បើមិនបានបង់ពន្ធយានយន្តឆ្នាំ២០១៤ គឺត្រូវបង់ពន្ធ និងបង់ប្រាក់ពិន័យ១០០ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់នៅឆ្នាំ២០១៥
សេចក្តីជូនដំណឹង ដែលមានចុះហត្ថលេខាដោយលោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលគេហទំព័រCENទទួលបានៅថ្ងៃទី២០ខែឧសភានេះ បានបង្ហាញថា ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៥ តទៅ អង្គភាពពន្ធដារនឹងចុះពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំ២០១៤។ ដោយឡែកសម្រាប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់បណ្តាឆ្នាំមុនៗ សូមអញ្ជើញម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងអស់មកប្រកាសបង់ពន្ធឲ្យបានគ្រប់ៗគ្នា ពីព្រោះគ្រប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានលើកលែងពន្ធនិងប្រាក់ពិន័យសម្រាប់ឆ្នាំសារពើពន្ធនា ឆ្នាំកន្លងមក។ ក្នុងករណីនៅតែមិនបង់ពន្ធសម្រាប់ឆ្នាំ២០១៤ នោះនឹងត្រូវផាកពិន័យនិងបង់ពន្ធ គិតចាប់ពីឆ្នាំដែលមិនបានបង់ពន្ធរហូតមក។
សូមបញ្ជាក់ថា យោងតាមប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ជម្រាបជូនម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ មេត្តាជ្រាបថា ការប្រមូលពន្ធលើធម្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៤ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៤រហូតដល់ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៤៕
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ប្រភពពី CEN
