អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន គ្រោង​នឹង​បង្កើត​រដ្ឋាភិបាល​និរទេស ក្រោយ​មាន​រដ្ឋប្រហារ​ថ្ងៃ​២២-ឧសភា

5/26/2014 0 Comments A+ a-

អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដ៏​មាន​ ប្រជាប្រិយភាព ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ត្រូវ​បាន​យោធា​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​តំណែង​កាល​ពី​ឆ្នាំ​ ២០០៦​នោះ នា​ពេល​នេះ​បាន​លាត​ត្រដាង​គម្រោង​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ (ក្រៅ​ប្រទេស) ដើម្បី​ជា​ការ​ប្រជែង​ទល់​មុខ​នឹង​យោធា​ថៃ​ដែល​ឡើង​កាន់​អំណាច បន្ទាប់​ពី​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋាភិបាល​លោក​ស្រី​ យីងឡាក់ ប្អូនស្រី​សំណព្វ​ចិត្ត​របស់​លោក ថាក់ស៊ីន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ។
ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​ បាន​បង្ហើប​ដោយ​ទីប្រឹក្សា​ច្បាប់​របស់​លោក ថាក់ស៊ីន គឺ Robert Amsterdam និង​ត្រូវ​បាន​សារព័ត៌មាន ABC របស់​អូស្ត្រាលី​ចុះ​ផ្សាយ​មុន​គេ។
ការ ​ប្រកាស​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​សេចក្ដីរាយការណ៍​ថា មេដឹកនាំ​រដ្ឋប្រហារ លោក​ឧត្តម​សេនីយ៍ Prayuth Chan-ocha នឹង​នៅ​បន្ត​កាន់​តំណែង​ជា​ប្រមុខ​យោធា​ទៀត ដែល​​ខុស​ពី​គម្រោង​ដែល​លោក​គ្រោង​នឹង​ចូល​និវត្តន៍​នៅ​ខែ​កញ្ញា​ខាង​មុខ​ នេះ។ នេះ​បើ​យោង​តាម​កាសែត Bangkok Post។
ចលនា​កម្រើក​មិន​ធ្លាប់​មាន ​របស់​លោក ថាក់ស៊ីន ដែល​រស់​នៅ​និរទេស​ក្រៅ​ប្រទេស ​ដំបូង​គេ​លើក​នេះ ត្រូវ​ក្រុម​អ្នក​វិភាគ​គិត​ថា ថៃ​អាច​នឹង​កាន់​តែ​ហែកហួរ​បែក​បាក់​ផ្ទៃ​ក្នុង​កាន់​តែ​ខ្លាំង ដោយ​សារ​តែ​វិបត្តិ​នយោបាយ បើ​សិន​លោក ថាក់ស៊ីន ដ៏​មាន​ឥទ្ធិពល ប្រជែង​នឹង​យោធា​ពិត​មែន។
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា លោក ថាក់ស៊ីន នឹង​កំណត់​យក​ប្រទេស​ណា​ធ្វើ​ជា​មូលដ្ឋាន​រដ្ឋាភិបាល​និរទេស​របស់​ខ្លួន​នៅ​ ឡើយ។
ឧត្តមសេនីយ៍ Prayuth បាន​ឡើង​កាន់​អំណាច​តែង​តាំង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​នៅ​ទទួល​ស្គាល់​ថា ព្រះមហាក្សត្រ​ជា​ប្រមុខ​រដ្ឋ​ដដែល។
កាល​ ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ យោធា​ថៃ​បាន​រំលាយ​ព្រឹទ្ធសភា​ចោល និង​រាល់​ការ​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​ការ​តាក់តែង​ច្បាប់​ទាំង​អស់ ត្រូវ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​ឧត្តមសេនីយ៍ Prayuth។ នេះ​បើ​យោង​តាម​ការ​ប្រកាស​តាម​ទូរទស្សន៍​ជាតិ​ថៃ​ធ្វើ​ឡើង​ដោយ​យោធា។
ក្រុម ​យោធា​រដ្ឋប្រហារ​ថៃ​បាន​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ ដោយ​ឃាត់ឃាំង​ឥស្សរជន​នយោបាយ​ជាង ១៥០ នាក់​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស និង​គំរាម​ចាប់​ខ្លួន​អ្នក​នយោបាយ​ណា​ដែល​មិន​គោរព​បទ​បញ្ជា​ខ្លួន។ ក្នុង​នោះ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់ ក៏​ត្រូវ​បាន​យោធា​ចាប់​ខ្លួន​ដែរ ៕
ប្រែ​សម្រួល៖ សុផាត
ប្រភព៖ ABC.net.au