ស្ត្រីម្នាក់និងកូន៣នាក់ត្រូវ ប្តីដេញចេញពីផ្ទះរួចលួច យកស្រីថ្មីមកនៅក្នុងផ្ទះ
ស្ត្រីរងគ្រោះដែលត្រូវប្តីវាយដំនិងដេញចេញពីផ្ទះនោះមាន ឈ្មោះ ចក់ ស្រីគង់ អាយុ៤៤ឆ្នាំ មុខរបរបកសង្គា និងប្តីកំហូចឈ្មោះ សៀក ណាហៀក អាយុ៤៥ឆ្នាំ ជាអ្នកបកបង្គាដូចគ្នា និងកូន៣នាក់ទៀត ស្រីម្នាក់ បុរស២នាក់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យថា កាលពីឆ្នាំ១៩៩០ គាត់បានរៀបការជាមួយប្តីកំហូចជាប្តីប្រពន្ធបានប្រមាណជាង១ឆ្នាំ ស្រាប់តែប្តីកំហូចរបស់គាត់តែងតែផឹកស្រាស្រវឹងមិនលុះពេល រួចវាយដំ និងជេរប្រមាថស្ទើររាល់ថ្ងៃ ដោយពេលនេះគាត់មានកូន១ទៅហើយ ហើយគាត់ចេះតែទ្រាំនឹងការវាយដំច្រំធាក់ជាង២០ឆ្នាំមកនេះ ។ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ប្តីរបស់គាត់បានលួចមានប្រពន្ធចុង និងតែងតែវាយដំគាត់និងកូនៗរបស់គាត់ឲ្យចេញពីផ្ទះមិនឲ្យនៅ ផ្ទះរបស់ខ្លួននោះឡើយ ។ រហូតមកដល់ពេលនេះគាត់និងកូនៗក៏សម្រេចចិត្តចាកចេញពីផ្ទះមក ជួលផ្ទះក្បែរផ្ទះរបស់គាត់ ។
លុះមកដល់ថ្ងៃកើតហេតុខាងលើស្រាប់តែប្តីកំហូចបានយកស្រីថ្មី មកដេកនៅផ្ទះរបស់ខ្លួន ធ្វើឲ្យគាត់ជាប្រពន្ធកើតទុក្ខមិនសុខចិត្តក៏បានប្តឹងទៅសមត្ថ កិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់និងកូនៗ ពីព្រោះការលែងលះប្តីប្រពន្ធរបស់គាត់មិនទាន់ចប់សព្វគ្រប់នោះ ទេ ដោយគ្មានតុលាការណាបានសម្រេចលែងលះដាច់ស្រេចនោះឡើយ ។ ដោយឡែកបុរសជាប្តីអ្នកយកព័ត៌មាននគរវត្តមិនអាចទាក់ទងសួរនាំបាន ទេ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ប្តីប្រពន្ធរបស់ពួកគាត់នេះកាលពីមុនបាននាំគ្នាទៅរកស៊ីនៅ ភូមិអុង សង្កាត់សៀម ក្រុងព្រះសីហនុជាច្រើនឆ្នាំមកហើយ តែដោយការវាយដំរបស់ប្តីកំហូចមកវាយប្រពន្ធឲ្យវិលត្រឡប់មក ផ្ទះវិញដោយមានលេសដើម្បីលួចមានប្រពន្ធចុង ។
ក្រោយមកស្ត្រីរងគ្រោះក៏បានត្រឡប់មកស្រុកកំណើតវិញជាមួយនឹង កូនៗក្នុងភូមិខាងលើ ស្រាប់តែប្តីកំហូចបានតាមមកដេញប្រពន្ធនិងកូនឲ្យចេញពីផ្ទះទៀត ។ រហូតមកដល់ថ្ងៃកើតហេតុប្តីក៏បានយកស្រីថ្មីមកដេកក្នុងផ្ទះ របស់ខ្លួន ធ្វើឲ្យប្រពន្ធកើតទុក្ខមិនសុខក៏ប្តឹងសមត្ថកិច្ចឲ្យជួយ អន្តរាគមន៍ដើម្បីវែកញែករឿងប្តីប្រពន្ធរបស់គាត់ ៕
ប្រភពពីនគរវត្ត
