កូនអ្នកមានអំណាច២ក្រុមជិះ រថយន្ដស៊េរីទំនើបដេញវាយគ្នាផ្អើល មុខហាងម៉ាស្ទ័រស៊ុបគីស៊ុប
ករណីបង្កឱ្យហិង្សាដាក់គ្នាទៅវិញទៅមក
ដោយសារតែភាពឌឺដងគ្នារវាងកូនអ្នកមាននិងអ្នកមានខាងលើនេះ
បានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២២ ខែឧសភា
ឆ្នាំ២០១៤ នៅចំណុចមុខហាងម៉ាស្ទ័រស៊ុបគីស៊ុប
តាមបណ្ដោយផ្លូវព្រះសុធារស់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែង
កើតហេតុបានឱ្យដឹងថា
មុនពេលកើតហេតុមានរថយន្ដស៊េរីទំនើបម៉ាកឡង់រ៉ូវ៉ែ ពណ៌ខ្មៅ
គ្មានស្លាកលេខ និង មួយគ្រឿងទៀតម៉ាកឡិចស៊ីស RX350
និងមានរថយន្ដមួយគ្រឿងទៀតបាន
បើកដេញគ្នាចេញពីមជ្ឈមណ្ឌលកោះពេជ្រ
លុះបើកមកដល់ចំណុចមុខហាងម៉ាស្ទ័រស៊ុបគីស៊ុបស្រាប់តែពួកគេបាន
ឈប់រថយន្ដរៀងៗខ្លួនហើយវាយគ្នាទៅ
វិញទៅមកបណ្ដាលឱ្យយុវជនម្នាក់រង
របួសបែកក្បាលបង្កឱ្យមានភាពភ្ញាក់ផ្អើលតែម្ដង
បន្ទាប់មកពួកគេបានបើក រថយន្ដគេចខ្លួនបាត់អស់ដោយសល់តែ
ជនរងគ្រោះនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចបាន
ចុះមកដល់អន្ដរាគមន៍ភ្លាមៗដោយ
នាំជនរងគ្រោះមកដាក់ពាក្យប្ដឹងនៅ ប៉ុស្ដិ៍នគរបាលចតុមុខ
ប៉ុន្ដែយុវជនរង គ្រោះរូបនោះមិនបានដាក់ពាក្យបណ្ដឹង នោះទេ
ដោយគ្រាន់តែនិយាយថា មិនចាំបាច់ដាក់ពាក្យបណ្ដឹងនោះទេ ព្រោះ
ភាគីខាងលើនោះសុទ្ធតែជាមិត្ដភក្ដិរបស់
ខ្លួនហើយមូលហេតុដោយសារតែកើត
រឿងទំនាស់គ្នានេះមកពីពួកគេទាស់សម្ដីគ្នាតែប៉ុណ្ណោះ ៕
ប្រភពព័ត៌មានពី៖ នគវត្ត
