មនុស្សប្រុស ស្រី ៦នាក់ ស្លាប់ និងរងរបួស ក្នុងហេតុការណ៍ គប់គ្រាប់បែក ក្នុងពិធីរាំធុងបាស់
កំពង់ឆ្នាំង ៖ យ៉ាងហោចណាស់
មានបុរសម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សប្រុសស្រី ៥ នាក់ទៀត
បានរងរបួសធ្ងន់ និងស្រាល ដឹកមក សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត
ក្នុងករណីគប់បំផ្ទុះ គ្រាប់បែកមួយ ក្នុងពិធីរាំវង់ធុងបាស់ ដែលបានកើតឡើង
កាលពីម៉ោងជាង ១០ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅភូមិតានៃ ឃុំជៀប
ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ
បានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រួសារប្រជាពលរដ្ឋ រស់នៅ ភូមិឃុំកើតហេតុខាងលើ
បានទិញបាស់ថ្មីរួចក៏ចាក់សាករាំលេងកំសាន្ត និងបានហៅគ្នីគ្នា
អ្នកភូមិមកលេងរាំវង់ និងមានផឹកស៊ីបន្តិចបន្តួច ។ ក្រោយពីរាំលេង
បានរយៈពេលប្រមាណ២ម៉ោងក្រោយមក ស្រាប់តែមានអ្នកមានដទៃទៀត បំរុងចូល
មករាំលេងក្នុងកម្មវិធីនោះផង ស្រាប់តែមានយុវជនម្នាក់ ពាក់អាវក្រហម
បានដើរកមកឈរក្បែរ របងផ្ទះកន្លែងរាំធុងបាស់។
មួយសន្ទុះក្រោយមកក៏មានសម្លេងគ្រាប់បែកផ្ទុះ យ៉ាងខ្លាំងតែម្តង
បណ្តាលអោយមនុស្ស ៦នាក់ រងរបួសធ្ងន់ និង ស្រាល ក្នុងនោះមានស្រីម្នាក់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះ នៅមន្ទីពេទ្យខេត្តបង្អែកខេត្តកំពង់ឆ្នាំង ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស
បានប្រាប់អ្នកយកពត៌មានដើមអម្ពិល ឲ្យដឹងថា ជនដៃ ដល់ដែលគប់ គ្រាប់បែកមកលើ
ផ្លូវខាងមុខផ្ទះកន្លែងរាំវង់កំសាន្តខាងលើ
ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយជនសង្ស័យនេះឈ្មោះ កូវ ធីម
ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បើតាម
ចម្លើយសារភាពបានអោយដឹងថា ជនសង្ស័យបានទៅឃ្វាលគោក៍ប្រទះ ឃើញគ្រាប់បែករួចរើសយក
មកទុកអស់រយៈពេលប្រមាណជាង២ខែមកហើយ លុះដល់ថ្ងៃកើតហេតុគេ ក៍យកគ្រាប់បែកមក
គប់ទៅលើមនុស្សដែលមកពីភូមិដទៃ ខណៈដែលកំពុងឈរនៅលើផ្លូវខាងមុខផ្ទះតែម្តង ។
អធិការរូបនេះបានបន្តអោយដឹងថាជនរងគ្រោះ
លុះមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤នេះ បានស្លាប់បាត់បង់ជីវិតម្នាក់
ខណៈកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ជនរង គ្រោះដែល ស្លាប់ឈ្មោះ
ភោគ ខាត់ ភេទប្រុស អាយុប្រមាណ៦៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ៕
________________________
ផ្តល់សិទ្ធិដោយ៖ DAP-NEWS
ផ្តល់សិទ្ធិដោយ៖ DAP-NEWS
