ក្រសួងការងារ អនុញ្ញាតឱ្យកម្មករ ឈប់សម្រាក៣ថ្ងៃ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ

4/02/2014 0 Comments A+ a-


31-PO-01
រាជធានីភ្នពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាល  វិជ្ជាជីវៈ បានប្រកាស ឱ្យរោងចក្រ សហគ្រាស គ្រឹះស្ថាននានា នៅកម្ពុជា អនុញ្ញាតឱ្យកម្មករ កម្មការិនី ឈប់សម្រាករយៈពេល ៣ថ្ងៃ ដើម្បីអបអរ ដល់បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងចូលមក ដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
តាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤នេះ បានឱ្យដឹងថា “យោងតាមច្បាប់ ស្តីពីការងារ និងប្រកាស របស់ក្រសួងលេខ ២៨៣ កប/ប្រ.ក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពី ការឈប់ បុណ្យដែលត្រូវបានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០១៤ សូមលោក លោកស្រី អនុញ្ញាតឱ្យកម្មករ និយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៤” ។
លិខិតដដែលដែលចុះហត្ថលេខាដោយ លោក  អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាព របស់ខ្លួនបាន ក្នុងឱកាសថ្ងៃឈប់ បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ម្ចាស់អាជីវកម្ម និងនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួល ជាមួយកម្មករ និយោជិតឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឱ្យមានពេលវេលា និងថ្ងៃឈប់សម្រាប់បុណ្យបានសមស្រប ។
លិខិតដដែលបានបញ្ជាក់បន្ថែមទៀតថា កម្មករ និយោជិត ដែលបំពេញការងារ នៅថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនូនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើធម្មតាផងដែរ ។ ដោយឡែក្នុងករណី មានលទ្ធភាប ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន គួរចាត់តាំងឱ្យមានការលេងល្បែង កម្សាន្តនានា នៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំ និងដើម្បីលើកទឹកចិត្ត ដល់បងប្អូនកម្មករ និយោជិត ដេលបានបំពេញការងារ កន្លងមក ៕
ប្រភពពី Free Press Magazine