បើកសវនាការ អតីតចាងហ្វាង កាសែតកម្ពុជាថ្ងៃនេះ ពីបទ «ឆបោក និងចេញសែកស្អុយ»

4/24/2014 0 Comments A+ a-


chequeផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ ៖ អតីតចាងហ្វាង កាសែតកម្ពុជាថ្ងៃនេះ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ត្រូវបាននាំខ្លួន មកកាត់ក្តី សាលាដំបូងរាជធានីភ្នំពេញ ដែលមាន លោក អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះ ដែលការបើកសវនាការ លើលោក ហុង ណារ៉ា អតីតចាងហ្វាង កាសែតកម្ពុជាថ្ងៃនេះ និងជាថៅកែ លក់-ដូរ រថយន្តយីហោ «CAR 52 STATE» ក្រោមការចោទ ប្រកាន់ពីបទ«ឆបោក និង ចេញមូលវប្បទានបត្រ គ្មានសាច់ប្រាក់ ឬ ចេញសែកស្អុយ» ចន្លោះឆ្នាំ ២០១២-១៣ នៅរាជធានីភ្នំពេញ ។
មន្រ្តីតុលាការ បានឲ្យដឹងថា ជនជាប់ចោទ ហុង ណារ៉ា ត្រូវចោទប្រកាន់ពីតំណាង អយ្យការពីបទ «ឆបោកប្រាក់ និងចេញមូលវប្បទានបត្រ គ្មានសាច់ប្រាក់» ជាប់ពាក់ព័ន្ធនឹងករណី ការបញ្ជាទិញរថយន្ត ពីអាមេរិក នៅចន្លោះឆ្នាំ ២០១២ និង២០១៣  ក្រោយពីមានជនរងគ្រោះប្រមាណ ២០នាក់ បានដាក់ពាក្យបណ្តឹង ហើយទាមទារឲ្យតុលាការ កាត់ទោសជននេះទៅតាមផ្លូវច្បាប់ និងទាមទារសំណងរាប់ម៉ឺនដុល្លារ ។
សូមបញ្ជាក់ថា ជននេះ ត្រូវបានកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ហើយត្រូវបាន លោក យូ ប៊ុណ្ណា ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន នៅពន្ធនាគារព្រៃ ស កាលពីថ្ងៃ ទី២ ខែមិថុនា ២០១៣ ៕