Pey Pey Dy ចេញ​វីដេអូ​ឃ្លិប​ប្រតិកម្ម​រឿង ពេជ្រ សោភា ដេញ​ចេញ​ពី​ផ្ទះ

3/28/2014 0 Comments A+ a-

 រំលង​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា Pey Pey Dy ត្រូវ​តារា​ចម្រៀង​ហង្សមាស ពេជ្រ សោភា បណ្តេញ​ឲ្យ​ចុះ​ចេញ​ពី​ផ្ទះ​នោះ ស្រាប់​តែ​ព្រឹក​នេះ សាមី​ខ្លួន បាន​ចេញ​មក​ប្រតិកម្ម​តប​នឹង​បញ្ហា​នេះ។

នៅ ​ក្នុង​ឃ្លិប​វីដេអូ រយៈ​ពេល​ជិត​១០នាទី  តារា Facebook ក្រោយ​មក​ក្លាយ​ជា​អ្នក​ជំនិត​របស់​តារា​ចម្រៀង​ល្បី លោក Pey Pey Dy បាន​តប​ថា មិន​មែន​ជា​ការ​ពិត​ឡើយ​ដែល​ថា លោក ត្រូវ​កញ្ញា ពេជ្រ សោភា បណ្តេញ​ឲ្យ​ចុះ​ចេញ​ពី​ផ្ទះ គឺ​លោក​ខ្លួន​ឯង​ទេ​ដែល​សម្រេច​វេច​បង្វេច​ចុះ​ចេញ​ដោយ​ខ្លួន​ឯង ដោយ​មិន​ទាំង​បាន​ប្រាប់​ម្ចាស់​ផ្ទះ​កញ្ញា ពេជ្រ សោភា ផង។
ចំពោះ ​ដើម​ហេតុ​នៃ​ការ​ចុះ​ចេញ​នេះ  Pey Pey Dy បាន​លើក​ឡើង​ថា​បណ្តាល​មក​ពី​លោក​មាន​ការ​អាក់​អន់​ចិត្ត​ស្រពន់​ចិត្ត ចំពោះ​កញ្ញា ពេជ្រ សោភា ជា​ម្ចាស់​ផ្ទះ ដែល​ម្តង​ហើយ​ម្តង​ទៀត តែង​និយាយ​ដើម​លោក​ពី​ក្រោយ​ខ្នង។ ដោយ​លើក​ឡើង​ពី​សំដី​កញ្ញា ពេជ្រ សោភា លោក Pey Pey Dy និយាយ​ថា តារា​ចម្រៀង​រូប​នេះ និយាយ​ដើម​លោក​ពី​ក្រោយ​ខ្នង​ថា “នៅ​ជ្រក​ក្រោម​ផ្ទះ​គេ កុំ​សំដី​ខ្លាំង​ពេក”។
ដោយ​មាន​ទឹក​ភ្នែក​ដក់​ក្នុង​កែវ​ភ្នែក​ផង Pey Pey Dy បញ្ជាក់​ថា លោក​មិន​អាច​ទទួល​យក​បាន ហើយ​ប្រសិន​បើ​ដឹង​ថា​មាន​រឿង​ដូច្នេះ​កើត​ឡើង លោក ក៏​មិន​ទៅ​នៅ​ជា​មួយ​កញ្ញា ពេជ្រ សោភា តាម​ការ​ហៅ​របស់​កញ្ញា​ដែរ។ ក្រៅ​ពី​នេះ លោក លើក​ឡើង​ថា កញ្ញា ពេជ្រ សោភា ថែម​ទាំង​បាន​ចោទ​លោក​ទៀត​ថា លោក មិន​បាន​គោរព​ស្រឡាញ់​សាច់​ញាតិ​ម្នាក់​របស់​កញ្ញា​ផង​ដែរ។
ចំណុច ​នេះ  Pey Pey Dy តប​ថា​លោក​មិន​គោរព​មែន ប៉ុន្តែ​ដោយ​សារ​សាច់​ញាតិ​ម្នាក់​កញ្ញា ពេជ្រ សោភា ម្នាក់​នោះ មាន​ជាប់​ពាក់​ព័ន្ធ​ករណី​បាត់​បង់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក។ ដូច្នេះ​ហើយ ដោយ​សារ​មាន​រឿង​ដដែល​នេះ ច្រើន​ដង​ពេក ទើប​លោក​ឆ្អែត​សម្រេច​ចិត្ត​វេច​បង្វេច​ចុះ​ចេញ ដោយ​ខ្លួន​ឯង​តែ​ម្តង។
តារា ​ការ​បញ្ជាក់​របស់​តារា Facebook រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា មិន​មែន​ជា​លើក​ទី​១​ដែល​លោក​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត ចំពោះ​ម្ចាស់​ផ្ទះ​កញ្ញា ពេជ្រ សោភា ហើយ​ចង់​ចុះ​ចេញ គឺ​ជា​ពីរ​បី​ដង​មក​ហើយ ក្នុង​នោះ​ប្រសិន​បើ​តារា​ចម្រៀង​រូប​នេះ មិន​យំ​អង្វរ​នោះ​ទេ លោក​ក៏​មិន​នៅ​រហូត​មក​ដល់​ពេល​នេះ​ដែរ។

ក្រោយ ​ការ​ចុះ ​ចេញ​របស់​ Pey Pey Dy កញ្ញា ពេជ្រ សោភា បាន​បង្ហោះ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ពី​ការ​បាក់​បែក​រនេះ ហើយ​កញ្ញា ថែម​ទាំង​បាន​សរសេរ​សារ​ថា កញ្ញា អាណិត​ស្រឡាញ់ Pey Pey Dy ណាស់ និង​ស្នើ​កុំ​ប្រើ​ពាក្យ “បណ្តេញ” ទៀត​លើ​ការ​ចុះ​ផ្សាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីសាមី​ខ្លួន​ខាង​ប្រុស ។ ប៉ុន្តែ​តប​នឹង​បញ្ហា​នេះតារា Facebook រូប​នេះ ថ្លែង​ថា “ខ្ញុំ​អរ​គុណ​ ប៉ុន្តែ​ការ​ដែល​បង​និយាយ​ដើម​ខ្ញុំ​ពី​ក្រោយ​ខ្នង គឺ​វា​ធ្ងន់ធ្ងរ និង​ឃោរ​ឃៅ​ជាង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ទៅ​ទៀត!”។
ពាក់​ព័ន្ធ​ បញ្ហា​ខាង​លើ កញ្ញា ពេជ្រ សោភា ប្រាប់​ Sabay តាម​ទូរសព្ទ​អម្បាញ់មិញ​ថា រវាង​កញ្ញា និង Pey Pey Dy មិមាន​បញ្ហា​អ្វី​ធ្ងន់​ធ្ងរ​ឡើយ ប៉ុន្តែ​ជាមួយ​សាច់​ញាតិ​របស់​កញ្ញា​នោះ កញ្ញា ទទួល​ស្គាល់​ពិត​មែន។ ជាមួយ​សំណើច​ផង សោភា ថ្លែង​ថា “ខ្ញុំ​មិន​ដែល​និយាយ​អី​ជា​មួយ​គេ​ទេ ព្រោះ Dy ឆេវឆាវណាស់ ខ្ញុំ​ដាក់​មួយ​ម៉ាត់​ទៅ គេ​មក​វិញ ១០ ម៉ាត់ ១០០ម៉ាត់​​ហើយ!”។
កញ្ញា បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​ Pey Pey Dy ប្លែក​ក្រោយ​សេព​គប់​មនុស្ស​ម្នាក់ ហើយ​កញ្ញា បាន​និយាយ​ជាមួយ​ម្នាក់​នោះ​ខ្លះ តែ​មិន​ដែល​និយាយ​ជាមួយ Pey Pey Dy ឡើយ។ បន្ថែម​ពី​លើ​នេះ កញ្ញា ពេជ្រ សោភា ទទួល​ស្គាល់​ថា Pey Pey Dy ធ្លាប់​អន់​ចិត្ត​នឹង​ចង់​ចុះ​ចេញ​ម្តង​ពី​រដង​​ ហើយ​កញ្ញា ហៅ​មក​វិញ​មែន ព្រោះ​តែ​កញ្ញា​ស្រលាញ់​ដូច​ជា​ប្អូន។ “ខ្ញុំ​ចេះ​តែ​គិត​ខ្លាច​គេ​ពិបាក បង​ឯង​ដឹង​ហើយ​ ទៅ​រស់​នៅ​តែ​ឯង​មិន​ស្រួល​ទេ ខ្លាច​ជួប​រឿង​នេះ រឿង​នោះ​អីចឹង​ណា​បង!”។ ដោយ​ហៅ​ “ប្អូន” ពេញ​ៗមាត់ផង ពេជ្រ សោភា អះអាង​ថា ស្វាគមន៍ ប្រសិន​បើ Pey Pey Dy ចង់​វិល​វិញ។

នៅ ​មុន​ការ​​ ដាច់​ដោច ចែក​ផ្ទះ​គ្នា​នៅ​នា​ពេល​នេះ ​កញ្ញា ពេជ្រ សោភា Pey Pey Dy ក៏​ជា​ដៃ​គូ​ស្អិត​ល្មួត​មួយ​ក្នុង​ការងារ ដោយ​ក្នុង​អំឡុង​រដូវ​ទឹក​ជំនន់​កន្លង​ទៅ Pey Pey Dy ថែម​ទាំង​បាន​ជួស​មុខ​មួយ​ផ្នែក​ឲ្យ​កញ្ញា ពេជ្រ សោភា អំពាវ​នាវ​រក​ជំនួយ​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទៀត​ផង។ Pey Pey Dy  ថ្លែង​ថា កាល​នៅ​ត្រូវ​គ្នា ឲ្យ​មហាជន​ដឹង ឥឡូវ​បែក​បាក់​គ្នា ក៏​កុំ​ខ្លាច​ដែរ។ លោក សង្កត់​ធ្ងន់​ថា ពេល​នេះ រវាង លោក និង​កញ្ញា ពេជ្រ សោភា ពិត​ជា​មាន​វិវាទ​ជាមួយ​គ្នា​មែន៕
ទស្សនា​វីដអូ ប្រតិកម្ម​របស់ Pey Pey Dy សូម​ចុច​ទី​នេះ…!!!
អត្ថបទ៖ ទារិកា