កាត់​ទោស​ឧកញ៉ា​ម្នាក់​ បើក​រថយន្ត​បំបុក​មនុស្ស ​បី​នាក់​រង​របួស​ធ្ងន់

3/15/2014 0 Comments A+ a-


Victimsភ្នំពេញៈ សាលា ​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី ១៤ មីនា​នេះ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​និង​កាត់​ទោស លោក​ឧកញ៉ា​ យ៉ែម ​កុសល​កំបាំង​មុខ​ជាប់​ពាក់​ព័ន្ធនឹង​ករណី​បើក​រថយន្ត​បំបុក​មនុស្ស​បី​នាក់ ​រង​របួស​ធ្ងន់​ ប្រព្រឹត្ត​នៅ​ក្នុង​ភូមិ​គោក​ឃ្លាង ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាល​ពី​រាត្រី ថ្ងៃ​ទី​​១៦​ខែ​មិថុនា​ឆ្នាំ​២០១៣។
លោក សួស សំអាត អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​ បាន​ឲ្យ​ដឹង​ថា ឈ្មោះ យ៉ែម ​កុសល ភេទ​ប្រុស​អាយុ ៤៥ឆ្នាំ​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ពី​បទ​បើក​រថយន្ត​បំបុក​មនុស្ស​បី​ នាក់​រង​របួស​ធ្ងន់។
លោក​ចៅ​ក្រម សួស សំអាត បាន​បន្ថែម​ថា ជន​ជាប់​ចោទ​ឈ្មោះ យ៉ែម ​កុសល ត្រូវ​បាន​តំណាង​អយ្យ​ការ​ចោទ​ប្រកាន់​ពី​បទ «ឃាត​កម្ម​ប៉ុន​ប៉ង​សម្លាប់​ដោយ​បើក​រថយន្ត​​ដេក​បុក​និង​ធ្វើ​ឲ្យ​ខូច​ខាត​ ដោយ​ចេតនា» តាម​មាត្រា​១៩៩ និង ២១០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បើក​រថយន្ត​ម៉ាក​រ៉ង​ រ៉ូវើ​ពណ៌សរបស់​គាត់ ​បើក​បុក​មនុស្ស​បី​នាក់​គឺ​ ប្ដី​ប្រពន្ធ​ និង​កូន​ស្រី​ម្នាក់​បណ្ដាល​រង​របួស​ធ្ងន់​ធ្ងរ និង​បាន​បើក​បុក​រថ​យន្ត​ជន​រង​គ្រោះ​ឲ្យ​ខូច​ខាត​មួយ​ផ្នែក​ ប្រព្រឹត្ត​នៅ​ក្នុង​ភូមិ​គោក​ឃ្លាង ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ឆ្នាំ​ ២០១៣​នៅ​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​យប់​អាធ្រាត្រ។
អ្នក​ស្រី ​ទេព ​លីហ្សា ជា​ភាគី​ដើម​ចោទ​និង​ជន​រង​គ្រោះ បាន​និយាយ​ថា៖ «លោក​ឧកញ៉ា យ៉ែម ​កុសល បាន​បើក​រថយន្ត​របស់​គាត់​បំបុក​ប្តី​ប្រពន្ធ​និង​កូន​ស្រី​របស់ បណ្តាល​ឲ្យ​របួស យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ ប្តី​របស់​គាត់​ឈ្មោះ ​នី សាត ​ត្រូវ​រង​របួស​បាក់​ជើង​ទាំង​ពីរ​ ឥឡូវ​នេះ បាន​ក្លាយ​ជា​ជន​ពិការ និង​កូនស្រី ឈ្មោះ សាត ​នីតា ​ត្រូវ​របួស​បាក់ក​​ដៃ​ខាង​ស្តាំ និង​វៀច​ក្តោង​ច្រមុះ​ម្ខាង។ ចំណែក​ឯ រូប​គាត់​ត្រូវ​រង​របួស​ត្រង់​ ត្រគាក​ខាង​ក្រោយ​និង​ឆ្នឹង​ខ្នង»។
អ្នកស្រី ​ទេព ​លីហ្សា បាន​បន្ថែម​ថា ក្រុម​គ្រួសារ​អ្នក​ស្រី បាន​ចំណាយ​អស់​ប្រាក់​ចំនួន​ជាង​១ ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ព្យាបាល​របួស​ស្នាម។ អ្នក​ស្រី បាន​សុំ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​លោក​ ឧកញ៉ា យ៉ែម ​កុសល ទៅ​តាម​ច្បាប់​និង ទាម​ទារ​ថ្លៃ​ព្យាបាល​និង​ជម្ងឺ​ចិត្ត​ចំនួន​ ១០​ម៉ឺន​ដុល្លារ​អាមេរិក (១០០,០០០$)។
លោក​ នី គឹមហោ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ឧកញ៉ា​យ៉ែម កុសល បាន​និយាយ​ថា៖ មូល​ហេតុ​ដែល​កូន​ក្តី​របស់​គាត់ បាន​បុក​ជន​រងគ្រោះ​ទាំង​៣​នាក់ នៅ​យប់​កើត​ហេតុ​នោះ​គឺ​ដោយ​សារ​តែ គាត់​បាន​ព្យាយាម​ជិះ​រថយន្ត​រត់​គេច​ពី​ជន​រងគ្រោះ ដែល​បាន​ព្រួត​គ្នា (មាន​កាន់​ដំបង និង​ដប​ស្រា​ផង) ដេញ​តាម​វាយ​កូន​ក្តី​របស់​លោក បណ្តាល​កូន​ក្តី​របស់​គាត់​រេ​ចង្កូត​ឡាន​ពារ និង​បន្ត​ទៅ​បុក​នឹង​រថយន្ត​១ គ្រឿង​ទៀត ដែល​បាន​ចត​នៅ​ក្បែរ​នោះ។
លោកមេធាវី នី គឹមហោ បាន​បញ្ជាក់​ថា នៅ​យប់​កើត​ហេតុ​នោះ​ដែរ មុន​ពេល​កើត​មាន​ព្រឹត្តិ​ការណ៍​បើក​រថយន្ត ប៉ះ​ជន​រងគ្រោះ​ខាង​លើ​នេះ​ឈ្មោះ​ នី សាត បាន​ឈ្មោះ​ជាមួយ ឧកញ៉ា យ៉ែម ​កុសល (ដោយ​សារ​តែ​ខឹង ឧកញ៉ា យ៉ែម ​កុសល និយាយ​ដើម​គាត់​រឿង ជំពាក់​ប្រាក់​មិន​សង) និង​បាន​ដាល់​ ឧកញ៉ា យ៉ែម ​កុសល​ចំនួន​១ដៃ ចំ​ចិញ្ចើម អុក​គូថ ដួល​នឹង​ដី​និង​បណ្តាល​ឲ្យ​គាត់​រង​របួស​បែក​ក្រោម​ចិញ្ចើម​ទំហំ៣ សង់ទីម៉ែត្រ ជាំ​ភ្នែក​ម្នាង និង ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​វៀតណាម ប្រទេស​វៀតណាម អស់​រយៈ​ពេល​១​ខែ​ទៀត​ផង។
លោក​មេធាវី​បាន​បន្ថែម​ថា ចំពោះ​ករណី​ខាង​លើ​នេះ​លោក​ឧកញ៉ា យ៉ែម ​កុសល ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ភាគី​ដើម​បណ្តឹង (ឈ្មោះ នី សាត) ពី​បទ​«ហិង្សា​ដោយ​ចេតនា» ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ និង​ប្តឹង​ឲ្យ​ផ្តន្ទា​ទោស​ឈ្មោះ នី សាត​នេះ​តាម​ច្បាប់​និង​សុំ​ទាម​ទារ​ជម្ងឺ​ចិត្ត​ចំនួន ២ ម៉ឺន​ដុលារ​អាមេរិក (២០,០០០$)។
សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​នេះ​ថ្ងៃទី ៩ ខែ​ មេសា ២០១៤​ខាង​មុខ​នេះ៕