វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជួលដីមួយផ្នែកឲ្យទៅណាហ្គាវើល
ភ្នំពេញៈ ខ្លោង
ទ្វារនិងរបងផ្នែកខាងជើងនៃអគារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ត្រូវបានកម្មករវាយកម្ទេចរុះរើចោលកាលពីម្សិលមិញដើម្បីបើកផ្លូវ
ឲ្យការដ្ឋានសំណង់ដ៏ធំនៃមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើលធ្វើការដ្ឋាន
ផ្លូវដើរក្រោមដីដែលគ្រោងបញ្ចប់នៅ ឆ្នាំ២០១៥ ខាងមុខនេះ។
ចំណែកដីមួយផ្នែកមានទទឹងប្រមាណ ៣០ ម៉ែត្រ
និងបណ្តោយជាង ១០០
ម៉ែត្រនៃទីតាំងពុទ្ធសាសនបណ្ឌិត្យជាប់របងខាងជើងមន្ទីររដ្ឋសភា
ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានខណ្ឌជារបងថ្មី
បង្រួមទីតាំងវិទ្យាស្ថាននេះឲ្យតូចជាងផ្ទៃដីរបស់ខ្លួនដែលមាន
ទំហំ ១ ហិកតាដើម្បីជួលឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គា។
បុគ្គលិកនិងសិស្សនិស្សិត ដែលចេញចូលទីនោះ
ហាក់មិនបានដឹងពីព័ត៌មាននៃការជួលដីវិទ្យាស្ថាននេះ
និងការហ៊ុមព័ទ្ធវិទ្យាស្ថានដើម្បីវាយកម្ទេចរបងនិងខ្លោងទ្វារ
ប៉ុន្តែមន្ត្រីគ្រប់គ្រងវិទ្យាស្ថាន បានឲ្យដឹងថា
ដីមួយផ្នែកជាប់មន្ទីររដ្ឋសភា
ត្រូវបានរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុននេះ
ធ្វើជាអនុស្ថានីយចែកចាយអគ្គិសនីរបស់ក្រុមហ៊ុន
ចំណែកឯរបងដែលរងការវាយនោះ ត្រូវបានក្រុមហ៊ុន ណាហ្គា
សុំរុះរើដើម្បីធ្វើការដ្ឋានរបស់ខ្លួនសិន
ទើបសាងសង់ជាថ្មីឡើងវិញ តាមរចនាប័ទ្មដើម។
មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះមានការ
បារម្ភថា ថ្ងៃអនាគតដីវិទ្យាស្ថានទាំងអស់
នឹងត្រូវលក់ទៅឲ្យក្រុមហ៊ុន ណាហ្គាវើល
ដោយលោកមើលឃើញរូបភាពនៃការកាត់បន្តិចម្តងៗ។ លោកថា៖ «គេធ្វើអ្វី
គេមិនឲ្យយើងដឹងឡើយ តែរូបភាពដូចឃើញស្រាប់ គេបិទរបងស្ទើរជុំជិត
ហើយគេវ៉ៃរបង ក៏យើងមិនដឹងថាគេកំពុងធ្វើអីដែរ។
ខ្ញុំគ្រាន់តែបារម្ភ
អាចមានការលក់ដូរអគារនេះថ្ងៃណាមួយដែលគេមិនប្រាប់»។
នៅថ្ងៃ ទី១ មិថុនា ឆ្នាំ១៩៩៨
អគារពុទ្ធសាសនបណ្ឌិត្យត្រូវបានសម្ពោធដាក់ឲ្យប្រើដែលស្ថិតនៅទល់
មុខក្បែរសួនឧទ្យានសម្តេច ហ៊ុន សែន។
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថ្មីមួយនេះ
ត្រូវបានសង់ឡើងដើម្បីបម្រើឲ្យប្រយោជន៍រក្សាសៀវភៅធម៌
អត្ថបទស្រាវជ្រាវនានាទាក់ទងនឹងការសិក្សាលើវិស័យពុទ្ធចក្រ
និងប្រវត្តិសាស្ត្រកម្ពុជា។
អគាររដ្ឋនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការនិងសាសនា
គឺជាជំនួយប្រមាណ ៥០ ម៉ឺនដុល្លាររបស់អង្គការពុទ្ធសាសនាមួយនៅ
ប្រទេសជប៉ុន ឈ្មោះថា មូលនិធិ Rissho Kosei-Kai។
បុគ្គលិកម្នាក់ទៀត និយាយថា
ការចូលអានសៀវភៅនៅក្នុងបណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក៏
មានការថយចុះ ដោយមួយថ្ងៃមានត្រឹមអ្នកអាន ៣
នាក់ប៉ុណ្ណោះសព្វថ្ងៃនេះ ខុសកាលពីប៉ុន្មានឆ្នាំមុនមានដល់ ២០ ទៅ
៣០ នាក់។ ប៉ុន្តែការថយចុះនោះ
លោកបានផ្តល់ហេតុផលសំខាន់មកពីមានការប្រើប្រាស់អ៊ីនធឺណិត
ដែលអ្នកអានអាចស្រាវជ្រាវបានគ្រប់កន្លែងមិនមែនតែបណ្ណាល័យទេ។
លោកថា៖ «ការដ្ឋានក្រុមហ៊ុនក៏ធ្វើឲ្យគេយល់ថា វិទ្យាស្ថានបិទ
តាមពិតយើងបើករាល់ថ្ងៃធ្វើការទោះគ្មានភ្ញៀវក៏ដោយ»។
ក្រុមហ៊ុន ណាហ្គាខប
កំពុងធ្វើផ្លូវក្រោមដីតភ្ជាប់ពីកាស៊ីណូ ណាហ្គា
សព្វថ្ងៃទៅកាន់កាស៊ីណូ ណាហ្គា ២
ដែលកំពុងសាងសង់ឡើងស្ថិតនៅទល់មុខពុទ្ធសាសនបណ្ឌិតនិងរដ្ឋសភាជាតិ
ដែលក្រុមហ៊ុនបានចំណាយប្រាក់បណ្តាក់ទុនចំនួន ៣៦៩
លានដុល្លារដែលរួមមានសណ្ឋាគារមានជាង ១០០០ បន្ទប់ក្នុងនោះផងដែរ។
លិខិតចុះថ្ងៃ ទី៧ ខែឧសភា
របស់ក្រសួងធម្មការនិងសាសនា របស់រដ្ឋមន្ត្រី មិន ឃិន
គឺអនុញ្ញាតឲ្យរុះរើខ្លោងទ្វារនិងរបងដើម្បីសម្រួលដល់ការសាងសង់
ផ្លូវក្រោមដីរបស់ក្រុមហ៊ុន ណាហ្គាវើល
ដើម្បីចៀសវាងការបាក់រលំជាយថាហេតុ។
លោក ស សុខនី
នាយកស្តីទីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ថ្លែងថា
មានការជួលដីមួយផ្នែកឲ្យក្រុមហ៊ុន ណាហ្គា
ប៉ុន្តែជាការសម្រេចពីថ្នាក់លើលោកត្រឹមអនុវត្តប៉ុណ្ណោះ។
ចំណែករបងដែលកម្មករសំណង់កំពុងរុះរើ
នឹងត្រូវធ្វើឡើងវិញឲ្យដូចដើម។
លោកក៏បានបដិសេធចំពោះការលេចឮនូវការ
ដោះដូរឬលក់ទីតាំងវិទ្យាសា្ថននេះ ហើយថា ដីជួលមួយផ្នែកនេះ
គឺសម្រាប់ទុកធ្វើ «ជាអនុស្ថានីយអគ្គិសនី» ចែកចាយក្នុងក្រុមហ៊ុន
ណាហ្គា ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការវាយរបង លោកនិយាយថា៖
«សំណង់ក្រោមដី បានប៉ះពាល់ដល់របងយើងមានជ្រុះក្បាច់បាក់ក្បាលនាគ
ហើយសសរខ្លោងទ្វារគ្រេច ដោយខ្លាចរលំបាក់
ក្រសួងក៏សម្រេចឲ្យគេរុះរើរបង ចាប់ផ្តើមពីសប្តាហ៍មុន។ គេថា
ធ្វើឲ្យហើយ ៣ខែ ពេលគេធ្វើផ្លូវក្រោមដីហើយ
យើងនឹងហៅជាងមកធ្វើខ្លោងទ្វារថ្មីដោយខ្លួនឯង តែ ណាហ្គា ចេញលុយ»។
មិនអាចទាក់ទងក្រុមហ៊ុន ណាហ្គា
សុំព័ត៌មានលម្អិតនៃការជួលដីពីរដ្ឋាភិបាលបានទេកាលពីម្សិលមិញ
ប៉ុន្តែបុគ្គលិកកាស៊ីណូម្នាក់និយាយថា
គេកំពុងរុះរើរបងធ្វើផ្លូវក្រោមដី ដើម្បីធានា
«កុំឲ្យមានការបាក់រលំ» វិទ្យាសា្ថន។
លោក សុន ឆ័យ មន្ត្រីគណបក្សសង្គ្រោះជាតិ
និយាយថា លោកមិនដឹងថា រដ្ឋាភិបាល ការលក់ដូរ
ឬការជួលដីរបស់រដ្ឋាភិបាលអ្វីឡើយ
ប៉ុន្តែជាការកត់សម្គាល់ការជួលដីឬការដោះដូរច្រើនតែធ្វើមិនមាន
តម្លាភាព។
ទោះជាយ៉ាងណាក៏ដោយលោក សុន ឆ័យ
ក៏បានគូសបញ្ជាក់បន្ថែមឲ្យដឹងទៀតថា៖
«ការលក់ដូរអ្វីមួយឬការជួលអគារមួយរបស់រដ្ឋាភិបាល
គឺច្រើនធ្វើឡើងដោយមិនស្របគោលការណ៍ច្បាប់
ហើយច្រើនតែពាក់ព័ន្ធនឹងអ្នកធំនិងអ្នកមានអំណាចនៅពីក្រោយ
ព្រោះគ្មានការដេញថ្លៃនោះទេ»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍