ក្រសួងការងារស្នើឲ្យ ក្រសួងមហាផ្ទៃបញ្ចេញ លិខិតឆ្លងដែនលើសពី ៥០០ ក្នុង១ថ្ងៃ
ភ្នំពេញៈ ក្រសួង
ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
នឹងស្នើសុំឲ្យក្រសួងមហាផ្ទៃបញ្ចេញលិខិតឆ្លងដែនឲ្យបានលើសពី
ចំនួន ៥០០ រៀងរាល់ថ្ងៃដល់ពលករ
ដើម្បីពន្លឿនឲ្យពលករខុសច្បាប់អាចទទួលបាននូវឯកសារស្របច្បាប់
ឆាប់ៗ។
កាលពីម្សិលមិញ លោក អ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងការងារ បានជួបមន្ត្រីនៃមន្ទីរការងារទាំង ២៤
ខេត្ត-រាជធានី លើបញ្ហាពលករចំណាកស្រុកប្រមាណជា ២៣
ម៉ឺននាក់ដែលត្រូវបាន ថៃ ចាប់បញ្ជូនមកវិញ
ហើយជាបញ្ហាដែលរដ្ឋត្រូវដោះស្រាយជាបន្ទាន់
ប៉ុន្តែមិនមានព័ត៌មានលម្អិតពីកិច្ចប្រជុំនេះទេ។
ទោះយ៉ាងណា លោក យ៉ូវ ខេមរា
ប្រធានមន្ទីរការងារ ខេត្តព្រះសីហនុ ឲ្យដឹងថា
ចំពោះលិខិតឆ្លងដែនតម្លៃ ៤
ដុល្លារនេះនៅមានពលករខ្លះមិនយល់នីតិវិធីនៃការសុំដាក់ពាក្យធ្វើ
លិខិតឆ្លងដែននៅឡើយ។
លោកថា៖ «យើងមានតែ ២
កន្លែងប៉ុណ្ណោះសម្រាប់ផ្តល់ប៉ាស្ព័រ គឺ ភ្នំពេញ និងបាត់ដំបង
ហើយស្ថិតក្រោមក្រសួងមហាផ្ទៃ ប៉ុន្តែពលករភាគច្រើន ច្រើនច្រឡំ។
យើងបាននិយាយលើរឿងនេះ។ ក្រសួងមហាផ្ទៃ ចេញប៉ាស្ព័រ ៥០០
ក្នុងមួយថ្ងៃសម្រាប់ពលករធ្វើការក្រៅប្រទេស
ប៉ុន្តែជាគោលការណ៍ក្រសួងការងារនឹងធ្វើលិខិតស្នើឲ្យក្រសួងមហាផ្ទៃ
បង្កើនតួលេខឲ្យលើសនេះ ព្រោះពលករ ២៣ ម៉ឺននាក់
យើងត្រូវការចេញឲ្យបានលឿន»។
ក្រោយមានការបញ្ជូនពលករខុសច្បាប់យ៉ាង
ច្រើនរាប់ម៉ឺននាក់មកពី ប្រទេសថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានចេញលិខិតពីថ្ងៃ ២០ មិថុនា
តម្រូវឲ្យយកថ្លៃលិខិតឆ្លងដែនសម្រាប់ពលករចំណាកស្រុកដោយចំណាយអស់
តែ ៤ ដុល្លារប៉ុណ្ណោះ ហើយយកបានក្នុងរយៈពេល ២០ ថ្ងៃដែលគេយល់ថា
ជាការសម្រួលឲ្យពលករបានសិទ្ធិស្របច្បាប់ធ្វើការនៅក្រៅប្រទេសដែល
ពីមុនរដ្ឋបានកំណត់យក ២៤ ដុល្លារ។
ជាក់ស្តែងកាលពីម្សិលមិញ ក៏មានពលរដ្ឋជាង
១០០ នាក់បានសម្រុកមកធ្វើលិខិតឆ្លងដែនតម្លៃ ៤
ដុល្លារនៅក្នុងការិយាល័យលិខិតឆ្លងដែន ខេត្តបាត់ដំបង ពួកគេអះអាងថា
ជាពលករសុំធ្វើការនៅក្រៅប្រទេស ប៉ុន្តែមន្ត្រីទីនោះនិយាយថា
អាជ្ញាធរមិនទាន់ផ្តល់ឲ្យបាននៅឡើយដោយសារត្រូវមានគោលការណ៍ពី
ក្រសួងមហាផ្ទៃ និងលិខិតបញ្ជាក់ពីក្រសួងការងារជាមុនសិន។
លោក ប៉ាន់ ឌី មន្ត្រីការិយាល័យលិខិតឆ្លងដែន
ខេត្តបាត់ដំបង ឲ្យដឹងថា៖ «មានពលរដ្ឋមកចន្លោះ ១០០ នាក់ទៅ ២០០
នាក់ប៉ុន្តែយើងខ្លាចគេបន្លំថា ជាពលករ។ យើងប្រាប់ថា
មិនទាន់ធ្វើបាននៅឡើយទេ រង់ចាំគោលការណ៍ពីថ្នាក់លើសិន
ព្រោះគេទើបតែប្រជុំព្រឹកមិញ
ហើយបើធ្វើបានលុះត្រាតែមានឯកសារបញ្ជីឈ្មោះណាមួយពីក្រសួង
ការងារ ដើម្បីផ្ទៀងផ្ទាត់ឈ្មោះ។ យើងខ្លាចពលរដ្ឋធម្មតាមកធ្វើ ហើយថា
ជាពលករនោះយើងគ្មានលុយឯណាសងរដ្ឋទេ»។
ទោះយ៉ាងណាលោកថា
ក៏មានអ្នកលក់ដូរដែលចេញចូល ប្រទេសថៃ រកស៊ីប្រចាំថ្ងៃ
ក៏បានមកបំពេញពាក្យសុំធ្វើលិខិតឆ្លងដែនច្រើនដែរ
បានរហូតដល់ប្រមាណ ១០០ នាក់ក្នុងមួយថ្ងៃ
ខុសពីពេលមុនដែលមានប្រមាណ ២០ នាក់ប៉ុណ្ណោះ។ នេះគឺដោយសារពួកគេ
«ខ្លាចមានការចាប់បញ្ជូន»
ណាមួយកើតឡើងមកលើខ្លួនដែរពីសំណាក់អាជ្ញាធរ ថៃ
ទោះគេមានលិខិតចេញចូលលក់ដូរក្នុងផ្សារនៅ ប្រទេសថៃ
យ៉ាងណាក៏ដោយ។
លោក ចាន់ សុវេត
អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្ស អាដហុក ថ្លែងថា
លោកនៅមានចម្ងល់ចំពោះនីតិវិធីនៃការធ្វើលិខិតឆ្លងដែនឲ្យពលករនៅ
ឡើយ
ថាតើធ្វើម៉េចដើម្បីឲ្យពួកគេទទួលបានតម្លៃដូចរដ្ឋាភិបាលបាន
កំណត់គ្មានកម្រៃបន្ថែមក្រៅផ្លូវការ។
លោកថា៖ «យើងឃើញថា
កន្លែងធ្វើប៉ាស្ព័រក្នុងស្រុកខ្មែរ ដូចផ្សារត្រី
មានអ្នករត់ការចុះឡើង…ទីបំផុតការធ្វើតម្លៃពីមុនជាង ២០
ដុល្លារសម្រាប់កម្មករ
មិនអាចធ្វើបាន។..រដ្ឋាភិបាលមិនដែលធ្វើស្អីមួយឲ្យពួកគាត់មាន
សេចក្តីទុកចិត្តទេ និយាយអីចេះ ធ្វើអីចុះ។ ប្រទេសកម្ពុជា
ជាប្រទេសធ្វើប៉ាស្ព័រថ្លៃជាងគេ ក្នុងតំបន់
បើធ្វើបាននោះគួរគាំទ្រ
ដើម្បីជ្រោមជ្រែងដល់ពលរដ្ឋក្រីក្រផងដែរ»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍