តម្លៃស្ទាបស្ទង់របស់ Grand Twins ខ្ពស់ជាងរដ្ឋាករទឹក
បទបង្ហាញស្តីពីការបោះផ្សាយមូលបត្រលក់ជាលើកដំបូងរបស់ក្រុមហ៊ុន Grand Twins។ រូបថត ផាលីណា
តម្លៃហ៊ុនក្នុងដំណាក់កាល ប៊ុកបៀលឌីងរបស់ក្រុមហ៊ុន Grand Twins មានចន្លោះពី១,៨៥ ដុល្លារ ទៅ ៣,៥០ ដុល្លារ។ អត្រានេះមានគម្លាតគួរឲ្យកត់សម្គាល់ធៀបនឹងដំណាក់កាលប៊ុក បៀលឌីង ដែលបានដាក់ចេញដោយ PPWSA កាលពីឆ្នាំ ២០១២ ដែលមានចន្លោះពី ១ ដុល្លារ ទៅ ១,៥៧ ដុល្លារក្នុងមួយហ៊ុន។
Grand Twins ជាក្រុមហ៊ុនទីពីរដែលឡើងផ្សារហ៊ុនកម្ពុជា បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)។
កញ្ញា តាន់ សុចាន់ បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅភ្នំពេញដែលបានចូលរួម ក្នុងការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Grand Twins នៅសណ្ឋាគារសូហ្វីតែល កាលពីម្សិលមិញបានឲ្យដឹងថា តម្លៃស្ទាបស្ទង់ថ្លៃមូលបត្រជាសាធារណៈនេះមានគម្លាតឆ្ងាយបើ ប្រៀបធៀបទៅនឹងការធ្វើ ប៊ុកបៀលឌីងរបស់ PPWSA។
បច្ចុប្បន្ន កញ្ញា សុចាន់ មានហ៊ុននៅក្រុមហ៊ុន PPWSA ក្នុងដៃជាង ១ ០០០ ហ៊ុន។ កញ្ញាបានបន្តថា៖ «ខ្ញុំនឹងសាកមើល [ទិញភាគហ៊ុន] ពេលតម្លៃជួញដូរនៅក្នុងផ្សារហ៊ុន»។
ដំណើរការនៃការធ្វើប៊ុកបៀលឌីងនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនាឆ្នាំ ២០១៤ ហើយរំពឹងថា នឹងបិទនៅថ្ងៃទី ២៨ ខែមីនា។ បន្ទាប់ពីទទួលបានតម្លៃមូលបត្រចុងក្រោយនៃការធ្វើប៊ុកបៀល ឌីង ក្រុមហ៊ុននឹងដាក់លក់ហ៊ុនក្នុងដំណាក់កាល បរិវិសកម្ម ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២១ ខែមេសា។
ក្រុមហ៊ុន Grand Twins គ្រោងនឹងលក់មូលបត្រថ្មីចំនួន៨លានមូលបត្រ។
នៅក្នុងបទបង្ហាញកាលពីថ្ងៃម្សិលមិញ វិនិយោគិនជាច្រើនបានលើកឡើងពីបញ្ហាប្រឈមនានា នៅក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជាក្នុងរយៈពេលថ្មីៗនេះផងដែរ។
យ៉ាងណាក៏ដោយ លោក លីវ ចុងទ័រ នាយកប្រតិបត្តិក្រុមហ៊ុន Grand Twins អះអាងថា ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនលោកមានដំណើរការល្អ រហូតមកចាប់តាំងពីមានវត្តមាននៅកម្ពុជា ហើយរយៈកាលកន្លងមកក្រុមហ៊ុនទទួលបានការរីកចម្រើនគួរឲ្យគត់ សម្គាល់ជារៀងរាល់ឆ្នាំ។
លោកបន្តថា Grand Twins កំពុងផ្ដល់ការងារដល់បុគ្គលិកប្រមាណ ៥ ៦០០នាក់។ ជាទូទៅបុគ្គលិកម្នាក់ទទួលប្រាក់ខែជាមធ្យម ២០០ ដុល្លារក្នុងមួយខែនៅពេលបូកបញ្ចូលប្រាក់បន្ថែមម៉ោង និងប្រាក់លើកទឹកចិត្តផ្សេងៗ។
លោកបន្តថា៖ «យើងមិនដែលផ្អាកផលិតកម្មទេ។ យើងមានទំនាក់ទំនងល្អជាមួយបុគ្គលិក។ ទៅថ្ងៃមុខ យើងនឹងសហការគ្នាកាន់តែខ្លាំង»៕
________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍