ស្រ្តីម្នាក់បើករថយន្ត ចូលហ្វូងអ្នកតវ៉ា ទាំងមិនដឹងមូលហេតុ
ភ្នំពេញ៖ ស្រ្តីម្នាក់
បានបើករថយន្តកូរ៉ូឡាពណ៌ស មួយគ្រឿងបុកចូលទៅក្នុងហ្វូងកម្មករ
និងអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិ ដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា
ដែលកំពុងនាំគ្នាប្រមូលផ្តុំតវ៉ានៅលើស្ពាននាគ ក្បែរវត្តភ្នំ
តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ប្រមាណ ៩ និង៤០នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤នេះ។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ
បានឲ្យដឹងទៀតថា ក្រោយពីបើករថយន្តចូលទៅក្នុងហ្វូងអ្នកតវ៉ាជា
មួយល្បឿនដ៏លឿននោះ បានធ្វើឲ្យក្រុមអ្នកតវ៉ាផ្ទុះកំហឹងវាយរថយន្តនោះ
ខូចខាតយ៉ាងដំណំ។ ដោយឡែកស្រ្តី
ដែលបើករថយន្តមិនរងការវាយតបពីក្រុមអ្នកតវ៉ានោះទេ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច បានឃាត់ខ្លួនស្រ្តីជាម្ចាស់រថយន្តទៅសួរនាំ ព្រមទាំងស្ទួចយករថទៅរក្សាទុក ផងដែរ។
ជុំវិញការបើករថយន្តសំដៅចូលទៅក្នុងហ្វូងអ្នកតវ៉ានេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ៕