សហគមន៍ជនជាតិនៅព្រះវិហារ ប្ដឹងក្រុមហ៊ុនចិនថាប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ចំនួន
៣រូប នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ បានត្រៀមខ្លួនរួចជាស្រេច
ថានឹងចូលទៅបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី៣
ខែមិថុនា ខាងមុខ
ដើម្បីការពារបណ្ដឹងដែលកំពុងតែតទល់គ្នាខាងផ្លូវច្បាប់
ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ចំនួន២។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ
ម្នាក់ក្នុងចំណោម ២រូបផ្សេងទៀត គឺលោក ស្រី នូ។
លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៦ ខែឧសភា ថា
ចាប់តាំងតែពីថ្ងៃទី៧ ខែឧសភា
សហគមន៍របស់លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការ
ប្រឆាំងនឹងក្រុមហ៊ុនចិន ទាំងពីរឈ្មោះ ឡាន ហ្វេង និង រួយ ហ្វេង។
តំណាងសហគមន៍ដដែលបញ្ជាក់ថា
រយៈពេលជាច្រើនខែកន្លងមក ក្រុមហ៊ុនចិន
ទាំងពីរនេះបានរំលោភបំពានមកលើការរស់នៅរបស់ជនជាតិភាគតិច
ជាច្រើនផ្នែក ទាំងធនធានធម្មជាតិ និងទីសក្ការៈបូជា
ដោយសារតែគេត្រូវការដីរាប់ពាន់ហិកតារ យកទៅដាំអំពៅ៖ «ច្រើន
ណាស់រឿង ទី១ រំលោភដីធ្លីប្រជាជន ទី២
ក៏ឈូសចោលប្រាសាទបុរាណអស់ច្រើន ទី៣
ក៏កាប់ឈូសចោលដើមច្បោះជ័ររបស់បងប្អូនអស់រាប់រយដើម។
ករណីនេះច្រើនណាស់ ដូច្នេះពួកខ្ញុំប្ដឹងក្រុមហ៊ុន២»។
សហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ
បានចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុនចិន ឈ្មោះ ឡាន ហ្វេង និង រួយ ហ្វេង
ថាជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពីព្រោះតែកន្លងទៅ
ក្រុមហ៊ុនទាំងនេះបានហាមឃាត់អ្នកភូមិ
មិនឱ្យចូលទៅធ្វើស្រែចម្ការលើដីកម្មសិទ្ធិ ឈូសរំលោភយកដីសហគមន៍
បំផ្លាញផ្នូរដូនតា ព្រមទាំងប្រាសាទបុរាណខ្លះផង។
ចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០១៤
ក្រុមជនជាតិភាគតិចកួយ នៅឃុំប្រមេរ តែងលើកគ្នាទៅរារាំងក្រុមហ៊ុន
ឡាន ហ្វេង និង រួយ ហ្វេង
មិនឱ្យប្រើគ្រឿងចក្រឈូសរំលោភចូលដីសហគមន៍ជាញឹកញាប់។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ
លោក លី លន់ មានប្រសាសន៍ថា
នៅក្នុងបណ្ដឹងរបស់សហគមន៍ជនជាតិដើមភាគតិចនោះ
គឺពិតជាចោទប្រកាន់ក្រុមហ៊ុនចិន ឈ្មោះ ឡាន ហ្វេង និង រួយ ហ្វេង
ថាបានប្រព្រឹត្តឧក្រិដ្ឋកម្ម
ក៏ប៉ុន្តែតុលាការនឹងបើកការស៊ើបអង្កេតបឋមទៅលើករណីនោះ។
លោកព្រះរាជអាជ្ញាបញ្ជាក់ថា
ពាក់ព័ន្ធបណ្ដឹងរបស់សហគមន៍ជនជាតិដើមភាគតិចនេះ
សាលាដំបូងត្រូវតែរាយការណ៍ទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍
ពីព្រោះវាជាករណីពិសេស៖ «រឿងនេះចាត់ទុកជាពិសេសហើយ
ព្រោះវាទាក់ទងនឹងជនជាតិដើមភាគតិច
ជាមួយជនជាតិបរទេសដែលចូលមកវិនិយោគ នេះទី១។ ទី២ទៀត
ខ្ញុំបានធ្វើដីកាកោះអញ្ជើញដើមបណ្ដឹង ដើម្បីធ្វើការសាកសួរហើយ។
យើងធ្វើការអង្កេតបឋមទៅ បើសិនជាមានបទល្មើសអី
យើងដាក់ជាក់ស្ដែងទៅតាមហ្នឹង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស
អាដហុក (adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា
អង្គការសិទ្ធិមនុស្សគាំទ្រចំពោះសហគមន៍ជនជាតិដើមភាគតិច
ដែលប្ដឹងក្រុមហ៊ុនចិន ទាំងពីរនេះ។ លោក ឡោ ចាន់ បញ្ជាក់ថា
លោកចង់ឱ្យតុលាការខេត្តព្រះវិហារ
មានឆន្ទៈក្នុងការរកយុត្តិធម៌ជុំវិញបញ្ហានេះ ឱ្យបានត្រឹមត្រូវ៕
ប្រភពពី វិទ្យុអាស៊ីសេរី