ជនមិនស្គាល់មុខ គប់គ្រប់បែក ចូលក្នុងផ្ទះ ផ្ទុះផ្អើលទាំងយប់ សង្ស័យរឿងគំនុំ

5/26/2014 0 Comments A+ a-


bomb-_CEN_26_5_14-(1)បាត់ដំបង ​: ជន​មិន​ស្គាល់មុខ បាន​គប់​គ្រាប់បែកដៃ មួយ​គ្រាប់ ចូលក្នុង​ផ្ទះមួយ​កន្លែង នៅក្នុង​ក្រុង​បាត់ដំបង ដែល​កំពុង់​សាងសង់ ទាំង​កណ្តាលយប់ ផ្ទុះ​កក្រើក​។ សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍ បាន​សន្និដ្ឋាន ជំ​ហាន​ដំបូង​ថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ បំណង​សម្លាប់​ម្ចាស់ផ្ទះ ប៉ុន្តែ​គ្មាន​មនុស្សស្លាប់ និង​រងរបួស​ទេ គ្រាន់តែ​អំបែង​គ្រាប់ បែក​ខ្ទាត ត្រូវ​បែក​កញ្ចក់​ទូដាក់​ខោអាវ និង​ធ្លុះធ្លាយ​ស័ង្កសី សង្ស័យ​ជា​រឿង​គំនុំ​ផ្ទាល់ខ្លួន​។​
​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ១១ យប់ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះមួយ​កន្លែង ដែល​កំពុង​សាងសង់​ថ្មី ស្ថិត​ក្នុងភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​លោក លួង ឡេង នាយប៉ុស្ដិ៍​ប៉ូលិស​សង្កាត់​ព្រែក​ព្រះស្តេច បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ជន​មិន​ស្គាល់មុខ គប់​គ្រាប់ បែក​ចូល​ផ្ទះ​ម្ចាស់ ឈ្មោះ គឹម អ៊ា​វ អាយុ​៦៨​ឆ្នាំ ប្ដី​និង​ប្រពន្ធ ឈ្មោះ គឹម ង៉ោ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ​។ ក្នុងករណីនេះ មិនមាន​មនុស្ស​ណា​ម្នាក់ ស្លាប់ និង​រងរបួស​ទេ​ គ្រាន់តែ​អំបែង​គ្រាប់បែក ខ្ទាត​ទៅ​ត្រូវ​បែក​កញ្ចក់​ទូដាក់​ខោអាវ​មួយ​ផ្ទាំង និង​ធ្លុះ​ជញ្ជាំង​ស័ង្កសី ជាច្រើន​កន្លែង​ប៉ុណ្ណោះ​។ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ មិន​ស្គាល់មុខ ដែល​មិនដឹងថា មាន​គ្នា​ប៉ុន្មាន​នាក់​នោះ បាន​រត់គេចខ្លួន បាត់​ទាំងយប់​តែម្ដង​។​
​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ ខេត្ត​បាត់​ដំ​ង បាន​ស្រង់​សំដី​របស់​ម្ចាស់ផ្ទះ រងគ្រោះ មក​បញ្ជាក់ថា ផ្ទះ​របស់គាត់ កំពុងតែ​សាងសង់ មិនទាន់រួច​ផង​។ នៅ​យប់​កណ្ដាលអធ្រាត្រ ថ្ងៃទី​២៤ ខែឧសភា​នោះ ប្ដី​ប្រពន្ធ​គាត់ បាននាំគ្នា​ទៅ​ដេក នៅផ្ទះ​របស់​ម្តាយ ដែល​នៅ​ជិត​ជាប់​គ្នា​។ កន្លងមក ប្តី​ប្រពន្ធ​គាត់ ធ្លាប់​នៅ​ដេក​លើ​គ្រែ ជាន់​ក្រោមផ្ទះ​របស់គាត់ ដែល​កំពង់​សាងសង់ (​កន្លែង​ដែល​គ្រាប់បែកដៃ​ធ្លាក់​ផ្ទុះ​) នេះ​។
​ប្ដី​ប្រពន្ធ​នេះ បាន​បញ្ជាក់ថា គាត់​ធ្លាប់​មានទំនាស់ជាមួយ​អ្នករស់នៅ​ជិតខាង រឿង​ត​ភ្ជាប់​បណ្ដាញទឹក​ប្រើប្រាស់ និង​រឿង​ទំនាស់​ព្រំដី​។ នៅ​ម៉ោងជាង ១១ យប់ ថ្ងៃទី​២៤ ខែឧសភា ពេល​ពួកគាត់ ដេក​លង់លក់ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ យ៉ាងខ្លាំង កក្រើក​ដី​ក្បែរ​គ្រែ​ដេក របស់គាត់​។ ពួកគាត់​ភ្ញាក់ឡើង ទាំង​សើ​ង​មមើ​ង ស្ទុះ​ចេញមក​ខាងក្រៅ​ផ្ទះ រកមើល​តែ​មិនឃើញ​មាន​អ្វី​សោះ​។​
​ក្រុម​សមត្ថកិច្ច បាន​រកឃើញ​អំបែង​គ្រាប់បែកដៃ និង​សន្និដ្ឋានថា ជា​គ្រាប់បែក​ក្រឡា​ទៀប ដែល​ជន​មិន​ស្គាល់មុខ ប្រើ​គប់​ចូល​ផ្ទះ​សាងសង់​ថ្មី មិនទាន់រួច​មួយ​នេះ មិន​បង្ក​ឲ្យ​មាន​មនុស្ស​របួស ឬ​ស្លាប់​ទេ​។ ករណីនេះ សមត្ថកិច្ច បាន​សន្និដ្ឋានថា ជា​រឿង​គំនុំ​ផ្ទាល់ខ្លួន​។​
​បច្ចុប្បន្ន សមត្ថកិច្ច ទាំង​ប៉ូលិស និង​ប៉េអឹម​ខេត្ត​ក្រុង កំពុង​ស្រាវជ្រាវ កំណត់​មុខសញ្ញា តាម​ប្រមាញ់​ចាប់ខ្លួន ជនសង្ស័យ ដើម្បី​យកមក​ផ្តន្ទាទោស ទៅតាម​ច្បាប់​៕V​/s
 សមត្ថកិច្ច ទាំង​ប៉ូលិស និង​ប៉េអឹម​ខេត្ត​ក្រុង កំពុង​ស្រាវជ្រាវជន​មិន​ស្គាល់មុខ ដែល​គប់​គ្រាប់បែកដៃ ចូលក្នុង​ផ្ទះមួយ​កន្លែង នៅក្នុង​ក្រុង​បាត់ដំបង
ប្រភពពី CEN