អ្នកជំនាញបារម្ភពីការបាត់បង់គំនូរ បុរាណលើជញ្ជាំងប្រាសាទអង្គរវត្ត
មន្ត្រីអាជ្ញាធរអប្សរា ទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណ ក្នុងខេត្តសៀមរាប ឱ្យដឹងថា គេកំពុងទាក់ទងរកអ្នកជំនាញបរទេសខាងថែរក្សាគំនូរបុរាណ ឱ្យមកជួយថែរក្សាគំនូរពណ៌ជាច្រើន ដែលឃើញមាននៅតាមជញ្ជាំងអង្គរវត្ត ឱ្យគង់វង្សយូរអង្វែងតទៅទៀត។
ការទាក់ទងរកអ្នកជំនាញបរទេសឱ្យជួយនេះ បន្ទាប់ពីក្រុមមន្ត្រីអាជ្ញាធរអប្សរា រួមជាមួយនិងអ្នកឯកទេសផ្នែកគំនូរបរទេសខ្លះ បានរកឃើញគំនូរប្រមាណជា ២០០ នៅលើជញ្ជាំងថ្ម និងលើថែវជាច្រើនកន្លែងរបស់ប្រាសាទអង្គរវត្ត ព្រមទាំងបានសរសេរជាអត្ថបទបោះពុម្ពផ្សាយកាលពីពេលថ្មីៗផង។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក អ៊ឹម សុករិទ្ធី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ថា អ្នកជំនាញផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរាចំនួន ៣រូប បានសហការជាមួយជនជាតិម៉ាឡេស៊ី ម្នាក់ ដែលទៅរៀនជំនាញគំនូរនៅប្រទេសអូស្ត្រាលី បានធ្វើការជាមួយគ្នារយៈពេលជាច្រើនខែ តាមរកឃើញគំនូរបុរាណដែលមាននៅច្រើនកន្លែងក្នុងប្រាសាទអង្គរវត្ត។ បន្ទាប់ពីការរកឃើញនេះ អ្នកជំនាញរបស់អាជ្ញាធរអប្សរា និងបរទេសម្នាក់នោះ បានរួមគ្នាសរសេរជាអត្ថបទបោះពុម្ពផ្សាយកាលពីជាងកន្លះខែមុន។
លោក អ៊ឹម សុករិទ្ធី៖ «គំនូរបុរាណហ្នឹងមានតូចមានធំ ខ្លះរូបរាងយើងមើលស្គាល់ ខ្លះមើលមិនស្គាល់ គឺមានមនុស្សខ្លះទៅមានរូបជាសំណង់បុស្បុកអីខ្លះទៅ មានរូបជាសត្វ រូបដំរី រូបសេះ រូបមនុស្សជិះសត្វខ្លះទៅ។ រូបទូក ទូកច្រើនប្រភេទណាស់ ទូកធំ ទូកតូច ទូកសម័យទំនើប សម័យដែលបារាំង ចូលស្រុកក៏មាន ហើយរូបឧបករណ៍ភ្លេង គង រនាត មានស្អីចឹងទៅ។ មានគំនូរម្យ៉ាងទៀតចាស់ជាងហ្នឹង គឺគំនូរដើមរបស់ប្រាសាទតែម្ដង គេគូរជាក្បាច់ដូចចម្លាក់អ៊ីចឹង ហើយគេលាបពណ៌លាបអី គឺគំនូរពណ៌នៅលើថ្ម»។
អ្នកជំនាញផ្នែកបុរាណវិទ្យារបស់កម្ពុជា ជឿថា គំនូរពណ៌លើថ្មពីសម័យបុរាណទាំងនោះ មិនមែនមាននៅតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ គឺអាចមាននៅតាមជញ្ជាំងប្រាសាទធំៗមួយចំនួនទៀតដែរ។
បុគ្គលិកអាជ្ញាធរអប្សរា ១រូប ដែលជំនាញផ្នែកបុរាណវិទ្យា លោក ខៀវ ច័ន្ទ មានប្រសាសន៍ថា តាមដែលលោកបានដើររកគំនូរទាំងនោះរយៈពេលជាច្រើនខែ គឺលោកដឹងថា គំនូរបុរាណដែលគេគូរលើផ្ទាំងថ្មនៃប្រាសាទអង្គរ គឺបានប្រើពណ៌ចំនួន៣ មានពណ៌ខ្មៅ ទំនងជាខ្មុកម្រៈ ឬក៏ធ្យូងមានពណ៌ក្រហម ហើយនិងពណ៌មាស ជាដើម៖ «កន្លែងគូរហ្នឹងមាន ខ្លះវាស្មើនឹងភ្នែកយើង មានខ្លះឡើងខ្ពស់ មានន័យថា គេដាក់រន្ទាអីត្រឹមត្រូវ បានឡើងគូរ។ ឯថាអ្នកណាជាអ្នកគូរ គឺយើងអត់ដឹងទេ គ្រាន់តែថា អង្គរវត្ត តាំងពីគេបោះបង់ឋានៈជារាជធានី គឺវាក្លាយទៅជាមណ្ឌលសាសនាធំមែនទែន នៅក្នុងតំបន់រហូតដល់មានព្រះសង្ឃមកពីជប៉ុន មកពីចិន មកពីភូមា អីមក ធ្វើអីនៅក្នុងហ្នឹង រហូតដល់មានសិលាចារឹកអារ៉ាប់ អីបញ្ជាក់ខ្លះផង។ ដូច្នេះ រឿងហ្នឹងយើងមិនដឹងថា រូបគំនូរហ្នឹងកើតនៅពេលណាពិតប្រាកដទេ»។
ទោះយ៉ាងណា ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាកម្ពុជា ពន្យល់ថា គំនូរដែលឃើញមាននៅតាមជញ្ជាំង និងថែវជាច្រើនកន្លែងរបស់ប្រាសាទអង្គរវត្តនោះ គេអាចនឹងបញ្ជាក់អំពីអាយុ និងសម័យកាលរបស់វាបាន ប្រសិនបើគេឆ្កឹះយកពណ៌គំនូរទាំងនោះទៅធ្វើការវិភាគតាមបែប វិទ្យាសាស្ត្រ ក៏ប៉ុន្តែការធ្វើវិភាគនោះ គឺមានឧបសគ្គដោយសារត្រូវការចំណាយថវិកា៕
ប្រភពពី វិទ្យុអាស៊ីសេរី
