វីជេ រតនា ធ្លាក់​ខ្លួន​ឈឺ​ក្រោយពី​ល្បី​សន ផល្លិកា ប្រកាស​ប្តឹង​បរិហារកេរ្តិ៍

5/27/2014 0 Comments A+ a-


សន ផល្លិកា និង​ វីជេ រតនា ចូលរួមកម្មវិធីសិល្បៈកន្លងមក។ រូបថត សហការី
សន ផល្លិកា និង​ វីជេ រតនា ចូលរួមកម្មវិធីសិល្បៈកន្លងមក។ រូបថត សហការី
ភ្នំពេញ : ខណៈ​គូស្នេហ៍​ដែល​ធ្លាប់​តែ​ ផ្អែមល្ហែម​ក្រោម​ដើមទ្រូង​រួមរស់​ជាមួយ គ្នា​ក្នុង​ដំបូល​តែ​មួយ​អស់​រយៈពេល​បី​ឆ្នាំ និង​ត្រូវ​នាង សន ផល្លិកា ប្រតិកម្ម និង​ប្រកាស​ប្ដឹង​ពី​បទបរិហារកេរ្តិ៍ និង​ជ្រៀតជ្រែក​ជីវិត​ឯកជន​របស់​នាង​នោះ វីជេ រតនា ក្រៅពី​បង្ហាញ​ពី​ជំហរ​ទទួល​ស្គាល់​កំហុស​ខ្លួន​នោះ នៅក្នុង​គណនី​ហ្វេសប៊ុក លោក​ក៏​បាន​ប្រកាស​ធ្លាក់​ខ្លួន​ឈឺ​ទៀត​ផង។
រហូត​មក​ទល់ ពេល​នេះ បើ​ទោះ​គេ​ដឹង​ថា រឿងរ៉ាវ​ស្នេហា​តារា​មួយ​គូ ឈាន​ដល់​ដំណាក់កាល​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ក្តី តែ​គេ​នៅ​មិន​អាច​ស្នើសុំ​ចម្លើយ​ពី​នាង សន ផល្លិកា បាន​នោះ​ទេ។ ប៉ុន្តែ​មាន​ប្រភព​ដែល​អះអាង​នៅ​ជិត​ដិត​នាង​ប្រាប់​ថា៖ «​ផល្លិកា ពិត​ជា​គ្រោង​ប្ដឹង​វាយបក​ចំពោះ វីជេ រតនា ពិតមែន»។ ប្រភព​នោះ​បញ្ជាក់​ថា ផល្លិកា នាង​គ្រោង​ដាក់​ពាក្យ​ប្តឹង វីជេ រតនា បទបរិហារកេរ្តិ៍ និង​ជ្រៀតជ្រែក​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​នាង បើ​ទោះ​ជា​វីជេ រតនា សម្រេចចិត្ត​សុំទោស​ជា​ថ្នូរ​កុំ​ឲ្យ​នាង សន ផល្លិកា ប្ដឹងប្ដល់​ក្ដី​។
ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា៖ «ទំនាក់ទំនង​រវាង​ពីរ​នាក់​នេះ មិន​អាច​ត្រឡប់​មក​កាន់​ដូច​អតីតកាល​នោះ​ទេ ហើយ​ទំនង​ជា​ក្លាយ​ជា​គូ​បដិបក្ខ​ផង​ក៏​មិន​ដឹង​»។
ជម្លោះ ដ៏​ក្ដៅគគុក​រវាង​ពិធីករ​ល្បីល្បាញ​លោក វីជេ រតនា និង​កញ្ញា សន ផល្លិកា តារាចម្រៀង​មិន​ទាន់​ចេញ​ឌីស​របស់​ហង្សមាស បាន​ក្លាយ​ជា​អណ្ដាតភ្លើង​កាន់តែ​ខ្លាំង​។ ប៉ុន្តែ ភាគី​ខាង​ប្រុស ដែល​អ្នក​ណា​ក៏​ដឹងថា បាន​បង្ហាញ​ភាព​ឆេវឆាវ ព្រោះ​តែ​ភ្លើង​ប្រចណ្ឌ​នោះ បាន​បន្ទន់​ចិត្ត​ទទួល​កំហុស និង​បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​សុំទោស បន្ទាប់ពី​មើល​ឃើញ​ភ្លើង​ជម្លោះ​ផ្ទុះ​រីក និង​ពិបាក​ទប់​។
វីជេ រតនា បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​ព្រម​សុំទោស​ជា​សាធារណៈ​ចំពោះ​នាង​ពិតមែន បន្ទាប់ពី​មើល​ឃើញ​ថា បើ​បន្ត​ការ​តតាំង​គឺ​គ្មាន​ចំណេញ​អ្វី​ក្រៅ​ពី​ខាត​ទាំង​មុខ និង​ការងារ​។ វីជេ អភ័ព្វស្នេហ៍​រូប​នេះ បាន​ទទួល​ថា​អ្វី​ដែល​ខ្លួន​បាន​ឆ្លើយឆ្លង​ជាមួយ​អ្នក​សារព័ត៌មាន ហាក់​ដូចជា​ខុសឆ្គង​ចំពោះ​នាង​មែន រហូត​ឈាន​ដល់​ការ​ព្រមាន​ប្ដឹង​ពី​ខាង​ស្រី។
វីជេ រតនា បញ្ជាក់​ថា បើ​សុំទោស អាច​បញ្ចប់​ចម្រូងចម្រាស​ដែល​បាន​ផ្ទុះ​ឡើង វា​មិនមែន​ជា​រឿង​អាក្រក់​ទេ ដើម្បី​ឲ្យ សន ផល្លិកា និង​គ្រួសារ​ព្រម​ទាំង​ឪពុក​ម្ដាយ​ស្ងប់​ចិត្ត​ផង​។
លោក​ពន្យល់​ថា៖ «​បើ​ការ​ចង់​ឈ្នះ ហើយ​ឡើង​តុលាការ តើ​វា​ចំណេញ​អី ដូច្នេះ​ខ្ញុំ​សុខចិត្ត​សុំទោស​គាត់​ជា​សាធារណៈ ម្យ៉ាង​អ្វី​ដែល​ខ្ញុំ​ធ្វើ​ចំពោះ​គាត់​ពិតជា​ជ្រុល​ខ្លះ​មែន ក្នុង​ពេល​កើត​មាន​ចម្រូងចម្រាស​នោះ​»​។
យ៉ាង​ណា​ក្ដី ជម្រើស​សុំទោស​បញ្ចប់​ទំនាស់​របស់ វីជេ រតនា នោះ ត្រូវ​គេ​គិត​ថា​ជា ដើម្បី​លុបលាង​នូវ​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ពេល​ប្រចណ្ឌ​នាង សន ផល្លិកា ជា​អតីត​គូស្នេហ៍​ដែល​ធ្វើឲ្យ​នាង​បាក់​មុខ ជួយ​ឲ្យ​លោក​គេច​ផុត​ពី​ការ​ប៉ះពាល់​នៅ​ក្លិប​C2 ទូរទស្សន៍ CTN និង​ប្រជាប្រិយភាព​ទាំង​មូល ដែល​ជា​ឆ្នាំងបាយ​របស់​ខ្លួន​ដែរ។
បន្ទាប់ពី​បន្ទន់​ឥរិយាបថ សុំទោស នាង សន ផល្លិកា នៅក្នុង​គណនី​ហ្វេសប៊ុក របស់ វីជេ រតនា បាន​បង្ហោះ​រូបភាព​លោក ឈឺ​កោស​ខ្យល់​ជាំ​ពេញ​ខ្លួន ជាមួយ​សារ​ខ្លីៗ​សរសេរ៖ «Doctor ប្រាប់​ថា ខ្ញុំ​គ្រុន​ពោះវៀន​ត្រូវ​ឲ្យ​ខ្ញុំ​តម​ចំណី ញ៉ាំ​បាន​តែ​បបរ​ទេ។ ហេតុអ្វី​ខ្ញុំ​ស៊យម៉េស(ម្ល៉េះ)?​ខ្លួន​ខ្ញុំ​ដូច​បាតឆ្នាំង​នៅលើ​ភ្លើង​ អ៊ីចឹង​ក្ដៅ​ណាស់​លោក​អើយ។ មិន​ដឹង​ថា​ខ្លួនឯង​ខ្យល់​ដល់​ថ្នាក់​ហ្នឹង​សោះ អ៊ីចឹង​បាន​ជា​ប៉ុន្មាន​ថ្ងៃ​នឹង​ចេះ​តែង​ងឹត​មុខ ដើរ​រក​តែ​ដួល»។
ជាមួយ​សារ​រៀបរាប់​ពី​អាការ​ជំងឺ​ពី​ក្នុង​ មន្ទីរពេទ្យ​ជ័យជម្នះ​នោះ​វីជេ រតនា ដែល​កំពុង​រង​នូវ​វិបត្តិ​ស្នេហ៍​ធ្លាក់​ខ្លួនឈឺ​រូប​នេះ​បាន​សរសេរ បន្ដ​ថា៖ «ពេល​នេះ​ជីវិត​ឯកា​ណាស់ មាន​តែ​ខ្លួនឯង​ទេ មិន​មាន​អ្នក​ណា​ឈឺឆ្អាល​នឹង​យើង​ទៀត​ទេ ពេល​នេះ​មាន​តែ​ម្តាយ​ជួយ​នាំ​មក​ពេទ្យ​»៕
_______________
ប្រភពពីភ្នំពេញប៉ុស្តិ