រោយពីទទួលបានព័ត៌មាន នៃការធ្វើទារុណកម្ម ទៅលើក្មេងស្រីជា ឈ្នួលបម្រើ អាយុ៧ឆ្នាំ រូបនេះ និងក្រោយ ការបញ្ជាពី សំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រួចមក នៅវេលាថ្ងៃ ត្រង់ទី២០ ខែមិថុនា ឆ្នាំ២០១៤ អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋាន រួមជាមួយ ប្រជាការពារភូមិ ប្រមាណ១០ នាក់ បានចុះទៅសួរនាំ នៅផ្ទះកើតហេតុ និងសុំមើលស្លាកស្នាម ដែលកើតឡើងលើខ្លួន ប្រាណក្មេង ស្រីរូបនេះ ។
ប្រភពព័ត៌មានពី មន្ដ្រីអាជ្ញាធរ មូលដ្ឋាន មួយរូប បាននិយាយថា ក្មេងស្រីដែលត្រូវ ថៅកែរបស់ខ្លួនវាយធ្វើបាប ឈ្មោះ កែន ស្រីយ៉ា អាយុ៧ឆ្នាំ រីឯ បងស្រីរបស់ខ្លួន ម្នាក់ទៀត ឈ្មោះកែន ស្រី ម៉ៅ អាយុ១៥ឆ្នាំ ដែល ពួកគេទាំងពីរនាក់ រស់នៅជាមួយថៅកែ ប្រុស ស្រី រួមជាមួយ ឪពុករបស់ខ្លួនឈ្មោះ កែន កន ដែលពូកែផឹក ស្រា ខណៈដែលស្ដ្រី ជាម្ដាយបានរត់ចោល បាត់នោះ។ យ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថកិច្ច ប្តីប្រពន្ធ២នាក់ ខាងលើនេះ បានបដិសេធ នូវការចោទប្រកាន់ នូវទង្វើរបស់ខ្លួន ទៅលើក្មេងស្រីរូបនេះ។
មន្រ្តីនគរបាល ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន បានដកស្រង់សំដី របស់ប្តីប្រពន្ធ ដោយរៀបរាប់ថា ពួកគេបានយកក្មេងស្រី មកចិញ្ចឹមតាំងពីអាយុ២ឆ្នាំ មកម្ល៉េះ ចាប់តាំងពីម្តាយ របស់នាង បានរត់ចោលឪពុកនាង ទៅថៃបាត់ ហើយយកប្តី ថ្មី ។ ពួកគេនិយាយទៀតថា ឪពុកក្មេងស្រី និងបងស្រីនាងម្នាក់ ទៀតអាយុ ជាង១០ឆ្នាំ ក៏ យកមកនៅជាមួយ ហើយឲ្យទៅរៀនសូត្រ ទៀតផង ។ ពេលខ្លះក្មេងស្រី រូបនេះ បានដើរចេញពីផ្ទះមិនដឹង ទៅដេកកន្លែងណា ពួកគេ និងក្រុមគ្រួសារ បានដើររក យកត្រឡប់មកវិញ ។
ប្តីប្រពន្ធទាំងនេះ បានបដិសេធថា មិនបានវាយធ្វើបាប ដូចសេចក្តីរាយការណ៍នោះទេ ហើយក៏គ្មានដែរ យកទៅ ដាក់ ឲ្យ ស្រមោចរោម តែពួកគេទទួលស្គាល់ថា ពេលខ្លះ មានការប្រដៅ និងស្តីឲ្យ ហើយពេលខ្លះ បងស្រី របស់នាង បានវាយដោយសារតែនាងមិនស្តាប់ និងរឹងរូស ។ ក្រោយមានរឿងនេះកើតឡើង ខាងអង្គការ បានយកក្មេងស្រីរូបនេះទៅចិញ្ចឹម តែបងស្រីរបស់នាង យំមិនព្រមឲ្យ ដោយចង់បន្តរស់នៅ ជាមួយបងស្រីរបស់ នាងបន្តទៀត។
នេះគ្រាន់តែជាការលើកឡើង របស់ប្តីប្រពន្ធ ដែលបានប្រាប់សមត្ថកិច្ចប៉ុណ្ណោះ តែយ៉ាងណានោះ អាស្រ័យ លើតុលារការ ក្នុងការមានវិធានការណ៍បន្តទៀត ។ សូមបញ្ជាក់ថា រឿងរ៉ាវ ថៅកែធ្វើទារុណកម្ម និងវាយធ្វើបាប ឈ្នួលបម្រើស្រីរបស់ខ្លួន តែងតែកើតមានឡើង ដូចជាករណី គ្រូបង្រៀននៅសាលាសន្ធរម៉ុក និងឧកញ៉ា វ៉េង តិចឡា រួមជាមួយ ភរិយា តែជនទាំងនោះ តែងតែទទួលរងនូវការ ចោទប្រកាន់ និងមានវិធានការណ៍ របស់តុលាការ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com