ប៉ុស្តិ៍​ក្រីក្រអត់​ប្រាក់បង់​ភ្លើងអុជ​ ទៀនធ្វើ​ការពេល​យប់

5/02/2014 0 Comments A+ a-

រាជធានីភ្នំពេញ ៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ក្នុងខណ្ឌសែនសុខ កំពុងជួបគ្រោះក្រីក្រ តោកយ៉ាកហៅមិនឮ ព្រោះត្រូវខាងអគ្គិសនីផ្ដាច់ភ្លើង ២ថ្ងៃមកហើយ ដោយសារលោកមេប៉ុស្ដិ៍ អត់មានប្រាក់បង់ថ្លៃភ្លើង ។ ករណីនេះធ្វើឱ្យមន្ដ្រីនគរបាលក្រោម ឱវាទនាំគ្នារអ៊ូរទាំ ដោយសារពួកគាត់ដេកក៏ពុំលក់បក់ក៏មិនល្ហើយ និងអុជទៀនធ្វើការពេលយប់ ពេលទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ និងសាកសួរជនសង្ស័យ ដែលនេះពិតជាលំបាកវេទនាបំផុតមែន ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ទឹកថ្លា បានឱ្យដឹងថា ប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា ជាប៉ុស្ដិ៍នៅកណ្ដាលរាជធានីភ្នំពេញ មិនសមណាលំបាកដោយការ អត់ភ្លើងអគ្គិសនីប្រើប្រាស់ខុស ពីប៉ុស្ដិ៍នគរបាលរដ្ឋបាលដទៃនោះទេ សូម្បីតែប៉ុស្ដិ៍នគរបាលនៅ តាមជនបទក៏មានភ្លើងអគ្គិសនីប្រើប្រាស់ដែរ កម្មក្រាស់អីតែប៉ុស្ដិ៍ទឹកថ្លាអត់ភ្លើងប្រើ ។ មន្ដ្រីរូបនោះបន្ដថា មូលហេតុដែលខាងអគ្គិសនី ផ្ដាច់ភ្លើងដោយសារតែប៉ុស្ដិ៍គ្មាន លុយបង់ថ្លៃភ្លើងទើបគេផ្ដាច់ ។ ទោះបីជាយ៉ាងណា  មន្ដ្រីនគរបាលខ្លះបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋពឹងឱ្យជួយ ធ្វើសៀវភៅគ្រួសារ ឬឯកសារផ្សេងៗ តែងតែជូនសេវាខ្លះដែរ តែមេប៉ុស្ដិ៍មិនបានគិតគូរសន្សំទុក ទើបរងកម្មបែបនេះ ។
អ្វីដែលចាប់អារម្មណ៍នៅពេលល្ងាច និងយប់ថ្ងៃទី៣០ មេសា ពេលដែលប្រជាពលរដ្ឋទៅ ដាក់ពាក្យបណ្ដឹងជាបន្ដបន្ទាប់ និងបានចាប់ជនសង្ស័យជាចោរលួច ម៉ូតូប្រគល់ឱ្យនគរបាល គឺមន្ដ្រីនគរបាលប៉ុស្ដិ៍ទឹកថ្លា បានអុជទៀនទទួលពាក្យ បណ្ដឹងពីប្រជាពលរដ្ឋ និងសាកសួរជនសង្ស័យយ៉ាងវេទនាបំផុត ។ តាមពិត អគ្គិសនីអត់ខ្វះចរន្ដទេ វាខ្វះតែប្រាក់បង់ថ្លៃប្រើប្រាស់តែប៉ុណ្ណោះ ។ កូនប៉ូលិសតូចៗប្រាប់ កោះសន្ដិភាពខ្សឹបៗថា ប្រាក់បានចូលខ្លះៗដែរ ប៉ុន្ដែវារអិលហួសពីប៉ុស្ដិ៍ ទើបសម្បកប៉ុស្ដិ៍ធ្លាក់ខ្លួនក្រី ក្រកំសត់បែបនេះ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព