ភាព​ខុស​គ្នា​រវាង​លោក ហ៊ុន សែន រង្ស៊ី និង សុខា

4/02/2014 0 Comments A+ a-


20140401_08កាល ​ពី​សប្ដាហ៍​មុន​ប្រិយមិត្ត​អ្នក​អាន​បាន​ស្គាល់​ហើយ​ថា លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជា​នរណា? សប្ដាហ៍​នេះ​លោក​បណ្ឌិត​នឹង​វែកញែក​ឲ្យ​អ្នក​អាន​បាន​ដឹង​ពី​ចរិត​និង លក្ខណ​សម្បត្តិ​របស់​មេ​ដឹក​នាំ​បី​រូប មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
ក្នុង​នាម​ជា​ជន​ឯករាជ្យ​និយម លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សង្កេត​និង​ឲ្យ​តម្លៃ​ចំណុច​ខ្លាំង និង​ខ្សោយ​របស់​មេ​ដឹក​នាំ​ទាំង​បី ដែល​ជា​តួអង្គ​សំខាន់​ក្នុង​ឆាក​នយោបាយ កម្ពុជា នា​ពេល​បច្ចុប្បន្ន។ លោក​បាន​មាន​ប្រសាសន៍​ថា «សម្តេច ហ៊ុន សែន មាន​ស្នាដៃ​ល្អ ដែល​យើង​ត្រូវ​ទទួល​ស្គាល់ គឺ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​សង្គម ហើយ​ចំណុច​ខ្សោយ​របស់​គាត់ គឺ​លោក​ជា​មេ​ដឹក​នាំ​ផ្ដាច់ការ»។ចំពោះ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ស្ថាបនិក និង​ជា​និមិត្តរូប​នៃ​ការ​កែប្រែ​ទស្សនៈ​របស់​ប្រជាជន​ជា​អ្នក​បង្កើត​ឲ្យ​ មាន​ចលនា​ទាមទារ​ការ​ផ្លាស់​ប្ដូរ​សង្គម។ គាត់​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ទស្សន​វិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​ កែប្រែ​សង្គម​មួយ​ឲ្យ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។ លោក កឹម សុខា តែងតែ​និយាយ​អ្វី​ក្នុង​នាម​ជា​តំណាង និង​ជា​សំឡេង​របស់​ប្រជា​ពលរដ្ឋ និង​បង្ក​លក្ខណៈ​ឲ្យ​ពលរដ្ឋ​ផ្ដល់​យោបល់ ហើយ​គាត់​បាន​បន្ទរ​នូវ​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ។ ចំណុច​ខ្សោយ​របស់​គាត់ នៅ​ត្រង់​ថា គាត់​គឺ​ខ្វះខាត​ជំនាញ​ទំនាក់​ទំនង​ការទូត។ រីឯ​ចំណុច​ខ្លាំង​របស់​លោក សម រង្ស៊ី វិញ គឺ​គាត់​ជា​និមិត្តរូប​នៃ​ការ​លើក​ស្ទួយ​សិទ្ធិ​កម្មករ ដោយ​មិន​ខ្លាច​នឿយ​ហត់​ក្នុង​ការ​បាត់បង់​ពេល​វេលា និង​ទ្រព្យ​ធន និយាយ​រួម គាត់​ខ្លាំង​ខាង​ដឹក​នាំ​កម្មករ​ឲ្យ​តវ៉ា និង​បង្រៀន​កម្មករ​ឲ្យ​យល់​ពី​សិទ្ធិ​ការងារ ហើយ​នៅ​ក្នុង​កាលៈទេសៈ​មាន​ការ​គាប​សង្កត់​ខ្លាំង គាត់​បាន​ធ្វើ​សកម្មភាព​ទាក់​ទាញ វណ្ណៈ​កម្មករ គាត់​ដឹក​មុខ​ដោយ​មិន​ខ្លាច​ញញើត សូម្បី​តែ​ខ្ញុំ​ក៏​គ្មាន​លទ្ធភាព​ធ្វើ​ដូច​គាត់​បាន​ទេ។ ជា​ទូទៅ​មូលដ្ឋាន​គ្រឹះ​នៃ​អំណាច​គណបក្ស​កុម្មុយនីស្ត​ទាំង​ឡាយ​គឺ​បាន​មក​ ពី​ការ​គាំទ្រ​ដោយ​វណ្ណៈ​កសិករ កម្មករ តែ​គណបក្ស​ប្រជាជន​កម្ពុជា​បែរ​បោះបង់​កម្មករ​ទៅ​វិញ។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​បក្ស​ប្រជាជន​បែរ​ខ្នង​ដាក់​កម្មករ ហើយ​ទុក​ឲ្យ សម រង្ស៊ី មាន​ឱកាស​ចាប់​យក​ដែល​មាន​ចំនួន​កម្មករ​ចេះ​តែ​ច្រើន​ទៅៗ។ រីឯ​ចំណុច​ខ្សោយ​គាត់​ធំ​បំផុត គឺ​មិន​មាន​លក្ខណៈ​ភាព​ជា​អ្នក​ដឹក​នាំ​រឹង​មាំ​ទេ។ សម្រាប់​លោក សម រង្ស៊ី តែ​ម្នាក់​ឯង​មិន​អាច​ក្លាយ​ជា​មេ​ដឹក​នាំ​ដ៏​ល្អ​មួយ​រូប​បាន​ឡើយ លុះ​ត្រា​ណា​មាន​ដៃគូ។
ទាក់ទិន​នឹង​ភាព​ជាប់​គាំង​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ បណ្ឌិត ឡៅ ម៉ុងហៃ សូម​លើក​ពី​យន្តការ​ដែល​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ចាំ​បាច់ ត្រូវ​ធ្វើ​ជា​មុន​សិន។ លោក​បណ្ឌិត​បាន​ជូន​ជា​យោបល់​ថា សម្រាប់​អ្នក​កាន់​អំណាច​របៀប​សព្វ​ថ្ងៃ​នេះ គេ​គួរ​ដក​ខ្លួន​គិត​ពិចារណា ឬ​សម្រាក​ឲ្យ​ខួរ​ក្បាល​រំសាយ​សិន បើ​នៅ​តែ​បន្ត​កាន់​អំណាច​គឺ​ពិបាក ខួរ​ក្បាល​នៅ​តែ​ក្តៅ នៅ​តែ​មោហ៍បាំង​រក​ផ្លូវ​ត្រូវ​មិន​ឃើញ​ឡើយ។ បញ្ហា​វា​នៅ​ត្រង់​ថា តើ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បន្ត​នៅ​មាន​មោហ៍បាំង? បញ្ហា​នេះ មិន​មែន​មាន​ន័យ​ថា កែប្រែ​មិន​បាន​នោះ​ទេ ជួន​កាល​ពេល​ខ្លួន​អស់​ជម្រើស​គេ​អាច​យក​គំនិត​អ្នក​ប្រាជ្ញ។
ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​ស្ថិត​នៅ​ដំណាក់កាល​ទាល់​ច្រក​ទាំង​អស់​ គ្នា​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា បាន​ធ្វើ​ហើយ តែ​ហាក់​ដូច​មិន​បាន​ផល​អ្វី ប្រជា​ពលរដ្ឋ​នៅ​តែ​មិន​បាក់​បប​ខ្លប​ខ្លាច បច្ចុប្បន្ន មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​លែង​ខ្លាច​ការ​គំរាម​កំហែង​ហើយ។ ការ​គ្រប់​គ្រង​បែប​នេះ​អាច​ក្លាយ​ជា​ក្រុម​ឯកោ ឬ​ឯកោ​ម្នាក់​ឯង។ រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​មាន​សំឡេង ៦៨ កៅអី​មិន​មែន​តំណាង​ប្រជាជាតិ វា​មិន​ស្រប​តាម​វិចារណញ្ញាណ​របស់​ប្រជាជាតិ។ មាត់ ចិត្ត​គំនិត និង​សកម្មភាព មិន​ស៊ី​ចង្វាក់​គ្នា​ទេ។ ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​ដំណើរ​របស់​ខ្លួន​បែប​នេះ មាន​គ្រោះ​ខ្លួន​ឯង​មុន​គេ។ នៅ​ក្នុង​ប្រវត្តិសាស្រ្ត អ្នក​ដឹក​នាំ​បែប​នេះ​ដូច​ជា​មិន​បាន​ចប់​ចុង ចប់​ដើម​ស្រួល​បួល​ឡើយ។
លោក​បណ្ឌិត​ថ្លែង​ថា រដ្ឋាភិបាល​ដឹង​ខ្លួន​ថា សមត្ថភាព​គ្រប់​គ្រង​រាល់​ថ្ងៃ គឺ​បរាជ័យ ហើយ​បាន​ប្រកាស​កែ​ទម្រង់​ស៊ី​ជម្រៅ តែ​មិន​ទាន់​ដឹង​ថា លទ្ធផល​យ៉ាង​ណា​នោះ​ទេ។ ក្នុង​រង្វង់​ជាង​បី​ទសវត្សរ៍ ពលរដ្ឋ​ខ្មែរ​រស់​ក្នុង​នាម​ជា​រាស្រ្ត​ដែល​រមែង​តែ​ធ្វើ​អ្វីៗ​តាម​ រដ្ឋាភិបាល​ចង់​នោះ ប៉ុន្តែ​ឥឡូវ​គេ​ក្លាយ​ជា​ពលរដ្ឋ​សកម្ម និង​ប្រកប​ដោយ​ថាមពល​ខ្លាំង​ក្លា។ បើ​កាល​ណា​និយាយ​ពី​ពលរដ្ឋ​រាល់​រូប​គេ​យល់​ដឹង​ពី​សិទ្ធិ​របស់​គេ គេ​យល់​ដឹង​អំពី​ការ​ទទួល​ខុស​ត្រូវ និង​បញ្ហា​សង្គម​ជាតិ​របស់​គេ ហើយ​គេ​ចូល​រួម​យ៉ាង​សកម្ម​តាម​រយៈ​ការ​បោះឆ្នោត តាម​រយៈ​ការ​តវ៉ា​នានា ហើយ​ជា​លើក​ទី​មួយ​ដែល​ឃើញ​ពលរដ្ឋ កម្ពុជា សកម្ម​ប្រកប​ដោយ​ថាមពល​ទៀត។ យុវជន​សម័យ​នេះ​សកម្ម​ជាង​ជំនាន់​លោក​នៅ​ពី​ក្មេង មាន​ចំណេះ​ដឹង​ខ្ពស់​ជាង និង​ឧស្សាហ៍​ជាង​ពួក​គេ​ហាក់​មាន​ការ​រវល់​ជាង។ ចំណុច​នេះ​ខ្ញុំ​ឃើញ​ល្អ ត្រឹម​ត្រូវ​តាម​វិចារណញ្ញាណ​ពួក​គេ​មិន​ចេះ​តែ​ជឿ​តាម​ការ​ឃោសនា​ទេ។ យុវជន​យើង​មាន​ចំណេះ​ដឹង​ទាំង​ច្បាប់ បច្ចេកវិទ្យា និង​ចំណេះ​ដឹង​ផ្សេង​ទៀត។​លោក​មាន​ប្រសាសន៍​ថា «ប្រសិន​បើ​ខ្ញុំ​ជា​មេ​ដឹក​នាំ​ប្រទេស​វិញ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​ប្រជា​ពលរដ្ឋ​សកម្ម​បែប​អ៊ីចឹង ហើយ​មាន​ថាមពល​បែប​ហ្នឹង ត្រូវ​បង្វែរ​ហើយ​ប្រើ​ប្រាស់​ថាមពល​បែប​ហ្នឹង គេ​គួរ​បង្វែរ​សកម្មភាព​ទៅ​រក​កន្លែង​ណា​ល្អ​ទាំង​អស់​គ្នា។ ឯ​ខាង​ផ្នែក​អភិវឌ្ឍន៍​ក៏​អ៊ីចឹង​ដែរ គេ​អាច​បង្វែរ​ថាមពល​នោះ​ទៅ​រក​ផ្លូវ​ល្អ​រួម​មួយ។ នេះ​ជា​ការ​កែច្នៃ បើ​យើង​រស់ ក៏​ត្រូវ​ឲ្យ​គេ​រស់​ផង។ គឺ​ចំណេញ​ទាំង​អស់​គ្នា»។
ស្ថានភាព​បច្ចុប្បន្ន​នេះ គឺ​ស្ថិត​ក្នុង​ដំណាក់​មិន​ជឿនលឿន គឺ​ស្ថាប័ន​ដឹក​នាំ​រដ្ឋ​ដើរ​មិន​ទាន់​ភាព​ជឿនលឿន និង​ការ​ចង់​បាន​របស់​សង្គម។ ដូច​ករណី​វិវាទ​ដីធ្លី គឺ​គ្មាន​នីតិវិធី​អ្វី​ក្រៅ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា។ ឃើញ​ទេ? គេ​គ្មាន​ដំណោះស្រាយ​ទេ តាម​ធម្មតា ខ្មែរ​យើង​តាំង​ពី​បែក​បាក់​អង្គរ​មក ខ្មែរ​យើង​គ្មាន​យន្តការ​ដោះស្រាយ​ជម្លោះ ដែល​ទទួល​យក​បាន​ទាំង​អស់​គ្នា​ទេ។
លោក​បាន​កត់​សម្គាល់​ថា ហេតុ​ដែល​ខ្មែរ​ចេះ​តែ​កើត​មាន​វិវាទ​ក្នុង​សង្គម​ចេះ​តែ​ច្បាំង​គ្នា និង​ប្រើ​ប្រាស់​អំពី​ហិង្សា​កាប់​សម្លាប់​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ ជំនាន់ ជំងឺ​នេះ​ដោយ​សារ​តែ​គ្មាន​យន្តការ ឬ​វប្បធម៌​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ពេល​ដែល​ភាគី​ម្ខាង​ចេះ​តែ​ចង់​ឈ្នេះ អ្នក​ម្ខាង​ទៀត​គេ​តែង​តែ​ទៅ​ពឹង​អ្នក​ជិត​ខាង។ អ្នក​ដែល​គេ​ត្រូវ​ពឹង​តែង​តែ​រំពឹង​និង​កេង​រក​ផល​ប្រយោជន៍ ហើយ​ច្រើន​ជំនាន់​ចេះ​តែ​អនុវត្ត​បែប​នេះ​ស្ទើរ​តែ​ក្លាយ​ជា​វប្បធម៌​ទៅ​ ហើយ។
បណ្ឌិត ម៉ុងហៃ បាន​បញ្ជាក់​ថា៖ «រឿង​ដែល​ខ្ញុំ​ខឹង និង​ស្អប់​ជាង​គេ ក្នុង​ជីវិត​របស់​ខ្ញុំ គឺ​អ្នក​ដឹក​នាំ​រំលោភ​អំណាច​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ធ្វើ​បាប​គេ។ ខ្ញុំ​តូច​ចិត្ត​បំផុត នៅ​ពេល​មេ​ដឹក​នាំ​ដែល​ជា​អ្នក​ចេះ​ដឹង និយម​ភូត​កុហក​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដើម្បី​កេង​យក​ប្រយោជន៍ បុគ្គល និង​បក្ខពួក»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍