លី យ៉ុងផាត់ ភ្ញាក់ផ្អើលការព្រមានរបស់ សម រង្ស៊ី
មេបក្សប្រឆាំង ពេលហែក្បួននៅភ្នំពេញពីថ្ងៃចន្ទ។ រូបថត ផា លីណា
កោះកុងៈ លោក លី យ៉ុងផាត់
ពាណិជ្ជករលេចធ្លោ ដែលជាព្រឹទ្ធសមាជិក គណបក្សប្រជាជន
មានការភ្ញាក់ផ្អើល កាលពីម្សិលមិញចំពោះការថ្លែងរបស់លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានធ្វើការព្រមានរូបលោក
ដោយចោទប្រកាន់ថា បានធ្វើឲ្យប្រជាពលរដ្ឋ នៅ ខេត្តកោះកុង រងទុក្ខ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ
លោក លី យ៉ុងផាត់ បានបញ្ជាក់ថា
បើទោះបីជាលោកមិនបានឮពីការអត្ថាធិប្បាយផ្ទាល់របស់លោក រង្ស៊ី
ដែលបានបង្ហោះលើទំព័រ Facebook របស់គាត់ក៏ដោយ
ក៏ប៉ុន្តែលោកមិនយល់ទេថា តើហេតុអ្វីបានជា លោក សម រង្ស៊ី ធ្វើការវាយប្រហាររូបលោក។
លោកបានបន្ថែមថា៖ «ប៉ុន្មានថ្ងៃនេះ
ខ្ញុំមិនយល់គាត់ទេ។ ខ្ញុំមិនបានធ្វើបាបប្រជាជនទេ។
ក្នុងឆាកនយោបាយ ខ្ញុំមិនបានធ្វើអ្វីប៉ះពាល់គាត់ (សម រង្ស៊ី) ទេ។
ខ្ញុំមិនដឹងទេថា តើមូលហេតុអ្វីគាត់និយាយបែបនេះ?»។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន ស្ករស កោះកុង
ដែលអតីតជាកម្មសិទិ្ធរបស់លោក លី យ៉ុងផាត់
បានជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏ក្តៅគគុកជាមួយប្រជាពលរដ្ឋ
ក្នុង ស្រុកស្រែអំបិល ដែលប្រជាពលរដ្ឋបានចោទប្រកាន់ក្រុមហ៊ុនថា
បានបណ្តេញពួកគាត់ចេញដោយបង្ខំពីផ្ទះសម្បែង និងដីធ្លី។ លោក
យ៉ុងផាត់ បានលក់ភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុនកាលពី ឆ្នាំ២០១០
ទៅឲ្យអ្នកវិនិយោគ ថៃ និង តៃវ៉ាន់។ លោក យ៉ុងផាត់
មិនមែនធ្លាប់កើតមានជម្លោះដីធ្លីជាមួយតែប្រជាពលរដ្ឋនៅ
ខេត្តកោះកុង ប៉ុណ្ណោះទេ ក្រុមហ៊ុន ស្ករស ភ្នំពេញ របស់លោក
ក៏ធ្លាប់កើតមានជម្លោះដីធ្លីដ៏ក្តៅគគុកជាមួយប្រជាពលរដ្ឋរាប់
ពាន់គ្រួសារនៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ផងដែរ។
ដោយសារតែជម្លោះដីធ្លី នៅក្នុង ឃុំអមលាំង នេះ មន្ត្រីគណបក្សប្រឆាំង
និងសកម្មជនសិទ្ធិមនុស្ស បានហៅស្ករសរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ថា
ជា«ស្ករឈាម»
ហើយបានធ្វើយុទ្ធនាការកុំឲ្យសហគមន៍អឺរ៉ុបទិញស្ករសពីក្រុមហ៊ុននេះ
ទៀតផង។
ប៉ុន្តែ លោក យ៉ុងផាត់
បានបញ្ជាក់កាលពីម្សិលមិញថា៖
«យើងបានព្យាយាមដោះស្រាយបញ្ហាមួយចំនួនជូនប្រជាជន។
ប៉ុន្តែប្រជាជនមិនស្តាប់យើងទេ។ គេស្តាប់តែអ្នកនយោបាយ»។
លោកថ្លែងទៀតថា បន្ទាប់ពីឮសម្តីរបស់លោក
សម រង្ស៊ី លោកអាចសរសេរលិខិតទៅលោក សម រង្ស៊ី ដោយផ្ទាល់។
ប៉ុន្តែលោកមិនខឹងនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិទេ។ លោក យ៉ុងផាត់
បានអះអាងថា ដោយសារតែលោក សម រង្ស៊ី គឺជាអ្នកនយោបាយ
ហើយវាជាសិទិ្ធរបស់គាត់ក្នុងការរិះគន់អ្នកណាក៏ដោយដែលគាត់ចង់។
កាលពីថ្ងៃពុធ
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោម
ជាតិ លោក សម រង្ស៊ី
បានផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះ
ដីធ្លី នៅក្នុង ស្រុកស្រែអំបិល ឲ្យឈប់ទទួលយកអំណោយ ជាសារុង
ជាប៊ីចេង ពីគណបក្សប្រជាជន ប៉ុន្តែត្រូវទាមទារយកដីធ្លី
ស្រែចម្ការរបស់ខ្លួនមកវិញដើម្បីធ្វើកសិកម្មចិញ្ចឹមជីវិត។
នេះបើតាមវីដេអូឃ្លីប ដែលបង្ហោះលើ Facebook របស់លោក។
លោក សម រង្ស៊ី
បានថ្លែងដោយមានការទះដៃគាំទ្រយ៉ាងកងរំពងពីអ្នកភូមិរាប់រយ
នាក់ថា នៅ ខេត្តកោះកុងនេះ
មានប្រជាពលរដ្ឋតិចប៉ុន្តែមានផ្ទៃដីធំល្វឹងល្វើយ
តែបែរជាកើតមានជម្លោះដីធ្លី
ដែលនេះមកពីការបែងចែកដីធ្លីមិនយុត្តិធម៌
ហើយគេយកដីធ្លីរបស់ប្រជាពលរដ្ឋក្រីក្រទៅឲ្យក្រុមហ៊ុនលោក លី
យ៉ុងផាត់។
លោក សម រង្ស៊ី បានធ្វើការព្រមានលោក លី
យ៉ុងផាត់ ថា៖ «លី យ៉ុងផាត់ ឯងខ្ញុំសូមផ្តាំថា លី យ៉ុងផាត់
ឯងអត់បានសុខទេ មួយជីវិតនេះ លី យ៉ុងផាត់ ឯងធ្វើបាបប្រជាពលរដ្ឋនៅ
កោះកុង! លី យ៉ុងផាត់ ឯងអត់បានសុខទេ ប្រយ័ត្នមែនទែន!»។
លោក អំ សំអាត
អ្នកស៊ើបអង្កេតនៅអង្គការសិទិ្ធមនុស្ស លីកាដូ
ដែលធ្លាប់បានស៊ើបអង្កេតលើវិវាទដីធ្លីនៅ កោះកុង
មិនធ្វើអត្ថាធិប្បាយអំពីការព្រមានរបស់លោក សម រង្ស៊ី ទេ
ដោយលោកបញ្ជាក់ថា នេះជាសាររបស់អ្នកនយោបាយ ប៉ុន្តែ លោកបញ្ជាក់ថា
ប្រជាពលរដ្ឋបានធ្លាក់ខ្លួនក្រីក្រហើយខ្លះ
បានធ្វើចំណាកស្រុកដោយសារតែការវិនិយោគរបស់ក្រុមហ៊ុននៅ កោះកុង៕ TK
______________
ប្រភពពីភ្នំពេញប៉ុស្តិ