ILO ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ ចិត្ត​ទុក​ដាក់​ធានា​សុវត្ថិភាព ​កម្មករ​នៅ​កន្លែង​ធ្វើ​ការ

5/02/2014 0 Comments A+ a-


image (1)image (1)នៅ ​ក្នុង​ថ្ងៃ​ទី​១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO) បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ធានា​សុវត្ថិភាព​កន្លែង​ធ្វើ​ការ និង​សុខុមាលភាព​របស់​កម្មករ និង​និយោជិត។
អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​ការពារ​គ្រោះ​ថ្នាក់ របួស និង​ស្លាប់​របស់​កម្មករ​នៅ​កន្លែង​ធ្វើ​ការ និង​បង្ក​លក្ខណៈ​ឲ្យ​កម្មករ​មាន​ជីវភាព​រស់​នៅ​សមរម្យ និង​ធ្វើ​ការងារ​តាម​ម៉ោង​ពេល​កំណត់​ត្រឹមត្រូវ និង​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ និង​និយោជិត។
សេចក្តី​ថ្លែងការណ៍​របស់​អាយឡូ ចេញ​ផ្សាយ​ចំ​ថ្ងៃ​ទី​១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ បាន​សរសេរ​ថា មាន​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​នៅ​លើ​ពិភពលោក កំពុង​ធ្វើ​ការ​ដោយ​គ្មាន​ការ​ការពារ​គ្រោះ​ថ្នាក់​ជា​ចាំបាច់ ហើយ​ជា​លទ្ធផល ពួក​គេ​បាន​ទទួល​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការ​រហូត​ដល់​ស្លាប់​ទៀត​ក៏​ មាន។ គ្រោះ​ថ្នាក់​របស់​កម្មករ និង​និយោជិត មិន​មែន​មាន​តែ​រឿង​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការ​តែ​មួយ​នោះ​ទេ តែ​មាន​រឿង​ប្រាក់​ខែ​ទាប ការ​ធ្វើ​ការ​ច្រើន​ម៉ោង​ពេក គ្មាន​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​បាន​ត្រឹមត្រូវ និង​ការ​ខ្វះ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការងារ ជាដើម។
លោក ទន់ សោភ័ណ អ្នក​សម្រប​សម្រួល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ តែង​តែ​ចូល​រួម​ដោះស្រាយ និង​ជួយ​កម្មករ​កម្ពុជា ដែល​មាន​ការ​លំបាក និង​ជួយ​ផ្តល់​ដំបូន្មាន​អំពី​សុវត្ថិភាព​កន្លែង​ធ្វើ​ការ​ដល់​ភាគី​ម្ចាស់​ រោងចក្រ និង​អាជ្ញាធរ។
លោក ទន់ សោភ័ណ៖ «យើង​បាន​ធ្វើ​ការ​ច្រើន​ ជាមួយ​ដៃគូ​សង្គម​យើង​ទាំង​បី គឺ​រដ្ឋាភិបាល កម្មករ និង​និយោជក គឺ​ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង និង​អនុវត្ត​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការ។ វិស័យ​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុជា គឺ​វិស័យ​កាត់​ដេរ​នេះ គឺ​បាន​ទទួល​គោលការណ៍​ណែនាំ និង​បណ្តុះ​បណ្ដាល ធ្វើ​ម៉េច​កែលំអ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការ​របស់​កម្មករ​និយោជិត​របស់​យើង អា​នេះ​យើង​បាន​ធ្វើ​ច្រើន។ គឺ​យើង​ជួយ​អនុវត្ត​ផែនការ​មេ​របស់​ក្រសួង​ការងារ ស្តី​អំពី​សុខភាព និង​សុវត្ថិភាព​នេះ​បាន​ដោយ​ជោគជ័យ​រយៈពេល ៥​ឆ្នាំ​កន្លង​មក​នេះ»
លោក​បាន​បន្ត​ឲ្យ​ដឹង​ថា កន្លង​មក​ការ​ណែនាំ​ផ្សេងៗ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដល់​ភាគី​ពាក់ព័ន្ធ តែង​តែ​បាន​ទទួល​ការ​សហការ និង​ឆ្លើយ​តប​ជានិច្ច៖ «យើង ​បាន​ទទួល​ការ​ឆ្លើយ​តប​ច្រើន​ពី​ខាង​រោងចក្រ​សហគ្រាស មាន​ន័យ​ថា រោងចក្រ​សហគ្រាស​គាត់​ចាប់​ផ្ដើម​ផ្តល់​អាហារ​ដល់​កម្មករ បញ្ហា​មួយ​ទៀត​ដែល​យើង​ជំរុញ​ខ្លាំង គឺ​បន្ថយ​ថេរវេលា​ធ្វើ​ការ​យូរ។ គឺ​មាន​កម្មករ​រោងចក្រ​សហគ្រាស​ខ្លះ គាត់​ធ្វើ​ការ​យូរ។ អា​ហ្នឹង​ជួយ​កែលំអ​ស្ថានភាព​ការងារ​ផង និង​ជួយ​ដល់​សុខភាព​ផង​ដែរ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ការពារ​កម្មករ​ជានិច្ច។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា រាល់​គ្រោះ​ថ្នាក់​ការងារ​កើត​ឡើង រដ្ឋាភិបាល​តែង​ឲ្យ​ក្រសួង​ជំនាញ និង​ភាគី​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ និង​កែលំអ​កុំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ទៀត។
លោក ផៃ ស៊ីផាន៖ «យើង​បាន​ចូល​ទៅ​ពិនិត្យ​ សាជាថ្មី គឺ​យើង​មាន​ការ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល មាន​ពេទ្យ​ពលកម្ម បូក​ជាមួយ​ក្រសួង​ការងារ ដើម្បី​ទៅ​វាយ​តម្លៃ​បង្កើត​លក្ខខណ្ឌ​ការងារ​នៅ​ទីកន្លែង​ការងារ រួម​ទាំង​អង្គការ​អន្តរជាតិ​មួយ​ចំនួន ដើម្បី​វាយ​តម្លៃ និង​បង្គាប់​ឲ្យ​ឆ្លើយ​តប​លក្ខខណ្ឌ​ការងារ»
គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការ​កើត​មាន​ជា​ ញឹកញយ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ដូច​ជា ដួល​សន្លប់​ទាំង​ហ្វូង​ជា​បន្តបន្ទាប់ ការ​បាក់​ដំបូល​រោងចក្រ​ក្នុង​ពេល​ធ្វើ​ការ ជាដើម ប៉ុន្តែ​មិន​មាន​តួលេខ​សរុប​ជា​ផ្លូវ​ការ ឲ្យ​ដឹង​ថា មាន​កើត​ឡើង​ប៉ុន្មាន​ករណី​ទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី