មេដឹកនាំសហជីពចំនួន ៦ព្រមានថានឹងផ្ទុះការតវ៉ាជាថ្មី បើមិនដំឡើងប្រាក់ខែកម្មករ រោងចក្រ១៦០ដុល្លារទេនោះ
នឹងផ្ទុះការតវ៉ាជាថ្មីឡើងវិញ
បើសិនជាមិនធ្វើការដោះស្រាយដំឡើងប្រាក់ឈ្នួលអប្បបរមា
សំរាប់កម្មករនិយោជិតវិស័យកាត់ដេរ និងដេរស្បែកជើង ចំនួន ១៦០ ដុល្លារ
និងត្រូវលុបចោលនូវបំរាមការជួបជុំជាសាធារណៈ
ព្រមទាំងត្រូវស្វែងរកចាប់ខ្លួនជនល្មើសដែលបានបាញ់
និងប្រើអំពើហិង្សា មកលើកម្មករ កាលពីថ្ងៃទី២-៣ ខែមករា
យកមកផ្ដន្ទាទោសទេនោះ។
សេចក្តីថ្លែងការណ៍ របស់សហព័ន្ធ សហជីព
និងសមាគម ចុះថ្ងៃទី២៣ ខែមិថុនា បានឲ្យដឹងថា បន្ទាប់ពីមានការបង្ក្រាប
មកលើក្រុមកម្មករនិយោជិត ដែលបណ្ដាលឲ្យកម្មករ ៥ នាក់ ស្លាប់ ជាង ៤០
នាក់ រងរបួសធ្ងន់ និង ២៣ នាក់ទៀត ត្រូវចាប់ដាក់ឃុំ
ដោយសារតែពួកគេតវ៉ាដំឡើងប្រាក់ឈ្នួលនាពេលកន្លងមក
រដ្ឋាភិបាលនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព និងការជួបប្រជុំជាសាធារណៈ
ដែលកាន់តែធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់
ប្រជាពលរដ្ឋ និងកម្មករនិយោជិត។
សេចក្តីថ្លែងការណ៍ បានបន្តថា កម្មករ
និងសហជីពបានធ្វើការតស៊ូយ៉ាងខ្លាំង
ដោយមានការសហការជាមួយដៃគូពាក់ព័ន្ធនៅជុំវិញពិភពលោក
ដើម្បីជំរុញឲ្យរដ្ឋាភិបាល ក្រុមហ៊ុនអ្នកផលិត
និងក្រុមហ៊ូនអ្នកបញ្ជាទិញ ដោះស្រាយដំឡើងប្រាក់ឈ្មួលឲ្យបានសមរម្យ
និងផ្ដល់សិទ្ធិសេរីភាពជូនបងប្អូនកម្មករ និងប្រជាពលរដ្ឋវិញ
រួមទាំងឲ្យដោះស្រាយបញ្ហាចាប់ខ្លួន និងសំណងផ្សេងៗផងដែរ។
ការជំរុញពីដៃពាក់ព័ន្ធនេះ បានពន្យារពេលតាំងពីដើមខែមករា
ដល់ចុងខែមិថុនា ឆ្នាំ២០១៤នេះ
ហើយនៅតែមិនទាន់បានដោះស្រាយនូវបញ្ហាទាំងនោះ
ឲ្យបានចប់សព្វគ្រប់នៅឡើយ។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ កម្មករ
២៥នាក់ ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំ
ប៉ុន្តែតុលាការមិនបានដកការចោទប្រកាន់ឡើយ រួមទាំងបញ្ហាមួយចំនួន
ក៏មិនត្រូវបានដោះស្រាយដែរ។ ជាពិសេសគឺប្រាក់ឈ្នួលអប្បបរមា
ដែលជាមូលហេតុចំបងនៃការតវ៉ានាពេលកន្លងមក។
យោងលើមូលហេតុខាងលើនេះ សហព័ន្ធ សហជីព
និងសមាគម ស្នើឲ្យរាជរដ្ឋាភិបាល ក្រុមហ៊ុនអ្នកផលិត
ក្រុមហ៊ុនអ្នកបញ្ជាទិញ ត្រូវដោះស្រាយនូវសំណូមពរដូចខាងក្រោម៖
១- រាជរដ្ឋាភិបាល និងក្រុមហ៊ុន
ត្រូវដំឡើងប្រាក់ឈ្នួលអប្បបរមា សំរាប់កម្មនិយោជិតវិស័យកាត់ដេរ
និងដេរស្បែកជើង ចំនួន ១៦០ដុល្លារ ឲ្យបានក្នុងឆ្នាំ២០១៤ នេះ
យ៉ាងយូរត្រូវអនុវត្តនៅខែតុលានេះតទៅ ដោយចរចាជាមួយសហជីពឯករាជ្យ
ដែលបានតវ៉ាកន្លងមក។
២-
រាជរដ្ឋាភិបាលត្រូវរៀបចំកែទម្រង់ក្រុមប្រឹក្សាការងារ
ដោយកំណត់ចំនួនសមាសភាពគណៈកម្មការឲ្យបានស្មើគ្នារវាងរដ្ឋាភិបាល
និយោជក និងកម្មករនិយោជិត ( ឧ. ៧+៧+៧)
ព្រមទាំងផ្លាស់ប្ដូរសមាសភាពក្រុមប្រឹក្សាការងារចាស់តំណាងរបស់កម្មករ
ដោយដាក់តំណាងកម្មករពិតប្រាកដ និងមកតាមវិស័យផ្សេងៗ។
៣- រាជរដ្ឋាភិបាលត្រូវលុបចោល
នូវបំរាមការជួបជុំជាសាធារណៈ
និងការដាក់លក្ខខណ្ឌមិនអាចចុះបញ្ជិការសហជីពបាន
ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកម្មករយ៉ាងខ្លាំង។
៤- រាជរដ្ឋាភិបាល ក្រុមហ៊ុន និងតុលាការ
ត្រូវស្វែងរកចាប់ខ្លួនជនល្មើស ដែលបានបាញ់
និងប្រើអំពើហិង្សាមកលើកម្មករ កាលពីថ្ងៃទី២-៣ មករា យកមកផ្ដន្ទាទោស
និងសងជំងឺចិត្តដល់ពួកគេឲ្យបានសមរម្យ។
៥- រាជរដ្ឋាភិបាល ក្រុមហ៊ុន និងតុលាការ
ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្ដឹងផ្ដល់
ការចាប់ខ្លួនការបំភិតបំភ័យមកលើកម្មករនិយោជិត និងតំណាងសហជីព
ព្រមទាំងដកពាក្យបណ្ដឹងទាំងអស់ដែឡបានប្ដឹងកន្លងមក។
៦- រាជរដ្ឋាភិបាលត្រូវធានាថា
ច្បាប់ស្ដីពីសហជីព ត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ការងារ
និងអនុសញ្ញាអន្តរជាតិខាងការងារ ILO លេខ៨៧ និង ៩៨
និងត្រូវផ្ដល់ពេលវេលាឲ្យបានពេញលេញដល់សហជីព
និងអង្គការពាក់ព័ន្ធដើម្បីផ្ដល់យោបល់។
មេដឹកនាំសហព័ន្ធ សហជីព និងសមាគម
បានព្រមានថា “ក្នុងករណីបញ្ហាទាំងអស់ ខាងលើនេះ មិនបានដោះស្រាយទេ
ជាពិសេសបញ្ហាការ ដំឡើងប្រាក់ឈ្នួលគោលឲ្យ បាន នៅឆ្នាំ២០១៤នេះ
សហជីព និងស្នើឲ្យមានការធ្វើការតស៊ូមតិជាថ្មីឡើងវិញ និងស្នើឲ្យ
សហជីពអន្តរជាតិ ដូចជា IndustriALL, ITUC, UNI, CCC
និងអង្គភាពពាក់ព័ន្ធដទៃទៀត បន្តធ្វើយុទ្ធនាការនៅលើពិភពលោកទៀត
ចាប់ពីខែមិថុនានេះតទៅ”។ ប្រសិនបើរដ្ឋាភិបាល ក្រុមហ៊ុនអ្នកបញ្ជាទិញ
និងក្រុមហ៊ុនអ្នកផលិត បានដោះស្រាយនូវបញ្ហាទាន់ពេលវេលានោះ
នឹងធ្វើឲ្យស្ថានការកាន់តែប្រសើរឡើងៗ
ធ្វើឲ្យកម្មករមានជំនឿចិត្តក្នុងការធ្វើការងារថែមទៀត
និងធ្វើឲ្យក្រុមហ៊ុនជាច្រើនមកដាក់ទុននៅស្រុកខ្មែរ
ហើយជាការទាក់ទាញពលករ ដែលបានមកពីប្រទេសថៃ
មកកាន់ទីផ្សារការងារកម្ពុជា។
ចំណែកលោក អ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដង
មិនមានអ្នកទទួល៕
ប្រភពពី Free Press Magazine
