លោក ហ៊ុន សែន ចំអក​គណបក្សប្រឆាំង​ថា​ទទួលស្គាល់​ លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​រៀបចំ​ដោយ ​គជប​​

5/27/2014 0 Comments A+ a-


hun-sen-2014-05-27លោកនាយក ​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ ថ្លែង​ចំអក​គណបក្ស​សង្គ្រោះ​ជាតិ​ថា ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ខណៈ​ខ្លួន​មិន​ទុកចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​(​គជប​)​។ ​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​កោះ​ពេជ្រ លោក ហ៊ុន សែន ថ្លែងថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​កាលពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា ប្រព្រឹត្តទៅ​ដោយ​រលូន និង​គ្មាន​ហិង្សា តែ​ការឃោសនា​វិញ គណបក្ស​មួយ បាន​ហែ​ក្បួន​តាម​ផ្លូវ បណ្តាល​ឲ្យ​កកស្ទះ​ចរាច​រណ៍​។​លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ពេញចិត្ត​នឹង​គជប តែ​​នៅ​តែ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​គជប​។​
​លោក ហ៊ុន សែន មិន​បាន​ថ្លែង​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ថា​តើ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លទ្ធ​ផល​​ល្អ​ឬ​យ៉ាងណា​។​​គជប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី យប់​ថ្ងៃ​អង្គារ​នេះ​។  
​ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា លោក សម រង្ស៊ី បញ្ជាក់ថា គណបក្ស ទទួលបាន​៨៧​អាសនៈ ដែល​កាលពី​អាណត្តិ​ទី​មួយ ទទួលបាន​៦១​អាសនៈ និង​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ គឺ​ទទួលបាន​៦៧៧ ដែល​កាលពី​អាណត្តិ​ទី​មួយ​ទទួលបាន​តែ​៥១៨​អាសនៈ​ប៉ុណ្ណោះ​។ លោក​សម រង្ស៊ី បាន​បូកសរុប​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ទទួលបាន​ចំនួន​៧៦៤​អាសនៈ កើន​ឡើង​ជាង​អាណត្តិ​ទីមួយ ចំនួន​១៨៥​អាសនៈ​។ លោក​បញ្ជាក់ថា លទ្ធផល​នេះ អាច​ទទួលយកបាន​។​
VOD មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​មន្ត្រី​ផ្សេងទៀត ដើម្បី​អត្ថា​ធិប្បាយ​​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​
​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ​២០១៣ ដោយ​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា បាន​លួច​បន្លំ​សន្លឹកឆ្នោត​តាមរយៈ​គជប​។ គណបក្សប្រឆាំង កំពុង​ជំរុញ​ឲ្យ​កំណែទម្រង់គជប ដោយ​ដាក់​ជា​ស្ថាប័ន​ធម្មនុញ្ញ​៕
ប្រភពពី vodhotnews.com