អ.ហ ចាប់នគរបាល ពីបទ ជួញដូរ និងប្រើប្រាស់​ គ្រឿងញៀន ធ្វើឲ្យផ្អើល ដល់នគរបាល ឯទៀតដែលមានខ្លួន

5/27/2014 0 Comments A+ a-


T-0440ព្រះសីហនុ ៖ ជនសង្ស័យ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រុស-ស្រីចំនួន ៣ នាក់ រួម និងវត្ថុ តាង និងអាវុធវែងខ្លី ត្រូវបានអាវុធហត្ថខេត្ត ព្រះសីហនុ ធ្វើការបង្រ្កាប ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៌មាន មជ្ឈមណ្ឌលដើមអម្ពិល ប្រចាំខេត្តព្រះសីហនុ ឲ្យដឹងថា បន្ទាប់ពីច្បាមមុខសញ្ញា ជនសង្ស័យនេះ ជាយូរមកហើយនោះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ១៥និង៣០នាទី ក្រោមការដឹកនាំ ដោយលោកព្រះរាជអាជ្ញាររង រៀម ចន្ទម្នី រូបលោក បានដាក់បញ្ជាឲ្យលោកវរសេនីយ៍ ទោ កែវ សាផល មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ យុត្តិធម៌ដឹកនាំកងកម្លាំង ការិយាល័យ ជំនាញ ចុះទៅបង្រ្កាបជាក់ស្តែង នៅផ្ទះជនសង្ស័យ ដែលស្ថិតនៅតំបន់អូរ១ ក្នុងក្រុមទី៣៥ ភូមិ៥ សង្កាត់ លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
ជាលទ្ធផល កងកម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ រួមមាន ៖ ១-ឈ្មោះ សុខ ដៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នគរបាល នៃអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ទទួល បន្ទុក សន្តិសុខ ទី២-ឈ្មោះ យិន សំនៀង ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរមេផ្ទះ (ត្រូវជាប្រពន្ធ សុខ ដៀន) ទី៣-ឈ្មោះ ឯម វ៉ាន់នឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរគ្រូបង្រៀនសាលាឯកជន និងដកហូតវត្ថុតាង រួម មាន ៖ ១-គ្រឿងញៀនម្សៅសថ្លា ទម្ងន់ ៤.១៣ក្រាម, ២-ថង់ដាក់គ្រឿងញៀន ១កញ្ចប់ធំ , ៣-ជញ្ជីង ថ្លឹង គ្រឿងញៀនចំនួន ២, ៤-កន្រ្តៃ ចំនួន ១, ៥.ក្បាលមាន់សម្រាប់អ៊ុតថង់ថ្នាំញៀន ចំនួន១, ៦-ម៉ូតូ សេ១២៥ ចំនួន២គ្រឿង ពណ៌ខ្មៅ ស៊េរី ២០១៤ និង២០១១, ៧-ទូរស័ព្ទដៃ ៤គ្រឿង, ៨-ស្នាប់ដៃ ១,  ៩-កាំភ្លើងវែង ម៉ាក អាកា៤៧ ចំនួន ១ដើម បង់១ និងគ្រាប់៣០គ្រាប់, ១០-កាំភ្លើងខ្លីម៉ាក កា៥៩ ចំនួន១ដើម និងគ្រាប់ ១១គ្រាប់ និងប្រាក់រៀល និងដុល្លាមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាន សមត្ថកិច្ចអាវុធហត្ថខេត្ត រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីវិនិច្ឆ័យទោស ទៅតាមច្បាប់ ។
លោកមេបញ្ជាការ ក៏បានធ្វើការគូសបញ្ជាក់ឲ្យដឹងផងដែរថា បញ្ហាបង្រ្កាបនេះ មិនមែនធ្វើឡើង ដោយចៃ ដន្យនោះទេ ប៉ុន្តែវាមានផែនការច្បាស់លាស់ ជាពិសេស មុខសញ្ញានេះរូបលោក បានដាក់កម្លាំង ច្បាមមក ជាយូរណាស់មកហើយ ។
លោកមេបញ្ជាការ ក៏បានបង្ហាញពីឆន្ទៈ ក្នុងការបង្រ្កាបគ្រឿងញៀននេះ ឲ្យអស់ផងដែរ នៅខេត្តព្រះសីហនុ នេះ ដោយលោកមេបញ្ជាការបានបញ្ជាក់ថា ប្រសិនបើគ្រួសារមួយមានអ្នកញៀនថ្នាំម្នាក់នៅក្នុងផ្ទះ គ្រួសារ នោះពិតជាមិនអាចមានសុភមង្គលបានទេ ។ ហើយបើសិនរូបលោក មិនធ្វើការបង្រ្កាបនៅពេលនេះ នោះ នៅពេលក្រោយច្បាស់ជាបញ្ហានេះ នឹងធ្លាក់មកលើកូនចៅយើងជំនាន់ក្រោយទាំងអស់គ្នាជាមិនខាន ។ ប្រជាពលរដ្ឋ រួមនឹងមន្រ្តីរាជការក្នុងខេត្តព្រះសីហនុ បានសម្តែងការសាទរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេល ដែលអាវុធហត្ថ ធ្វើការបង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន ដែលជាមន្រ្តីនគរបាលនេះ ព្រោះរយៈពេល ជាយូរមកហើយ នៅទីណាក៏គេនិយាយពីការជួញដូរគ្រឿងញៀននេះដែរ ប៉ុន្តែមិនឃើញ នគរបាលជំនាញ ធ្វើការបង្រ្កាបមុខសញ្ញាធំៗទាំងនោះទេ ។ ប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងនោះ អស់សង្ឃឹមខ្លាំងណាស់ ជាមួយនគរបាលជំនាញ ដែលមិនធ្វើការបង្រ្កាបទាល់តែសោះ ខណៈពេលដែលមេៗ អស់លោកធំៗ នៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ម្នាក់ៗមានប្រាក់សាងសង់វីឡា រាប់ភ្លេច និងមានរថយន្តទំនើបគ្រប់ ម៉ូដជិះគ្រប់ៗគ្នានោះ ៕
________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday