មាន​ការ​ឃោសនា​កុំ​ឲ្យ ​ពលករ​ជឿ​សង្គ្រោះ​ជាតិ​

6/24/2014 0 Comments A+ a-


20140624_05aបន្ទាយ​មាន​ជ័យៈ សកម្មជន ​គណបក្ស​កាន់​អំណាច​បាន​អំពាវនាវ​ដល់​ពលករ​ចំណាក​ស្រុក​ដែល​ទើប​តែ​វិល​ ត្រឡប់​មក​ពី ប្រទេស​ថៃ កុំ​ឲ្យ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឃោសនា​ថា គណបក្ស​ប្រឆាំង​ដែល​ឈ្នះ​បាន​ចំនួន ៥៥ អាសនៈ ក្នុង​រដ្ឋសភា​នេះ ពុំ​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ទេ គឺ​បាន​តែ​និយាយ​ប៉ុណ្ណោះ។
យោង​តាម​លោក ចៅ វាសនា ជំទប់ ទី១ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង កាល​ពី​ម្សិលមិញ​ថា មាន​ខិត្តប័ណ្ណ​រាប់​រយ​សន្លឹក​ត្រូវ​បាន​សកម្មជន​គណបក្ស​ប្រជាជន​ចែក​ឲ្យ​ ពលករ​ចំណាក​ស្រុក កាល​ពី​ចុង​សប្តាហ៍​មុន នៅ​ច្រក​ព្រំដែន​អន្តរជាតិ ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។
លោក ចៅ វាសនា បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​ខិត្តប័ណ្ណ​នេះ​ទេ ព្រោះ​ប្រជា​ពលរដ្ឋ​មិន​ជឿ​លើ​ខិត្តប័ណ្ណ​នេះ​ទេ។ គណបក្ស​ប្រជាជន បាន​ចេញ​ខិត្តប័ណ្ណ​នេះ ព្រោះ​គណបក្ស​ប្រជាជន គ្មាន​វិធី​និយាយ​ទៀត​ទេ»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​មើល​ឃើញ​ខិត្តប័ណ្ណ​នេះ នៅ​ថ្ងៃ ទី២១ ខែ​មិថុនា ប៉ុន្តែ ខិត្តប័ណ្ណ​ពុំ​បាន​សរសេរ​ឈ្មោះ​អ្នក​ណា​ម្នាក់​ទេ។
ផ្អែក​លើ​ខិត្តប័ណ្ណ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី កាល​ពី​ថ្ងៃ​អាទិត្យ បាន​ឲ្យ​ដឹង​ថា សកម្មជន​គណបក្ស​ប្រជាជន បាន​អំពាវនាវ​ដល់​ពលករ​ចំណាក​ស្រុក​សូម​ឲ្យ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ ជាតិ ព្រោះ​គណបក្ស​ប្រឆាំង​នេះ មិន​បាន​ជួយ​ពលករ​ចំណាក​ស្រុក​ទេ ផ្ទុយ​ទៅ​វិញ​តែង​តែ​រិះគន់​គណបក្ស​ប្រជាជន​ដែល​កំពុង​ជួយ​ពលករ។
ខិត្តប័ណ្ណ​នោះ​បាន​សរសេរ​ថា៖ «ពលករ​ដែល​ទើប​វិល​ត្រឡប់​ពី​ថៃ សូម​ពិចារណា កុំ​ជឿ ហើយ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​គណបក្ស​នេះ​បាន​តែ​និយាយ ប៉ុន្តែ​មិន​បាន​ធ្វើ​អ្វី​ទេ»។ ទន្ទឹម​នឹង​នេះ សកម្មជន​គណបក្ស​ប្រជាជន បាន​លើក​ឡើង​អំពី​ចំណុច​ល្អ​របស់​គណបក្ស​ប្រជាជន ជា​ពិសេស​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​បាន​ព្យាយាម​ជួយ​ពលករ​ចំណាក​ស្រុក ដោយ​ផ្តល់​ជំនួយ​បន្ទាន់ រាប់​ទាំង​ថ្នាំ​ពេទ្យ ការ​ដឹក​ជញ្ជូន ម្ហូប​អាហារ និង​សេវាកម្ម​ដទៃ​ទៀត​ដល់​ពលករ។
ប៉ុន្តែ នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ លោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុង​ប៉ោយប៉ែត បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ និង​ការពារ​គណបក្ស​ប្រជាជន។ លោក ង៉ោ ម៉េងជ្រួន ថ្លែង​ថា៖ «គណបក្ស​ប្រជាជន ជា​អាជ្ញាធរ មិន​ធ្វើ​អ្វី​គ្មាន​ប្រយោជន៍​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​នោះ​ទេ។ ដូច្នេះ សកម្មភាព​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ គឺ​ដើម្បី​ផល​ចំណេញ​នយោបាយ»។
កាល​ពី​ចុង​សប្តាហ៍​មុន អាជ្ញាធរ ក្រុង​ប៉ោយប៉ែត បាន​រារាំង​ក្រុម​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​ថៃ​ចាប់​ បញ្ជូន​មក​រាប់​ម៉ឺន​នាក់​នោះ​ឡើយ។
លោក គង់ សុជាតិ និង​លោក ផល ប៊ុនធឿន ពលករ​ចំណាក​ស្រុក​ដែល​ទើប​តែ​ត្រូវ​បាន​និរទេស​មក​ពី​ថៃ កាល​ពី​សប្តាហ៍​មុន បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ពួក​លោក បាន​អាន​ខិត្តប័ណ្ណ​ដែល​ទទួល​បាន​ពី​សកម្មជន​គណបក្ស​ប្រជាជន ប៉ុន្តែ ពួក​លោក​មិន​ចាប់​អារម្មណ៍​លើ​ខិត្តប័ណ្ណ​ទាំង​នោះ​ទេ។
លោក សុជាតិ ថ្លែង​ថា៖ «ខ្ញុំ​មិន​ខ្វល់​អំពី​គណបក្ស​នយោបាយ​ទេ ប៉ុន្តែ ខ្ញុំ​ទាម​ទារ​សូម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​តាម​ការ​សន្យា ព្រោះ​ខ្ញុំ​បាន​មើល​ឃើញ​គណបក្ស​នេះ​មាន​គោល​នយោបាយ​ល្អ​ជាច្រើន​សម្រាប់​ ប្រជាជន។ គាត់​មិន​ប្រើ​អំណាច​មក​គាប​សង្កត់​ប្រជាជន​ទេ»។
លោក សុជាតិ បាន​បន្ថែម​ថា លោក​នឹង​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​ទៀត ពេល​គណបក្ស​ប្រជាជន​មិន​អាច​បង្កើត​ការងារ​ឲ្យ​លោក​ធ្វើ មាន​ប្រាក់​ឈ្នួល​សមរម្យ​ដើម្បី​ចិញ្ចឹម​គ្រួសារ៕
_________________________
ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍