បញ្ជូន​ខ្លួន​នាយក​ក្រុមហ៊ុន​ ក្លែតហ្វ័រអល​ទៅ​តុលាការ​ ពី​បទ​ឆបោក​ប្រាក់

5/01/2014 0 Comments A+ a-


ជន​សង្ស័យ​ឈ្មោះ អេង ប៉ុងម៉ារឌី ប្រធាន​ក្រុមហ៊ុន​ ក្លែតហ្វ័រអល ដែល​ជា​ក្រុម​ហ៊ុន​ផលិត​សំបក​ដប​ទឹក​ផ្លា​ស្ទិក។
នាយក ក្រុមហ៊ុន
ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ ការិយា​ល័យ​អន្តរា​គមន៍​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពី​ព្រឹក​ថ្ងៃ ព្រហស្បតិ៍​នេះ បាន​ចាប់​និង​បញ្ជូន​ខ្លួន​ប្រធាន​ក្រុមហ៊ុន​ ក្លែតហ្វ័រអល ដែល​ជា​ក្រុម​ហ៊ុន​ផលិត​សំបក​ដប​ទឹក​ផ្លា​ស្ទិក ​មាន​ទីតាំង នៅ​ក្នុង​ភូមិ​ព្រែក​តានូ២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​«ឆបោក​ប្រាក់» ចំនួន ៤០៦៦២, ៧៩ ដុល្លារ​អាមេរិក ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០១៣។
មន្ត្រី​នគរបាល​ការិយា​ល័យ​អន្តរាគមន៍​បាន​ឲ្យ​ ដឹង​ថា ជន​សង្ស័យ​ខាង​លើ​នេះ​មាន​ឈ្មោះ អេង ប៉ុងម៉ារឌី ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​មុខ​របរ​ជា​ប្រធាន​ក្រុម​ហ៊ុន​ ក្លែតហ្វ័រអល និង​មាន​ប្រពន្ធ​ឈ្មោះ មុំ កញ្ញារ៉ា អាយុ​២៨​ឆ្នាំ​ស្នាក់​នៅ​ផ្ទះ​លេខ ៨៥បេ ផ្លូវ​លេខ ៩៩ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន​រាជធានី​ភ្នំពេញ។ ជន​សង្ស័យ ត្រូវ​បាន​ប្តឹង​ដោយ​ឈ្មោះ ង្វៀង យ៉ាំងយ៉ ភេទប្រុស អាយុ​៤១​ឆ្នាំ ជា​ជន​ជាតិ​វៀតណាម​ស្នាក់​នៅ​ផ្ទះ​លេខ ២៦៧ សង្កាត់​ទឹក​ល្អក់៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​និង​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន ដោយ សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​អន្តរាគមន៍​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពីថ្ងៃ​២៩ ខែ​មេសា ២០១៤ តាម​ដីកា បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ​៨៤ អញយ ចុះថ្ងៃ​ទី ២៨ ខែ​មេសា ២០១៤ របស់​លោក​ហៀង សុភក្តិ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
មន្ត្រី​សមត្ថកិច្ច​នគរបាល​បាន​បន្ថែម​ថា ឥឡូវនេះ ជន​សង្ស័យ​ឈ្មោះ អេង ប៉ុងម៉ារឌី កំពុង​តែ​បន្ត​ការ​សាក​សួរ​ពី​តំណាង​អយ្យការ​នៅ​ឯ​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​នៅ​ឡើយ។
ជន​សង្ស័យ​ឈ្មោះ អេង ប៉ុងម៉ារឌី និង​ភរិយា​ឈ្មោះ មុំ កញ្ញារ៉ា មិន​អាច​ទាក់​ទង ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែ​ឧសភា ២០១៤​នេះ៕
________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍