បើករថយន្ត ចេញដើរកម្សាន្ត ពេលបើកដល់ ពាក់កណ្តាលផ្លូវ រថយន្តឆ្លងចរន្តអគ្គិសនី ឆេះកាប៊ិនមុខ ផ្អើលពេញផ្លូវសហព័ន្ធរុស្ស៊ី
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ
បានកើតឡើង ដោយសារតែបុរសម្នាក់ បើកបររថយន្តកូរ៉ូឡា មួយ គ្រឿង ឌុបប្រពន្ធកូន
ដើរកម្សាន្តតាមរមណីយដ្ឋាននានា ហើយពេលបើកចេញ ពីរមណីដ្ឋានចំការព្រីង
ដល់ផ្លូវសហព័ន្ធរុស្ស៊ី ខាងក្រោមស្ពានអាកាស ៧មករា ភូមិត្រពាំងឈូក
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែរថយន្ត ឆ្លងចរន្តអគ្គិសនីឆាបឆេះ កាប៊ិនខាងមុខ បង្កការឆោឡោ កាលពីវេលាម៉ោង ២២ និង០០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍
ខាងលើនេះបានឲ្យដឹងថា មុនពេលកើត ហេតុ គឺបុរសម្នាក់វ័យជាង ២០ ឆ្នាំ បានបើកបរ
រថយន្តមួយ គ្រឿង ម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T 9935
ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន
ពេលមកដល់ ចំណុចកើតហេតុខាងលើនេះ ស្រាប់តែរថយន្តកូរ៉ូឡានេះ មានផ្សែងហុយចេញពី
កាប៊ិនខាង មុខ ។ ពេលឃើញដូចនោះ ម្ចាស់រថយន្តបានចុះ ទៅពិនិត្យរថយន្តរបស់
ខ្លួន ក៏ប្រទះឃើញ អណ្តាតភ្លើង ឆាបឆេះឡើងសន្ធោរសន្ធៅ ។
ដូច្នេះក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើ
ដំណើរ ឆ្លងកាត់ ឈប់រោម មើល និងទូរស័ព្ទទៅសមត្ថកិច្ច
ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាន យកបំពង់ពន្លត់អគ្គិភ័យ
មកបាញ់ពន្លត់ឲ្យរលត់ទៅវិញ ពុំមានការឆាបឆេះធំដុំនោះទេ ។
ក្រោយកើតហេតុ ដោយសារហេតុការណ៍នេះ
មិនបណ្តាលឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងទ្រព្យ សម្បត្តិសាធារណៈ
ដូច្នេះសមត្ថកិច្ចសម្រេច ប្រគល់រថយន្ត ឲ្យទៅម្ចាស់រថយន្ត អូសយកទៅជួសជុល
ដោយខ្លួនឯង ៕
